រាជធានីភ្នំពេញ ៖ លោករដ្ឋមន្ត្រីការបរទេសសិង្ហបុរី សានមូហ្គាម ត្រូវបានទទួលស្វាគមន៍ដោយលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង ចូលជួបសំណេះសំណាលពិភាក្សាការងារកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៥ តុលា ២០១១ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ខណៈលោករដ្ឋមន្ត្រីការបរទេសរូបនេះបានមកដល់ប្រទេសកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការមុននេះរយៈពេល២ម៉ោង។
មិនទាន់មានលទ្ធផលថា តើលោករដ្ឋមន្ត្រីការបរទេសទាំង២បានលើកឡើងពីបញ្ហាអ្វី ដើម្បីជជែកគ្នានោះទេ ប៉ុន្តែជាធម្មតានឹងពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងវិស័យផ្សេងៗដែលកំពុងទំនាក់ទំនងល្អនឹងគ្នា។ សូមបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសសិង្ហបុរី លោកសានមូហ្គាម បានមកដល់ និងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៥ តុលា ២០១១នេះ។ តាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា អំឡុងពេលបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅកម្ពុជា លោករដ្ឋមន្រ្តី ការបរទេសសិង្ហបុរីសានមូហ្គាម នឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន និងលោកឧបនាយករដ្ឋមន្រ្តីសុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ហើយនៅមុនពេលចាកចេញពីប្រទេសកម្ពុជានៅវេលាថ្ងៃទី៦ តុលា លោករដ្ឋមន្រ្តីការបរទេសសិង្ហបុរីសានមូហ្គាម នឹងអញ្ជើញទៅទស្សនាសារមន្ទីរជាតិក្នុងរាជធានីភ្នំពេញផងដែរ៕
ចែករំលែកព័តមាននេះ