ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ.ជ.ប រក​ឃើញ​ឈ្មោះ​ខ្មោច​ចំនួន​114.694នាក់​រយៈ​ពេល​30​ថ្ងៃ​នៃការ​ពិនិត្យ​និងចុះ​ឈ្មោះ​បោះ​ឆ្នោត

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោកទេព នីថា អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​​​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប) បានមានប្រសាសន៍​កាល​ពី​ថ្ងៃទី៤ តុលា ឆ្នាំ២០១១ ថា ក្នុងរយៈ​ពេល​៣០ ថ្ងៃ​មានអ្នកចុះឈ្មោះថ្មីចំនួន​៥១៩.៨៣៩​នាក់​លើស​ពីការ​ប៉ាន់ស្មាន​ដែល​មាន​ ចំនួន​​៤៧៦.០៣៧​នាក់ យោងតាមរបាយ​ការណ៍​ដែល គ.ជ.ប ទទួលបានពីឃុំ-សង្កាត់​ចំនួន​១.៦១៦​ ក្នុងចំណោមឃុំ-សង្កាត់​១.៦២១​នៅទូទាំង​ប្រទេស។

រាជធានីភ្នំពេញ ៖ លោកទេព នីថា អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​​​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប) បានមានប្រសាសន៍​កាល​ពី​ថ្ងៃទី៤ តុលា ឆ្នាំ២០១១ ថា ក្នុងរយៈ​ពេល​៣០ ថ្ងៃ​មានអ្នកចុះឈ្មោះថ្មីចំនួន​៥១៩.៨៣៩​នាក់​លើស​ពីការ​ប៉ាន់ស្មាន​ដែល​មាន​ចំនួន​​៤៧៦.០៣៧​នាក់ យោងតាមរបាយ​ការណ៍​ដែល គ.ជ.ប ទទួលបានពីឃុំ-សង្កាត់​ចំនួន​១.៦១៦​ ក្នុងចំណោមឃុំ-សង្កាត់​១.៦២១​នៅទូទាំង​ប្រទេស។

មានឈ្មោះ​ចំនួន​១១៤.៦៩៤​នាក់ ដែល​ត្រូវលុប និងមានឈ្មោះ​ចំនួន​៨១.៦៩៤​នាក់​ត្រូវកែតម្រូវ។ ​លោកទេព នីថា បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​បែប​នេះ​ នៅ​ក្នុងកិច្ច​ប្រជុំ​ជា​មួយ​អង្គការ​មិនមែនរដ្ឋាភិបាល និងតំណាង​គណ​បក្សនយោ​បាយនៅទីស្តីការ គ.ជ.ប ក្រោម​អធិ​បតីភាពលោកមាន សទិ សមា​ជិក គ.ជ.ប។

លោកមាន សទិ បាន​ថ្លែង​ថា គ.ជ.ប នឹង​រៀប​ចំការ​បោះ​ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍សែនជ័យ នៅ​ក្នុងខែធ្នូ ឆ្នាំ២០១១នេះ។ ការ​បោះឆ្នោតនេះ ជា​ការបោះឆ្នោតអសាកល​ដែល​មានតែសមាជិក​ក្រុមប្រឹក្សាសង្កាត់កំពុង​ស្ថិត​នៅក្នុងតួទី​ចំនួន៨៩រូប មានសិទិ្ធ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាខណ្ឌចំនួន១៩រូប និង​មាន​តែគណបក្ស​នយោ​បាយពីរប៉ុណ្ណោះបាន​ឈរ​ឈ្មោះ​សម្រាប់​ការបោះឆ្នោតនេះ។ ការផ្តល់​សុពល​ភាពដល់បញ្ជី​ឈ្មោះ​ក្រុម​ប្រឹក្សា​ខណ្ឌថ្មី​នេះ​នឹងធ្វើឡើងនៅថ្ងៃទី៣០ វិច្ឆិកា ២០១១។

លោកទេព នីថា បានថ្លែងថា មានឃុំ-សង្កាត់​​ចំនួន​៣១៦​រង​ការ​ជន់លិចដោយទឹកជំនន់ ហើយ​មាន​ឃុំ-សង្កាត់ជាង១៥០ ត្រូវបាន​ស្នើសុំ​ឲ្យ​មាន​ការពន្យារពេលក្នុងការៀបចំចុះឈ្មោះ និង​ពិនិត្យ​បញ្ជីឈ្មោះ​បោះឆ្នោត។ គ.ជ.ប កំពុង​តែ​​សិក្សាបន្ថែមលើភាពជាក់ស្តែងនៃឃុំ-សង្កាត់​ទាំង​នោះ និងដាក់ឲ្យ គ.ជ.ប សម្រេចនៅ​សបា្តហ៍​ក្រោយនេះថា តើគួរបន្ថែមរយៈពេល​ចុះ​ឈ្មោះ និងពិនិត្យបញ្ជីឈ្មោះឬ​យ៉ាងណា។

មន្ត្រី គ.ជ.ប បានឲ្យដឹងទៀតថា គិតត្រឹម​ថ្ងៃ​ទី៣ តុលា ឆ្នាំ២០១១ មានឃុំ-សង្កាត់ចំនួន​ជាង​​៣០០​ក្នុងខេត្តចំនួន១៤ត្រូវជន់​លិចដោយ​ទឹក​ជំនន់។ ខេត្តទាំងនោះរួមមាន កំពង់ឆ្នាំង  ៣៣ឃុំ-សង្កាត់ កំពង់ចាម ៥៦ឃុំ-សង្កាត់ កំពត​ ៦​ឃុំ-សង្កាត់ កំពង់ធំ ៧១ឃុំ-សង្កាត់ ក្រចេះ ១៥​ឃុំ-សង្កាត់ កណ្តាល ២១ឃុំ-សង្កាត់ ពោធិ៍​សាត់១២​ ឃុំ-សង្កាត់ ព្រះវិហារ ៣១ឃុំ-សង្កាត់ បន្ទាយ​មាន​ជ័យ ៥ឃុំ-សង្កាត់ តាកែវ ១២ឃុំ-សង្កាត់ សៀម​រាប ៦ឃុំ-សង្កាត់ បាត់​ដំបង​មាន​៤ស្រុក ព្រៃវែង៤ស្រុក និងឧត្តរមានជ័យ ១២​ឃុំ-សង្កាត់។

ដោយឡែកគណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត បានបើកកិច្ចប្រជុំជាមួយតំណាងគណ​បក្សនយោបាយ និងអង្គការមិនមែនរដ្ឋ​ាភិបាល​ស្តីពីការរៀបចំបញ្ជីឈ្មោះបោះឆ្នោត និងការបិទ​ផ្សាយបញ្ជីឈ្មោះ​នៅតាម​សាលា​សង្កាត់-ខណ្ឌ និងប្តឹងតវ៉ា ឬជំទាស់​សម្រាប់​ការបោះឆ្នោត​ជ្រើស​រើសក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍សែនជ័យ។ កិច្ច​ប្រជុំនេះប្រព្រឹត្តទៅ​នៅ​ទីស្តីការ គ.ជ.ប ក្រោម​អធិ​បតីភាព​លោកមាន សទិ ជាសមាជិក គ.ជ.ប ។

មន្ត្រី គ.ជ.ប បន្តថា មានបេក្ខជនចំនួន៧៦​រូប​​ ក្នុង​នោះ​មក​ពីគណបក្សប្រជាជនកម្ពុជា ៣៨​រូប និង​គណ​បក្សសម​រង្ស៊ី៣៨រូប ​ហើយ​គណ​បក្ស​នីមួយៗមានបេក្ខជន​បម្រុង​៣៨រូប​ផ្សេង​ទៀត ដើម្បី​ឈរ​ឈ្មោះក្រុមប្រឹក្សាពោធិ៍សែន​ជ័យ។ គ.ជ.ប បាន​ទទួលបញ្ជីឈ្មោះបេក្ខជន​នៃ​គណបក្សទាំងពីរនេះ​រួចហើយ។

ពោធិ៍សែនជ័យ ជាខណ្ឌថ្មីមួយទៀតរបស់​រាជ​ធានីភ្នំពេញ និងជាខណ្ឌទី៩ ​ដែលទើបតែ​បង្កើត​ឡើងដោយរាជរដ្ឋា​ភិបាលកម្ពុជា។ ខណ្ឌ​នេះ​មានសង្កាត់ចំនួន១៣​និងមានក្រុម​ប្រឹក្សា​សរុប​ចំនួន១៨៩រូបមាន​សិទ្ធិចូលរួមបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាខណ្ឌ​ដែលគ្រោងនឹង​ជ្រើស​រើសចំនួន១៩រូប​។ មានតែគណបក្ស​នយោ​​បាយ​ចំនួនពីរប៉ុណ្ណោះ គឺគណ​បក្ស​ប្រជា​ជន​កម្ពុជា និង​គណបក្សសម​រង្ស៊ី បាន​ឈរ​ឈ្មោះ​​សម្រាប់​ប្រកួតប្រជែងក្នុងការបោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាខណ្ឌនេះ ក្នុង​ចំណោម​គណបក្សជាង៥០​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ហើយ​ការ​បោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅនៅថ្ងៃទី១១ ធ្នូ ឆ្នាំ​២០១១។

ការៀបចំសម្រាប់ការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ខណ្ឌ​ពោធិ៍សែនជ័យនេះ ធ្វើឡើង ខណៈ​ពេល​ដែល គ.ជ.ប កំពុងរៀបចំការចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជីឈ្មោះ​ឆ្នាំ២០១១ ដែល​នឹង​​ត្រូវ​ប្រើ​ប្រាស់សម្រាប់បោះ​ឆ្នោតក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិទី៣ នៅថ្ងៃទី៣ មិថុនា ឆ្នាំ​២០១២ ខាង​មុខ។ ស្របពេលជាមួយគ្នានេះដែរ មន្រ្តី គ.ជ.ប បានឲ្យដឹងថា មានឃុំ-សង្កាត់ចំនួន​១៥០​បានរងការលិចលង់ដោយសារជំនន់ទឹក​ភ្លៀង និង​ទឹកទន្លេ​មេគង្គ ប៉ុន្តែមិនបានប៉ះ​ពាល់​ធ្ងន់ធ្ងរដល់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះ​បោះឆ្នោតទេ។ យោងតាម គ.ជ.ប អះអាងថា មានប្រជាពលរដ្ឋប្រមាណជាង៥១ម៉ឺននាក់បាន​ទៅចុះឈ្មោះ លើសពីការប៉ាន់ស្មាន​ដែលថា មាន​​ប្រមាណ​តែជាង៤៧ម៉ឺននាក់។ ការរៀបចំ​ការ​​ឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់​សម្រាប់​អាណត្តិ​ទី​៣​នេះ រដ្ឋាភិបាល នឹង​បង្កើត​ឃុំ-សង្កាត់បន្ថែម​ចំនួន​១២ទៀត សរុប​មាន១.៦៣៣​ឃុំ-សង្កាត់​នៅ​ទូទាំង​ប្រទេស​កម្ពុជា៕