ខេត្តសៀមរាប ៖ ភូមិសាស្ត្រមួយចំនួនស្ថិតនៅប៉ែកខាងលិច និងខាងកើតស្ទឹង ក្នុងសង្កាត់ចំនួន៤នៃក្រុងទេសចរណ៍ខេត្តសៀមរាប ត្រូវបានគេសង្កេតឃើញជំនន់ទឹកភ្លៀង ហូរច្រាលចេញពីក្នុងដងស្ទឹងបាចហាច ជន់លិចសាជាថ្មីម្តងទៀត នាព្រឹកថ្ងៃទី២៣ កញ្ញា ២០១១ បានបណ្តាលឱ្យបុរសជនជាតិអង់គ្លេសម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារលង់ទឹក។
សាកសពបុរសជនជាតិអង់គ្លេសម្នាក់ដែលបានស្លាប់បាត់បង់ជីវិតនេះត្រូវបានគេសង្ស័យថាបុរសរូបនេះស្រវឹងស្រា ហើយដើរឆ្លងកាត់ទឹកជំនន់ បណ្តាលឱ្យលង់ស្លាប់តែម្តង។ លុះពេលវេលាមព្រឹកឡើងទើបប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកជាប់នៅនឹងស្ពានឈើក្នុងដងស្ទឹងសៀមរាប ក្នុងក្រុមទី១ ភូមិកក្រាញ់ សង្កាត់សៀមរាប ហើយរាយការណ៍ដល់សមត្ថកិច្ចអាជ្ញាធរចុះទៅធ្វើការត្រួតពិនិត្យដល់កន្លែងកើតហេតុភ្លាមៗកាលពីវេលាព្រឹកថ្ងៃទី២៣ កញ្ញា ២០១១នេះ។
តាមការស្រាវជ្រាវអំពីអត្តសញ្ញាណរបស់សមត្ថកិច្ចឱ្យដឹងថា បុរសជាសាកសពដែលគេប្រទះឃើញនេះមានឈ្មោះគី ណាន់ ខេវីនចន ជាជនជាតិអង់គ្លេស ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិតាវៀន សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរជានាយកសាលាភាសាអង់គ្លេស (ស្មាត់ឃីត) ស្ថិតក្នុងក្រុងសៀមរាបខេត្តសៀមាប។
តាមការបញ្ជាក់បំភ្លឺរបស់ស្ត្រីម្នាក់ឈ្មោះលិ ចិន្តា អាយុ២៥ឆ្នាំ អះអាងថា សាកសពបុរសជនជាតិអង់គ្លេសនេះ គឺជាប្តីរបស់ខ្លួនរស់នៅជាមួយគ្នាជិត២ឆ្នាំមកហើយ។ ស្ត្រីរូបនេះបានបន្តទៀតថា មុនពេលកើតហេតុ មិត្តភក្តិរបស់គាត់នាំទៅផឹកស៊ីនៅភោជនីយដ្ឋានក្នុងក្រុង កាលពីវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី២២ កញ្ញា ។ ពេលនេះខ្លួនជាប្រពន្ធក៏បានទៅជាមួយដែរ រហូតដល់វេលាម៉ោង៦យប់ខ្លួនក៏សុំត្រឡប់មកវិញមុន ដោយសារងងុយដេក និងស្រវឹងផង។ តែនៅវេលាម៉ោង២រំលងអធ្រាត្រដោយសារបាត់ប្តី មិនឃើញត្រឡប់មកវិញ នាងក៏ចេញតាមរក ប៉ុន្តែរកមិនឃើញសោះ។ លុះព្រឹកឡើងស្រាប់តែទទួលបានដំណឹងពីការស្លាប់របស់ប្តីតែម្តង៕
ចែករំលែកព័តមាននេះ