ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផលការ​ប្រកួត​ប្រដាល់នៅ​លើរេញ​ទូរទស្សន៍​ស៊ីធីអិន ​ប៉ុស្តិ៍លេខ3​ និងបាយ័ន

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​​ហ៊ុល ​ដារ៉ា ​មកពី​ក្លឹប សាលវ័ន្តកីឡា បាន​សន្លប់ក្រោម​​កណ្តាប់​​​ដៃ​ ធា រិទ្ធី ​មកពី​ក្លឹប​អេភូថងកីឡា​នៅ​ត្រឹមទឹកទី២ ក្នុង​ការ​ប្រកួត​ដណ្តើម​​ខ្សែក្រវាត់​​​ភេសជ្ជៈ​​​ខា​រ៉ាបាវ​ប្រភេទទម្ងន់​៥៤​គីឡូក្រាម ​នៅ​លើ​សង្វៀន​​ CTN កាលពី​រសៀល​​ថ្ងៃសុក្រ ទី១៩ ​សីហា កន្លងមក​ ឯ​អ៊ឹង បូរ៉ា មកពីក្លឹប​សិង្ហ​កីឡាបាន​ធ្វើ​ឱ្យ​រាជសីហ៍​ ​បាបា ​មក​ពីក្លឹបសម្រែក​​រាជសីហ៍

អ៊ឹង បូរ៉ា ​ធ្វើ​ឱ្យ​​រាជសីហ៍ ​បាបា សន្លប់​ក្នុង​ទឹកទី២

រាជធានីភ្នំពេញ ៖ ​​​ហ៊ុល ​ដារ៉ា ​មកពី​ក្លឹប សាលវ័ន្តកីឡា បាន​សន្លប់ក្រោម​​កណ្តាប់​​​ដៃ​ ធា រិទ្ធី ​មកពី​ក្លឹប​អេភូថងកីឡា​នៅ​ត្រឹមទឹកទី២ ក្នុង​ការ​ប្រកួត​ដណ្តើម​​ខ្សែក្រវាត់​​​ភេសជ្ជៈ​​​ខា​រ៉ាបាវ​ប្រភេទទម្ងន់​៥៤​គីឡូក្រាម ​នៅ​លើ​សង្វៀន​​ CTN កាលពី​រសៀល​​ថ្ងៃសុក្រ ទី១៩ ​សីហា កន្លងមក​ ឯ​អ៊ឹង បូរ៉ា មកពីក្លឹប​សិង្ហ​កីឡាបាន​ធ្វើ​ឱ្យ​រាជសីហ៍​ ​បាបា ​មក​ពីក្លឹបសម្រែក​​រាជសីហ៍ ​បង្ក្រាបគ្រឿងញៀនសន្លប់នៅ​ត្រឹមទឹក​ទី២​​​ដូច​គ្នា ។ ហ៊ុល ដារ៉ា ​​ត្រូវ​ធា រិទ្ធី ​ទាត់១​កែង​​​ចំ​កញ្ចឹង.​កនៅក្នុង​ទឹកទី២​​​យ៉ាងធ្ងន់​​ដួលក្រោក​លែង​រួច​​តែ​ម្តង ។ ​​នៅក្នុង​ពូល A ហ៊ុល ដារ៉ា ​ប្រកួត​​បាន​​​៣​លើក​ឈ្នះ​១​ ចាញ់២ មាន​៥ពិន្ទុ ចំណែក​​ធា រិទ្ធី​វិញ ​ប្រកួត​បាន២​លើក​ ឈ្នះ​១ ចាញ់១ ​​​មាន​​៤ ពិន្ទុ ។

អ៊ឹង បូរ៉ា ​ក្លាយ​​ជា​អ្នក​ដែលមាន​ពិន្ទុ​​​នាំ​មុខ​គេ​នៅក្នុងពូល​​ ដោយការប្រកួត​​ទាំង៣​លើក កន្លង​​មកនេះ ​អត់​ដែល​​ចាញ់​ មាន៩​ពិន្ទុ ហើយ​គេនៅ​​សល់១​ប្រកួត​ទៀត ឯសម្រាប់​ការប្រកួត​​លើក​ក្រោយ​នេះ​បើ​ទោះ​បីជាចាញ់ ឬឈ្នះ​ក៏គេ​មិន​ ខ្វល់​​ដែរ ។ ​ចំណែកគូប្រកួត​​មិត្ត​ភាព​​ ម៉ន វីរៈ មកពីក្លឹប​​ព្រែក​​​ឯង​កីឡា ​ប្រកួត​ឈ្នះពិន្ទុ​​ពេជ្រ សាម៉ុន មកពីក្លឹប​វី​អាយភី ចំការ​មន ​។ រីឯការ​ប្រកួត​រវាងសេរី​​ រតនា ​និងវង្ស គង់​រាជ មកពី​ក្លឹបបុរី​​នាគរាជ ដោយសារ​តែ​​មានបញ្ហា​​បន្តិច​បន្តួច​​នៅ​ពេលប្រកួត ​​អាជ្ញា​កណ្តាលក៏​​សម្រេច​ផ្អាក​ការ​ប្រកួត​សិន ដោយ​លើក​ពេលទៅលើកក្រោយ​វិញ ។

SHEY MON ឈ្នះ​នាង​សំរាំង​ដោយពិន្ទុ​​នៅ​ទឹក​ទី២

​ចំពោះ​​លទ្ធផល​​នៃ​ការ​ប្រកួត​ដណ្តើម​​ខ្សែ​ក្រវាត់​​​ស្រាហ្គោល​រីជេន ​​វគ្គ​ជម្រុះ​​នៅ​លើសង្វៀន​​​​ស្ថានីយទូរ​ទស្សន៍ប៉ុសិ៍្ត​លេខ៣ ក្នុង​​ប្រភេទ​ទម្ងន់​​៦៥​គីឡូក្រាម ​កាលពី​ថ្ងៃ​សៅ​រ៍ ទី២០ ​សីហា SHEY MON ជនជាតិ​ប្រេស៊ីល ​​មាន​ឱ​កាស​​បាន​ឡើង​ទៅប្រកួត​​នៅវគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និងផ្តាច់​ព្រ័ត្រជា​​បន្ត​ទៀត ​បន្ទាប់​ពីបាន​យកឈ្នះ​​ហេង សំរាំង ​មកពី​​ក្លឹបព្រៃ​ទទឹង​​​ដោយ​ពិន្ទុ ។​ SHEY MON ​ដែល​ធ្លាប់​​មាន​ប្រវត្តិ​​ខ្លាំង​នៅ​​កម្ពុជាពីមុន​មកនោះ​លើកនេះ គេបាន​បន្តប្រើ​ស្នៀត​កណ្តាប់​​ដៃ​វាយ​​​យកឈ្នះ​ហេង សំរាំង ​​​យ៉ាង​ងាយ​​បំផុត ​ចាប់​តាំង​ពី​ទឹកទី១ ​មកម្ល៉េះ ។ សំរាំង​​ បង្កើន​ការ​វាយ​លុក​ទៅ​លើ SHEY MON បាន​តែ​២ទឹក​​ប៉ុណ្ណោះ  គឺ​នៅ​​ទឹកទី៤ និងទី៥ ប៉ុន្តែ​សម្រាប់​២​ទឹក​​​ចុង​ក្រោយ​​ដែល​សំរាំង​​មានប្រៀប​​លើ SHEY MON ​ក៏​មិន​អាច​សង្គ្រោះ​ការ​​បរា​ជ័យ​របស់​​គេ​បាន​ឡើយ ។

​ពេជ្រ សីហា ​មកពីក្លឹប​​​ប្រដាល់​​ក្រសួង​​ការ​ពារ​ជាតិ និង​ឡុង​ សុភី ​​មកពីក្លឹប​សាល​វ័ន្តកីឡា ​​មាន​ឱកាស​បានឡើង​ទៅ​ធ្វើ​ការ​ប្រកួត​នៅ​វគ្គ​​ពាក់​កណ្តាល​​ផ្តាច់ព្រ័ត្រ និងផ្តាច់​ព្រ័ត្រ​​ជា​បន្ត​ទៀត បន្ទាប់ពី​​​យកឈ្នះ​គូ​ប្រកួត​​​រៀងៗ​ខ្លួន ។ ​សីហា បានប្រើ​ស្នៀត​​ជើង​ទាត់​​យ៉ាងពេញ​​ទំហឹង​​​ចំ​កំភួនដៃ​ខាង​ឆ្វេង​​របស់​កីឡាករ ANVA ជន​ជាតិ​អ៊ូស បេគី​​ឱ្យមាន​របួសយ៉ាង​​ធ្ងន់​រហូត​ដល់​​ថ្នាក់​​​​ប្រកួត​លែង​កើត ។ ចំណែក​​ឡុង សុភី ​យក​ឈ្នះ ABASS AMADI ​ជន​ជាតិ​អ៊ីរ៉ង់​​​ដោយ​ពិន្ទុ ។​ ពេជ្រ សីហា នឹង​ត្រូវ​ឡើង​ទៅ​​ជួប​​កីឡា​ករ LEOARDO Monteiro Silva ប្រេស៊ីល​ រីឯ​ឡុង សុភី ត្រូវ​​ជួប SHEY MON។

ចំណែក​ប្រកួត​មិត្តភាព​វិញ​ មៀច សុខរ៉ា មកពី​ក្លឹប​តាព្រហ្ម​មានជ័យ ​យកឈ្នះ​សិង្ហ សាវ៉ន មកពី​ក្លឹប​សិង្ហ​កីឡាដោយពិន្ទុ ។ ឯ​​​​ការ​​ប្រកួត​សាកល​អាជីព​ដណ្តើម​ខ្សែក្រវាត់​​​ក្នុង​ប្រភេទ​ទម្ងន់​៦៥គីឡូ​ក្រាម​​​ ផល សុផាត មកពីក្លឹបកង​រាជ​អាវុធ​​​ហត្ថ​​រាជធានីភ្នំពេញ​​​ បាន​យកឈ្នះ​​ភុំ សារ៉ាយ ​មក​ពីក្លឹប​អាជ្ញាធរ​ជាតិ​អាវុធ​គីមីដោយ​ពិន្ទុ​​ធ្វើ​ឱ្យភុំ​ សារ៉ាយ ​ត្រូវ​ហាលខោ​​នៅត្រឹម​​វគ្គ​នេះ​បាត់បង់​ឱកាស​​ក្នុងការ​ឡើង​​ទៅ​ប្រកួត​នៅវគ្គ​​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​​​ជាបន្តទៀត​​ទាល់តែ​បាន ។

កន ចន្ថា ​ឈ្នះ​ពិន្ទុ​ម៉ាប់ ឆៃ​យ៉ា​ តែ​រង​ការ​​រិះគន់

សេក គឹមផាន ​មកពីក្លឹប​​​សឹករង​​ខេត្ត​សៀម​រាប​ យកឈ្នះ​ពិន្ទុ ​សូយ ភិរម្យ ​​មកពីក្លឹប​អូដឹម​​កីឡាទាំង​វេទនា​ក្នុងការ​ប្រកួត​នៅ​លើ​សង្វៀន​ស្ថានីយ​ទូរទស្សន៍​​បាយ័ន​នាថ្ងៃសៅរ៍ ទី២០ សីហា ​នោះដែរ ។ ​គូនេះ​ មាន​ផ្លែកែង​ និង​ជង្គង់​​ល្អដូចគ្នា ​ហើយចាប់​ពី​ទឹកទី១ ​ដល់ទឹកទី៣ ទាំង​សង​ខាង​បាន​បង្ហាញ​​សមត្ថ​ភាព​រៀងៗ​ខ្លួន​វាយ​សម្រុក​មិនដកថយ ។ ភិរម្យ ​ចាញ់​កម្លាំងគឹម​ ផាន បន្តិច​នៅទឹក​ទី៤ និង​ទី៥ ​ប៉ុន្តែ​គឹមផាន ក៏​ត្រូវ​ភិរម្យ ទាត់​សន្ធាប់​មិន​​ប្រណី​​នៅចុង​ទឹកទី៥ ​តែ​ទីបំផុតនៅ​តែ​មិន​អាច​ទៅរួច ។

​កន ចន្ថា មកពីក្លឹប​​អាជ្ញាធរ​ជាតិអាវុធ​គីមី ​​យកឈ្នះម៉ាប់ ឆៃយ៉ា ​មកពីក្លឹប​បក្សី​ស្លាបដែក ដោយ​ពិន្ទុទាំង​​រង​ការ​រិះគន់​ពីអ្នក​ទស្សនា ។ ​​ចន្ថា ត្រូវ​បាន​គេ​មើល​ឃើញថា ​មានចេតនា​​មិនល្អ​ក្នុ​ង​ទឹកទី៣ ដោយសារតែការវាយចេញ​​មិន​អស់​​ពី​សមត្ថ​ភាព​​ ប៉ុន្តែ​ក្រោយពី​ការព្រមាន​​របស់អាជ្ញា​កណ្តាល​រួចមក ធ្វើ​ឱ្យ​ស្ថានភាព​ប្រកួត​បានល្អ ប្រសើរ​ដូចធម្មតាឡើងវិញ ។ ឆៃយ៉ា ព្យា​យាម​​ស្តារ​ស្ថានភាព​​មិនល្អ​​នៅទឹកទី៤ ​និងទី៥ តែទី បំផុត​​​នៅតែ​មិនអាចគេច​​ផុតពីការ​បរាជ័យ​​បាន​ឡើយ ។ សួង សុវណ្ណថា មកពីក្លឹបកីឡា​ប្រដាល់​ក្រសួង​​​ការពារជាតិ ប្រកួត​​ចាញ់ពិន្ទុ ​ផាន់ គ្រាន់​​​មកពីក្លឹប​​គជសារកីឡា ។ ​នឿន ​សាវឌី មកពី​ក្លឹប អេភូថង ឈ្នះពិន្ទុ​​យ៉ាម ​ផានិត មកពីក្លឹប​រស្មី​កុមារកំព្រា ៕