សិង្ហបុរី ៖ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាបណ្តាញទំនាក់ទំនង និងការប្រើប្រាស់យន្តការដែលមានស្រាប់ ស្របតាមច្បាប់អន្តរជាតិ ដើម្បីដោះស្រាយជម្លោះកម្ពុជា-ថៃ តាមមធ្យោបាយការទូត និងគោរពច្បាប់អន្តរជាតិ ដោយចៀសវាងសកម្មភាពដែលអាចធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ។
ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចសម្ភាសន៍រួមជាមួយអ្នកសារព័ត៌មានកោះសន្តិភាពនិងក្រុមអ្នកសារព័ត៌មាន នៅក្រៅវេទិកាសប្តាហ៍ថាមពលអន្តរជាតិ (Singapore International Energy Week 2026) នាប្រទេសសិង្ហបុរី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។
ឆ្លើយតបនឹងសំណួររបស់កោះសន្តិភាពអំពីផលប៉ះពាល់នៃជម្លោះកម្ពុជា-ថៃ ចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន ឯកឧត្តមបានលើកឡើងថា បញ្ហារវាងប្រទេសទាំងពីរបានជះឥទ្ធិពលដល់ដំណើរការកិច្ចប្រជុំមួយចំនួន ប៉ុន្តែអ្វីដែលសំខាន់គឺការរក្សាទំនាក់ទំនង និងការបន្តចូលរួមដោះស្រាយបញ្ហា។
ឯកឧត្តមបានសម្តែងក្តីសង្ឃឹមថា កម្ពុជា និងថៃ នឹងប្រើប្រាស់ប្រាជ្ញា និងយន្តការដែលមាន ទាំងក្របខណ្ឌទ្វេភាគី និងក្របខណ្ឌពាក់ព័ន្ធផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់។
លោកក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ានឆ្នាំ២០២៦ គឺប្រទេសហ្វីលីពីន ក្នុងការគាំទ្រកិច្ចសន្ទនា និងការស្វែងរកដំណោះស្រាយរវាងប្រទេសសមាជិកទាំងពីរ។
តាមការពន្យល់របស់ឯកឧត្តម ការរក្សាបណ្តាញទំនាក់ទំនងឱ្យនៅបើកចំហ ការអត់ធ្មត់ឱ្យបានអតិបរមា និងការមិនធ្វើសកម្មភាពដែលអាចបង្កឱ្យមានការកើនឡើងនៃភាពតានតឹង គឺជាកត្តាសំខាន់ក្នុងការគ្រប់គ្រងស្ថានការណ៍។
ឯកឧត្តមបានបញ្ជាក់ផងដែរថា ប្រទេសទាំងពីរគួរដោះស្រាយបញ្ហាតាមមធ្យោបាយការទូត និងគោរពច្បាប់អន្តរជាតិ ដោយផ្តល់សារៈសំខាន់ដល់ការការពារប្រជាជន និងសន្តិភាពក្នុងតំបន់។
ទោះជាយ៉ាងណា អគ្គលេខាធិការអាស៊ានមិនរំពឹងថា ជម្លោះនេះនឹងអាចដោះស្រាយបានភ្លាមៗនោះឡើយ។ លោកសង្ឃឹមថា ភាគីទាំងពីរនឹងបន្តការខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ហើយកាន់តែឆាប់កាន់តែល្អ។
គួរបញ្ជាក់ថា កិច្ចសម្ភាសន៍នេះធ្វើឡើងនៅពេលអាស៊ានកំពុងពិភាក្សាអំពីការពង្រឹងសន្តិសុខថាមពល និងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ដែលតម្រូវឱ្យមានទំនុកចិត្ត និងការសម្របសម្រួលជាបន្តបន្ទាប់រវាងប្រទេសសមាជិក៕


ចែករំលែកព័តមាននេះ