ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាដ​ការី ហ៊ុន ប៉ែន អំពាវនាវ​​រួមគ្នាលើកតម្កើង «ស្បៃខ្មែរ» និងពន្យល់អត្ថន័យដ៏ជ្រាលជ្រៅ​

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នាដ​ការី អ្នក​ដំឡើង​​របាំ និង​ជា​គ្រូរបាំ​បុរាណ និង​របាំ​សហ​សម័យ ​អ្នកស្រី ហ៊ុន ប៉ែន បាន​អំពាវនាវ​ដល់​អ្នកសិល្បៈ និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​ចូលរួម​ផ្សព្វផ្សាយ និង​លើកតម្កើង​ស្បៃ​និង​សិល្បៈ​ខ្មែរ​របស់​យើង ក្នុង​ពេល​ដែល​សម្លៀក​បំពាក់​ស្បៃ​ខ្មែរ​កំពុង​តែ​ត្រូវ​បាន​ប្រទេស​ជិតខាង​មួយ​អះអាង​ពី​ភាព​ជា​ម្ចាស់​របស់​ជាតិ​សាសន៍​គេ ។

ជាមួយនឹង​ការ​អំពាវនាវ​ខាងលើ​នេះ នាដ​ការី​រូប​នេះ​បាន​ក៏​ចែករំលែក​ពី​ខ្លឹមសារ និង​អត្ថន័យ ស្បៃ​ខ្មែរ ក្នុង​របាំ​មណី​មេខលា ផង​ដែរ ។

តាម​រយះ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម នាដ​ការី ហ៊ុន ប៉ែន បាន​លើក​ឡើង​ថា សូម​ប្រជាជន​កម្ពុជា​ទាំងអស់ អ្នករបាំ អ្នកភ្លេង អ្នកចម្រៀង អ្នក​តម្បាញ អ្នក​ប៉ាក់​ស្បៃ អ្នក​រចនា​សម្លៀក​បំពាក់ អ្នក​ស្រាវជ្រាវ អ្នក​អប់រំ និង​សិល្បករ សិល្ប​ការិនី​គ្រប់​ជំនាញ ចូលរួម​ផ្សព្វផ្សាយ និង​លើកតម្កើង​ស្បៃ​និង​សិល្បៈ​ខ្មែរ​របស់​យើង​។

ស្បៃ មិនមែន​គ្រាន់តែ​ជា​គ្រឿង​តុបតែង​សម្លៀក​បំពាក់​ស្ត្រី​ខ្មែរ​ឡើយ​។ ក្នុង​បរិបទ​សិល្បៈ និង​វប្បធម៌​ខ្មែរ ស្បៃ​គឺជា វត្ថុ​វប្បធម៌​ដែល​ផ្ទុក​ការ​ចង​ចាំ និង​ជា​ផ្នែក​មួយ​នៃ​ភាសា​ដែល​ភ្ជាប់រាង​កាយ អត្តសញ្ញាណ ព្រលឹង ជំនឿ ពិធីការ និង​មរតក នៃ​អារ្យធម៌​ខ្មែរ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​។ តាំងពី​សម័យ​នគរ​ភ្នំ​មក ស្បៃ​ចាក់​ឫសគល់​នៅ​ក្នុង​ជីវិត​សង្គម សិល្បៈ របាំ និង​ពិធីការ​ខ្មែរ​។ «​ព្រះថោង តោង​ស្បៃ​នាងនាគ» ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ខ្មែរ គឺជា​និមិត្តរូប​ដ៏​សំខាន់ ដែល​ធ្វើ​ឱ្យ​ស្បៃ​លើស​ពី​វត្ថុ​សម្រាប់​ពាក់ ហើយ​ក្លាយជា​និមិត្តសញ្ញា​នៃ​ទំនាក់ទំនង​រវាង​មនុស្ស សង្គម និង​ការ​ចង​ចាំ​អំពី​ប្រភព​ដើម ។

នៅ​ក្នុង របាំ​មុនី​មេខលា ស្បៃ​មាន​តួនាទី​សំខាន់​ក្នុង​ការ​បង្កើត​អត្តសញ្ញាណ​របស់​តួអង្គ​។ តាម​រយៈ​ពណ៌ ទម្រង់ ក្បាច់រចនា និង​ចលនា ស្បៃ​ចូលរួម​បង្កើត​សោភ័ណ​ភាព កំណត់​អត្តសញ្ញាណ​របស់​តួអង្គ និង​ធ្វើ​ឱ្យ «ភាព​ជា​ខ្មែរ» អាច​មើលឃើញ​នៅ​លើ​ឆាក​។ ក្នុង​ន័យ​នេះ ស្បៃ​ខ្មែរ​គឺជា វត្ថុ​សិល្បៈ និង​និមិត្តសញ្ញា​វប្បធម៌ ដែល​បង្កើត​ជា​អត្តសញ្ញាណ​របស់​តួអង្គ និង​ជា​ផ្នែក​មួយ​នៃ​ភាសា​របស់​រាង​កាយ​ខ្មែរ ដែល​បន្ត​នាំ​យក​ការ​ចង​ចាំ​របស់​អារ្យធម៌​របស់​ខ្លួន មក​រស់នៅ​លើ​ឆាក នៅ​ក្នុង​របាំ ។

ស្បៃ​ខ្មែរ បាន​ក្លាយជា​ចំណុចប្រសព្វ​រវាង វត្ថុ​វប្បធម៌ និង អត្តសញ្ញាណ​វប្បធម៌ ដែល​ផ្ទុក​នៅ​ការ​ចង​ចាំ ហើយ​រស់នៅ តាម​រយៈ​ការ​ប្រើប្រាស់​ក្នុង​ជីវិត​សង្គម ពិធីការ និង​សិល្បៈ ដែល​ត្រូវ​បាន​ប្រើប្រាស់ និង​បន្ត​បញ្ជូន​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​។​នៅ​ពេល​វា​ចូល​ទៅ​ក្នុង​របាំ វា​ជា​វត្ថុ​ដែល​មិន​ត្រឹមតែ​ប្រាប់​ថា «យើង​ជា​នរណា» ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​ឱ្យ​សង្គម​ខ្មែរ បន្ត​បង្ហាញ​ថា យើង​ជា​នរណា តាម​រយៈ​សិល្បៈ​។

អ្នកស្រី​បាន​បន្ថែម​ថា ក្នុង​របាំ​មណី​មេខលា ស្បៃ​មាន​តួនាទី​ក្នុង​ការ​កំណត់ អត្តសញ្ញាណ ឋានៈ និង​សោភ័ណ​ភាព​របស់​តួអង្គ តាម​រយៈ​ពណ៌​ស្បៃ ទម្រង់ និង​ក្បាច់​ដ៏​ប្រណី​ត​របស់​ស្បៃ​។ ន័យ​របស់​វា​កើតឡើង​តាម​រយៈ​ទំនាក់ទំនង​រវាង ស្បៃ រាង​កាយ ចលនា តួអង្គ ព្រលឹង និង​តន្ត្រី​។ វា​ជា​ចំណុចប្រសព្វ​រវាង មរតក​វប្បធម៌ សម្លៀក​បំពាក់ និមិត្តសញ្ញា និង​ភាសា​របាំ ដែល​ធ្វើ​ឱ្យ​រូបភាព​របស់​មេខលា​នៅ​ក្នុង​របាំ​មាន​អត្តសញ្ញាណ​ជាក់លាក់​ក្នុង​សោភ័ណ​ភាព​ខ្មែរ ។

សម្រាប់​មេខលា​ជា​ទេវតា​នៃ​ទឹក ត្រូវ​បាន​បង្ហាញ​តាម​រយៈ​ស្បៃ​ដ៏​ប្រណីត​ដែល​មាន​ពណ៌​ទឹកសមុទ្រ នៅ​ផ្នែក​ខាងលើ និង​ក្រហម នៅ​ផ្នែក​ខាងក្រោម គឺជា​ការ​បង្កើត​សោភ័ណ​ភាព​ដែល​បង្កើត​ន័យ​តាម​រយៈ​ទំនាក់ទំនង​រវាង​ពណ៌ និង​អត្តសញ្ញាណ​របស់​តួអង្គ​។

ក្នុង​វប្បធម៌​ខ្មែរ ពណ៌​ខៀវ ឬ​ពណ៌​ទឹកសមុទ្រ នៅ​ផ្នែក​ខាងលើ​នៃ​ស្បៃ តំណាង​អោយ​ភាព​ត្រជាក់ត្រជុំ សេចក្តីសុខ​សាន្ត បញ្ញា និង​ភាព​ខ្ពង់ខ្ពស់​។ ចំណែកឯ ពណ៌​ក្រហម នៅ​ផ្នែក​ខាងក្រោម​នៃ​ស្បៃ បញ្ចេញ​នូវ​ថាមពល​នៃ វិ​រ​ភាព ភាព​ក្លាហាន សំណាង និង​សក្តិ​សិទ្ធិ​។ ដូច្នេះ ការ​រួម​បញ្ចូល​ពណ៌​ទាំង​ពីរ មិនមែន​គ្រាន់តែ​ជា​ការ​រៀបចំ​ពណ៌​ឱ្យ​ស្រស់​ស្អាត​ឡើយ ប៉ុន្តែ​ជា​ការ​បង្កើត​ព្រលឹង​និង​ការ​សន្ទនា​រវាង​ភាព​ស្ងប់ និង​ថាមពល រវាង​ទឹក និង​ភ្លើង រវាង​ភាព​ទន់ភ្លន់ និង​ភាព​អង់អាច នៅ​លើ​រាង​កាយ​របស់​ទេពធីតា​។

អ្នកស្រី​បញ្ជាក់​ថា «​ស្បៃ មិន​ត្រឹមតែ​ត្រូវ​បាន​ពាក់ ស្បៃ​ត្រូវ​បាន​រាំ វា​រាំ​ជាមួយ​រាង​កាយ រាំ​ជាមួយ​ព្រលឹង និង​រាំ​ជាមួយ​ការ​ចង​ចាំ​របស់​អារ្យធម៌​។ ស្បៃ គឺជា​អារ្យធម៌​ដែល​រាំ​យ៉ាង​រស់​រវើក និង​ជា​អត្តសញ្ញាណ​ដែល​មាន​ចលនា​។ ស្បៃ​រាំ​!» ៕