មិនរំពឹងចំណេញ! ឆឹម សក្កដា ចំណាយប្រាក់ផលិតភាពយន្ត ព្រោះហេតុផលមួយចំនួន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាសម្តែង លោកឆឹម សក្កដា បានប្រកាសបោះទុនផ្ទាល់ខ្លួន ផលិតភាពយន្តខ្នាតធំនៅចុងឆ្នាំនេះ ។ លោកមានគោលបំណង សំខាន់ៗមួយចំនួនចំពោះការផលិតនេះ ។
កាលពីពេលថ្មីៗកន្លងមក លោកឆឹម សក្កដា ឱ្យដឹងថា «គោលដៅចុងឆ្នាំនេះ គឺបោះទុនផលិតភាពយន្តខ្នាតធំ ដោយមិនរំពឹងពីផលចំណេញ ព្រោះចង់លើកស្ទួយសិល្បៈវប្បធម៌ ក្បាច់គុនបុរាណ យ័ន្តខ្មែរ ជាដើម ដែលចូលរួមសម្ដែងដោយកំពូលតារាល្បីៗនៅប្រទេសកម្ពុជាយើង ។
គេប្រើតួល្បីៗរបស់គេមកលួចវប្បធម៌យើង យើងក៏ហ៊ានអញ្ជើញតួល្បីៗយើង ការពារអភិរក្ស និងផ្សព្វផ្សាយឱ្យពិភពលោកដឹងថា នរណាជាម្ចាស់ពិតប្រាកដដែរ ខ្សែភាពយន្តបុរាណប្រភេទ Action រឿងនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ។
បងប្អូន បើស្រលាញ់សិល្បៈវប្បធម៌ របាំបុរាណយើង ត្រូវជ្រោមជ្រែងការពារ និងលើកតម្កើងឡើង កុំទាល់តែគេយកបាត់អស់ទើបយើងឆ្លេឆ្លា បើយើងមិនជួយគាំទ្រលើកស្ទួយផ្សព្វផ្សាយឱ្យខ្លាំងទេ ពួកចោរនឹងលួចអស់ សិល្បៈ វប្បធម៌ ជាដួងព្រលឹងជាតិ គាំទ្រសិល្បៈបុរាណ គឺជួយការពារដួងព្រលឹងជាតិ» ។
តាមរយៈរូបភាពដែលលោកឆឹម សក្កដា បង្ហោះលើបណ្តាញសង្គមនោះ តារាដែលចូលរួមសម្តែង មានដូចជា តារាចម្រៀងពេជ្រ សោភា អ្នកនាងចន ច័ន្ទលក្ខិណា លោកលឹម ជាឡាយ កញ្ញាសុធីតា ប៊ូគីមថេង ពេជ្រ ចរណៃ កញ្ញា យ៉ែម ស្រីពេជ្រ ជាដើម ៕




ចែករំលែកព័តមាននេះ