រាជធានីភ្នំពេញ ៖ កុំខ្លាចប៉ូលិសចរាចរណ៍ កុំខ្លាចការផាកពិន័យ ៦ម៉ឺនរៀល ប៉ុន្តែអ្វីដែលគួរខ្លាចជាងគេ គឺគ្រោះថ្នាក់ដែលអាចឆក់យកជីវិតក្នុងមួយប៉ប្រិចភ្នែក ។ ព្រោះលុយ ៦ម៉ឺនរៀលអាចរកមកវិញបាន ប៉ុន្តែជីវិតមនុស្សម្នាក់បើបាត់បង់ហើយ គ្មានប្រាក់ប៉ុន្មានក៏មិនអាចទិញត្រឡប់មកវិញបានឡើយ ។ សារនេះកាន់តែគួរឱ្យចាប់អារម្មណ៍ បន្ទាប់ពីថ្នាក់ដឹកនាំនគរបាលជាតិបង្ហាញទិន្នន័យប្រៀបធៀបអំពីគ្រោះថ្នាក់ចរាចរណ៍ ក្រោយការរឹតបន្តឹងការអនុវត្តច្បាប់ត្រូវបានចាប់ផ្តើមឡើងវិញ ។

តាមរយៈវេទិកាអ្នកនាំពាក្យ ដែលផ្សព្វផ្សាយលើទំព័រផ្លូវការរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា ការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍បានបង្ហាញលទ្ធផលវិជ្ជមាន បើប្រៀបធៀបទិន្នន័យ ៣ថ្ងៃដើមខែសីហា និង៣ថ្ងៃដើមខែកញ្ញា ឆ្នាំ២០២៦ ។

បើតាមឧត្ដមសេនីយ៍ឯក ចេវ ហាក់ ក្នុងរយៈពេល ៣ថ្ងៃដើមខែសីហា ដែលការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ត្រូវបានផ្អាកជាបណ្ដោះអាសន្ន គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានឆក់យកជីវិតមនុស្ស ១៨នាក់ ។ ប៉ុន្តែសម្រាប់រយៈពេល៣ថ្ងៃ ដើមខែកញ្ញា ក្រោយចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ឡើងវិញ ចំនួនអ្នកស្លា.ប់មានត្រឹម២នាក់ ប៉ុណ្ណោះ ។ នោះមានន័យថា ចំនួនអ្នកស្លា.ប់ក្នុងរយៈពេលប្រៀបធៀបដូចគ្នា ថយចុះ១៦នាក់ ឬជិត៨៩% ។ ទន្ទឹមនឹងនេះ ចំនួនគ្រោះថ្នាក់ និងអ្នករងរបួសក៏បានថយចុះផងដែរ។

ឧត្ដមសេនីយ៍ឯក ចេវ ហាក់ បានចាត់ទុកការថយចុះនេះថា ជាលទ្ធផលវិជ្ជមានដែលកើតមានស្របពេលការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ត្រូវបានចាប់ផ្តើមឡើងវិញ ។
គួរបញ្ជាក់ថា សោកនាដកម្មតាមដងផ្លូវត្រូវបានចាត់ទុកជាបញ្ហាគួរឱ្យព្រួយបារម្ភ ដោយក្នុងខែសីហា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងសរុប ២០៨ករណី នៅទូទាំងប្រទេស បណ្ដាលឱ្យមនុស្ស១៣០នាក់ស្លា.ប់ និង ២៥១នាក់រងរបួសធ្ងន់-ស្រាល ។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ មូលហេតុចម្បងនៃគ្រោះថ្នាក់ រួមមានការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព បើកបរមិនប្រកាន់ស្តាំ វ៉ាជែង បត់មិនប្រុងប្រយ័ត្ន បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង មិនគោរពសញ្ញាចរាចរណ៍ និងកត្តាពាក់ព័ន្ធនឹងយានយន្ត ។
គិតសរុបក្នុងរយៈពេល៨ខែដំបូង នៃឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍បានបណ្ដាលឱ្យមនុស្ស ១.០៤៧នាក់ស្លា.ប់ និង ២.៤៤០នាក់រងរបួសធ្ងន់-ស្រាល ។ ក្នុងចំណោមមូលហេតុទាំងនោះ ការបើកបរលើសល្បឿនកំណត់នៅតែជាកត្តាឈានមុខគេ ខណៈការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងក៏ជាកត្តាគ្រោះថ្នាក់មួយដែរ ។

គួរកត់សម្គាល់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពតាមសំណើរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឱ្យនគរបាលចរាចរណ៍ចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ។ ការរឹតបន្តឹងត្រូវបានចាប់ផ្តើមជាអាទិភាពនៅតំបន់ដែលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើន រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង ។
សមត្ថកិច្ចផ្តោតលើបទល្មើសដែលមានហានិភ័យបង្កគ្រោះថ្នាក់ ដូចជា ការបើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង មិនគោរពសិទ្ធិអាទិភាព និងភ្លើងសញ្ញាចរាចរណ៍ ព្រមទាំងការដឹកទំនិញសំពីងសំពោង ជាដើម ។ ដូច្នេះ ការរឹតបន្តឹងច្បាប់មិនគួរត្រូវបានមើលឃើញត្រឹមតែថា «ប៉ូលិសចាំផាកពិន័យ» នោះទេ។ គោលដៅសំខាន់ជាងលុយផាក គឺការធ្វើឱ្យអ្នកបើកបរបន្ថយល្បឿន គោរពច្បាប់ និងប្រុងប្រយ័ត្នជាងមុន ។ ៦ម៉ឺនរៀលអាចជាការផាកពិន័យមួយករណី ប៉ុន្តែជីវិតមនុស្សម្នាក់មិនអាចកំណត់តម្លៃជាប្រាក់បានឡើយ៕




ចែករំលែកព័តមាននេះ