ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះការកោតសរសើរពេញហ្វេសប៊ុក ! វី​ដេ​អូ​ប៉ូលិស​ចរាចរណ៍​ជិះ​ម៉ូតូ​បើកផ្លូវ ក្រោយ​ម្ចាស់​រថយន្ត​ស្នើ​សុំ​ព្រោះ​ប្រពន្ធ​ឈឺពោះ​ឆ្លងទន្លេ​

2 អាទិត្យ មុន
  • ភ្នំពេញ

ផ្ទុះ​ការ​កោតសរសើរ​ចំពោះ​ទឹកចិត្ត​មន្ត្រី​នគរបាល​ចរ​ចរណ៍​ដែល​ជិះ​ម៉ូតូ​សា​រ៉ែ​ន​បើកផ្លូវ​ជូន​រថយន្ត​មួយ​គ្រឿង ខណៈ​ស្ថានភាព​ចរាចរណ៍​កំពុង​ស្ទះ​ណែន​តាន់តាប់ ចាប់ពី​ចោម​ចៅ​រហូត​ដល់​មន្ទីរ​កាល់​ម៉ែ​ត និង​សម្រាល​ដោយ​សុវត្ថិភាព ។

«​បង​! ជួយ​សម្រួល​ខ្ញុំ​មួយ ប្រពន្ធ​ខ្ញុំ​ឈឺ​កើតកូន​» ជា​ពាក្យ​មួយ​ឃ្លា​ដែល​បុរស​ម្នាក់​ក្នុង​នាម​ជា​ប្តី ដាច់​ចិត្ត​និយាយ​ស្នើ​សុំ​ដោយ​ចៃដន្យ​ទៅ​កាន់​មន្ត្រី​នគរបាល​ចរាចរណ៍​មួយ​រូប ដែល​កំពុង​តែ​បើក​ម៉ូតូ​សា​រ៉ែ​ន​មួយ​គ្រឿង នៅ​លើ​ដងផ្លូវ​ក្បែរ​ឡាន​របស់​ខ្លួន ។

ភ្លាម​ៗ​ត្រឹម​ពេល​តែ​ប៉ុន្មាន​វិនាទី ក្រោយ​បាន​យល់​ពី​ស្ថានភាព​អាសន្ន​ដែល​ត្រូវ​ប្រណាំងប្រជែង​នឹង​ពេលវេលា ខណៈ​ចរាចរណ៍​ស្ទះ​ណែន​តាន់តាប់​ស្រាប់​នោះ មន្ត្រី​នគរបាល​ចរាចរណ៍​រូប​នេះ មិន​បង្អែបង្អង់​យូរ​ឡើយ ហើយ​បាន​ចាប់ផ្តើម​សកម្មភាព​ផ្តល់​ជំនួយ​តាម​ការ​ស្នើ​សុំ​ភ្លាម​ៗ រហូត​ក្លាយជា​វីរៈបុរស​សម្រាប់​ក្រុម​គ្រួសារ​ដ៏​តូច​មួយ ដែល​អាច​ឱ្យ​ស្ត្រី​នៅ​ក្នុង​រថយន្ត​បាន​ទៅ​ដល់​មន្ទីរពេទ្យ​ទាន់​ពេល និង​ឆ្លងទន្លេ​ដោយ​សុវត្ថិភាព​ទាំង​ម្តាយ​ទាំង​កូន ។

រឿងរ៉ាវ​ជា​កាដូ​ដើមខែ​ថ្មី នាំ​មហាជន​ផ្ទុះ​ការ​កោតសរសើរ និង​រំភើបចិត្ត​ដោយ​ក្តី​មោទនភាព​ចំពោះ​មន្ត្រី​នគរបាល​ចរាចរណ៍​ខាងលើ​នេះ ត្រូវ​បាន​បង្ហោះ​ដោយ​សាមីខ្លួន​ផ្ទាល់​តាម​រយៈ​គណនី​ហ្វេ​ស​បុក Jx Tsuki គឺ​ប្អូនប្រុស រុន សុវណ្ណ​វុ​ត្ថា កាលពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២៦ ។ ប្អូនប្រុស រុន សុវណ្ណ​វុ​ត្ថា បាន​រៀបរាប់​ទាំងស្រុង​យ៉ាង​ដូច្នេះ​ថា « ស្រលាញ់ គោរព នគរបាល​ល្អ​បែប​នេះ​ណាស់ ។ ព្រឹក​មិ​ញ​នេះ ប្រពន្ធ​ខ្ញុំ​ឈឺពោះ​សម្រាលកូន ត្រូវធ្វើ​ដំណើរ​ពី​ចោម​ចៅ ទៅ​កាន់​មន្ទីរ​កាល់​ម៉ែ​ត ។ ដូច​ដឹង​ចឹ​ង ផ្លូវ​សហ​ព​ន្ធ័​រុ​ហ្សី​នៅ​ពេល​ព្រឹក គឺ​ស្ទះ​ខ្លាំង​ណាស់ លុះ​មក​ដល់​មុខ​ព្រ​លាន​យន្តហោះ​ចាស់ បានឃើញ​បង​នគរបាល​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ផង​នោះ​ក៏​ខ្ញុំ​ដាច់​ចិត្ត​សុំ​ជំនួយ​ពី​គាត់​អោយ​ជួយ​សម្រួល​ចរាចរណ៍ ព្រោះ​ស្ថានភាព​ប្រពន្ធ​គាត់​ឈឺ​ខ្លាំង ។

បង​នគរបាល​គាត់​ពិតជា​មាន ស្មារតី​ខ្ពស់ ក្នុង​ការ​ជួយ​ដោះស្រាយ​ណាស់ គួរ​អោយ​គោរព​ខ្លាំង​ណាស់ និង​មាន​ភាព​កក់ក្តៅ រំភើប​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ម្នាក់ គ្រួសារ​របស់ខ្ញុំ​បាន​សម្រាលកូន​ជោគជ័យ និង​មាន​សុខភាព​ល្អ​ទាំង​ម្តាយ និង​កូន ហើយ​តាំង​នាម​តំណាង​គ្រួសារ ខ្ញុំ​សូម​លើកដៃ​គោរព​ដល់​ការ​លះបង់​ទាំង​កម្លាំងកាយ ចិត្ត ពេលវេលា របស់​បង​នគរបាល 1A-1514 ។​»

ទោះ​មិន​បាន​ស្គាល់ឈ្មោះ​បង តែ​ខ្ញុំ​នឹង​ចង់​ចាំ​នូវ​គំរូ​វីរៈភាពរ​បស់បង និង​សូម​ជូនពរ​បងអោ​យ​បាន​ជោគជ័យ​លើ​ការងារ ឡើងបុណ្យ​សក្តិ សុខភាព​ល្អ សំណាងល្អ ។​!» ក្រៅពី​សារ​ថ្លែងអំណរគុណ​រួម​ទាំង​វី​ដេ​អូ និង​រូបភាព​ដែល​ផ្ទុះ​ការ​ចែករំលែក​ខាងលើ​នេះ ឈាន​មក​ដល់​ថ្ងៃ​ទី​០២ ខែកញ្ញា ប្អូនប្រុស រុន សុវណ្ណ​វុ​ត្ថា បាន​បង្ហោះ​រូបភាព​កូន និង​ប្រពន្ធ​ម្តងទៀត​ជាមួយ​សារ​យ៉ាង​ដូច្នេះ​ថា « អូន​ៗ​ជេ​ដេ​ន (Jaden) សូម​អរគុណ​ដល់​លោកប៉ា អ្នក​ម៉ាក់ អ៊ុំ​ៗ ពូ​មីង បងប្អូន ទាំងអស់​គ្នា​ដែល​បាន​ជូនពរ ផ្តាំ​សួរសុខទុក្ខ ជា​ពិសេស​អរគុណ​ពូ​ប៊ូ​លិ​ស​ដែល​បាន​ជួយ​អូន​អោយ​បាន​សុវត្ថិភាព អ្នកគ្រូ​ពេទ្យ​ប្រាប់​ថា អូន​សុខភាព​ល្អ​ណាស់ ហើយ​បាន​ជួប​មនុស្ស​ល្អ​ទៀត ។ A Hero who was appeared in my born day»៕