នាយ ពាក់ មី ចេញមុខប្រតិកម្ម និងបកស្រាយជុំវិញការរិះគ.ន់រឿងយក «ប្រភេទត្រីអភិរក្ស» មកធ្វើមាតិកាធ្វើម្ហូប
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាកំប្លែងនាយ ពាក់ មី បានចេញមុខបកស្រាយ និងប្រតិកម្មតបទៅកាន់មហាជនមួយចំនួនដែលនាំគ្នារិះគន់មកលើរូបលោក ពាក់ព័ន្ធទៅនឹងវីដេអូមួយដែលលោកបានថតបង្ហោះលើបណ្តាញសង្គមដោយលោកបានយកប្រភេទត្រីដ៏កម្រ និងអភរិក្សមួយ យកមកផលិតជាមាតិកាធ្វើម្ហូប ដែលនោះត្រូវបានគេចាត់ទុកថា គឺជាការខុសឆ្គងយ៉ាងខ្លាំង ។
មហាជនមួយចំនួនបាននាំគ្នាចូលទៅខំមិនរិះគន់យ៉ាងចាស់ដៃទៅលើវីដេអូរបស់លោក ពាក់ មី បន្ទាប់ពីលោកបានយកត្រីស្ទក់ យកទៅថតវីដេអូធ្វើម្ហូបយ៉ាងសប្បាយរីករាយ ខណៈដែលត្រីនេះត្រូវបានគេចាត់ជាប្រភេទត្រីស្ថិតក្រោមការការពារ ការគ្រប់គ្រង និងអភិរក្សស្របតាមច្បាប់ស្តីពីជលផល។
គណនេយ្យហ្វេសប៊ុកដែលមានឈ្មោះ Chea Seila បានធ្វើការចែកចាយវីដែអូរបស់ នាយ ពាក់ មី ដោយភ្ជាប់ជាមួយខ្លឹមសារថា ត្រីស្ទក់ ស្ថិតនៅក្នុងលេខរៀងទី១៨នៃក្រុមប្រភេទត្រីកំពុងរងគ្រោះនៃឧបសម្ព័ន្ធ នៃអនុក្រឹត្យលេខ ១២៣ អនក្របកចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្តីពីការកំណត់ប្រភេទផល ផលិតផលដែលកំពុងរងគ្រោះថ្នាក់ ។
គណនេយ្យខាងលើក៏បានបញ្ជាក់ថា វីដេអូរបស់លោកពាក់មី កំពុងតែចូលរួមបំផ្លាញធនធានជលផលដែលកំពុងរងគ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជា។ ត្រីនៅប្រទេសកម្ពុជាមានច្រើនប្រភេទណាស់ មានជាង៤០០ប្រភេទ សូមមេត្តាពិនិត្យ និងជ្រើសរើសត្រីណាដែលច្បាប់មិនបានហាមឃាត់សម្រាប់បរិភោគ។ សូមមេត្តាចូលរួមការពារធនធានជលផលកម្ពុជាដែលកំពុងរងគ្រោះថ្នាក់។
តាមរយៈការបង្ហោះខាងលើនេះគេបានឃើញមហាជនជាច្រើននាំគ្នាចូលទៅខំមិន ដោយមានអ្នកខ្លះបានរិះគន់មកលើតារាសម្តែងនេះយ៉ាងចាស់ដៃថា ច្រើនដងហើយគាត់នឹង បុគ្គលនេះតែងតែយកសត្វដែលច្បាប់ការពារមកធ្វើមាតិការហូត ហើយបើមិនចូលរួមអភិរក្សសូមកុំបំផ្លាញ ជាដើម។ល។
ការរិះគន់ខាងលើនេះបានធ្វើឲ្យតារាកំប្លែង នាយ ពាក់ មី ហាក់ក្តៅស្លឹកត្រចៀកសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ត្បិតលោកចាត់ទុកអ្នកដែលរិះគន់លោកខាងលើនេះគឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ព្រោះរូបលោកផ្ទាល់នៅមិនទាន់បានដឹងច្បាស់ថា ត្រីណាខ្លះគេអភិរក្ស និងជិតផុតពូជ ខណះពេលដែលត្រីលោកយកមកថតផ្សាយនេះគឺគេលក់នៅផ្សារ ហើយលោកគ្រាន់ជាអ្នកទិញមកហូបតែប៉ុណ្ណោះ ។
តាមរយះវីដេអូឃ្លីបបង្ហោះលើបណ្តាញសង្គម តារាកំប្លែងនាយ ពាក់ មី បានលើកឡើងថា ជុំវិញការចោទប្រកាន់ពីមហាជនមួយចំនួនមកលើរូបលោករឿងយកត្រីស្ទក់ មកថតនេះគឺលោកហាក់មិនអាចទទួលយកបានឡើយ ត្បិតរូបលោកក៏មិនបានដឹងដែរថា ប្រភេទត្រីនេះគេអភិរក្ស និងជិតផុតពូជ ។
លោកថា លោកអ្នកចោទខ្ញុំនឹងជួយប្រាប់ផងថាតើ ប៉ុន្មាននាក់ដែលដឹងថា ត្រីនេះជាប្រភេទត្រីកម្រ វាស្រដៀងនឹងត្រីក្រពាត់ ឬត្រីសណ្តាយ ប៉ុន្តែគេដឹងវាជាត្រីស្ទក់ ហើយយើងមេចដឹងថា ត្រីកម្រ ព្រោះឃើញគេលក់នៅផ្សារបានយើងទិញមកធ្វើម្ហូប ។
លោកបន្ថែមថា អ្នកខ្លះយកចំណុចតិចៗរបស់គេយកទៅនិយាយយកល្អខ្លួនឯង ដើម្បីបង្ហាញគេថា ខ្លួនឯងអ្នកចេះដឹង អ្នកពូកែ ។
លោកបញ្ជាក់ថា កន្លងមកលោកក៏ធ្លាប់ធ្វើជាវីដេអូច្រើន ដើម្បីចូលរួមជួយដល់ក្រុមការងារជលផលពាក់ព័ន្ធរដូវបិទនេសាទជាដើម ហើយកន្លងមកលោកក៏ធ្លាប់ចំណាយប្រាក់ទិញយកប្រភេទសត្វកម្រមួយចំនួន ដើម្បីយកទៅព្រលែងវិញផងដែរ ។
ទោះជាយ៉ាងណា បើតាមលោក ពាក់ មី លោកសូមឲ្យអ្នកដែលរិះគន់មកលើរូបលោកទាំងអស់សុំកុំមកមើលលោកហាក់បីដូចជាមនុស្សបំផ្លាញជាតិខ្លាំងពេក គ្រាន់តែរឿងប៉ុនហ្នឹង ទាំងដែលកន្លងមកលោកធ្លាប់ធ្វើរឿងល្អជាច្រើន ប៉ុន្តែមិនឃើញនាំគ្នាយកមកធ្វើជាមាតិកានោះឡើយ ៕











ចែករំលែកព័តមាននេះ