ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វៀតណាមឃាត់ខ្លួនមនុស្ស២នាក់ ពាក់ព័ន្ធជួយជនជាតិជប៉ុនឆ្លងដែនខុសច្បាប់ចូលកម្ពុជា

4 ម៉ោង មុន

ប្រទេសវៀតណាម៖ អាជ្ញាធរវៀតណាមបានឃាត់ខ្លួនបុរសជនជាតិវៀតណាម ២នាក់ ពាក់ព័ន្ធនឹងការសង្ស័យជួយបុរសជនជាតិជប៉ុនម្នាក់ ឆ្លងដែនពីវៀតណាមចូលប្រទេសកម្ពុជាដោយខុសច្បាប់ នៅខេត្តតៃនិញនៃភាគខាងត្បូងវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VOV នៅថ្ងៃទី២៦ ខែសីហានេះ។

​ក្រុមល្បាតរបស់ប៉ុស្តិ៍ការពារព្រំដែន​និងអាជ្ញាធរពាក់ព័ន្ធ បានប្រទះឃើញបុរស៣នាក់នៅក្បែរបង្គោលព្រំដែនលេខ ១៧៤/១។ ក្នុងចំណោមនោះ មានជនជាតិជប៉ុនម្នាក់ និងជនជាតិវៀតណាម២នាក់ ដែលត្រូវបានសង្ស័យថាកំពុងព្យាយាមឆ្លងដែនចូលកម្ពុជា។

តាមការសួរនាំ បុរសវៀតណាមម្នាក់បានសារភាពថា ខ្លួនត្រូវបានជួលឱ្យដឹកមនុស្សទាំងពីរឆ្លងព្រំដែនក្នុងតម្លៃ ប្រហែល ១៥០ ដុល្លារអាម៉េរិក ខណៈម្នាក់ទៀតបាននិយាយថា ខ្លួនស្គាល់ជនជាតិជប៉ុន និងយល់ព្រមនាំគាត់ទៅកម្ពុជា ក្នុងតម្លៃជិត២០០ដុល្លារអាម៉េរិក។

​អាជ្ញាធរមានសមត្ថកិច្ច​ខេត្តតៃនិញបន្តការស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់៕​