ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ដឹកនាំ​គណៈប្រតិភូ ក​.​អ​.​ក​. ចុះ​ទស្សនកិច្ច​ដោយ​ផ្ទាល់​នៅ​រោងចក្រ ជីប ម៉ុង ស៊ីម៉ងត៍​អូដ្ឋ ជាមួយ​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់ អ្នកឧកញ៉ា លាង ពៅ អគ្គនាយក​ក្រុមហ៊ុន

1 ថ្ងៃ មុន

ខេត្តកំពត ​៖ នា​រសៀល​ថ្ងៃ​ចន្ទ ទី​២៤ ខែកក្កដា ឆ្នាំ​២០២៦ ឯកឧត្តម ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (​ក​.​អ​.​ក​.) បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ ក​.​អ​.​ក​. អញ្ជើញ​ចុះ​បំពេញ​ទស្សនកិច្ច​ផ្ទាល់​នៅ​រោងចក្រ ជីប ម៉ុង ស៊ីម៉ងត៍​អូដ្ឋ មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​បន្ទាយមាស ខេត្តកំពត​។ ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​បដិសណ្ឋារកិច្ច​ដ៏​ខ្ពង់ខ្ពស់ និង​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​គណៈ​គ្រប់​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន ជីប ម៉ុង ស៊ីម៉ងត៍​អូដ្ឋ ក្រោម​កិច្ច​ដឹកនាំ​ដោយ​ផ្ទាល់​ពី អ្នកឧកញ៉ា លាង ពៅ អគ្គនាយក​ក្រុមហ៊ុន​ ។

រោងចក្រ ជីប ម៉ុង ស៊ីម៉ងត៍​អូដ្ឋ គឺជា​បុត្រ​សម្ព័ន្ធ​ដ៏​រឹង​មាំ​មួយ​របស់​ក្រុមហ៊ុន​យក្ស ជីប ម៉ុង (Chip Mong Group) ដែល​ជា​សមាសភាព​ធុរកិច្ច​ដ៏​មាន​ឥទ្ធិពល មាន​វត្តមាន ​និង​បាន​កសាង​ទំនុកចិត្ត​យ៉ាង​រឹង​មាំ​នៅ​លើ​ទីផ្សារ​កម្ពុជា​អស់​រយៈពេល​ជាង ២​ទសវត្សរ៍​មក​ហើយ​។ រោងចក្រ​មួយ​នេះ ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​មូលដ្ឋាន​ផលិតកម្ម​ស៊ីម៉ងត៍​ដ៏​ធំ និង​ទំនើប​បំផុត​មួយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​និង​កំពុង​ចូលរួម​បម្រើ​វិស័យ​វិស្វកម្ម​សំណង់​យ៉ាង​សកម្ម​។ តាម​រយៈ​សមត្ថភាព​ផលិតកម្ម​ដ៏​ធំធេង និង​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព​កម្រិត​ខ្ពស់ ស្រប​តាម​បទដ្ឋាន​អន្តរជាតិ រោងចក្រ​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក កាត់​បន្ថយ​ការ​នាំ​ចូល​ពី​បរទេស និង​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​រុញច្រាន​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​នៅ​កម្ពុជា​ឱ្យ​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​។

ក្នុងអំឡុងពេល​ទស្សនកិច្ច ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​អមដំណើរ បាន​អញ្ជើញ​ពិនិត្យ​ដោយ​ផ្ទាល់​នូវ​ខ្សែ​ច្រវាក់​ផលិតកម្ម និង​ការ​អនុវត្ត​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយបង្អស់ ដែល​ឆ្លើយ​តប​ទៅ​នឹង​បទដ្ឋាន​បរិស្ថាន​បៃតង​។ ជាមួយ​គ្នា​នេះ ឯកឧត្តម​បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​ក្រុមហ៊ុន ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​គ្រប់គ្រង​ផល​ប៉ះពាល់ និង​ការ​គិតគូរ​ដល់​ចីរភាព​បរិស្ថាន​ជុំវិញ ។

ដំណើរ​ទស្សនកិច្ច​នា​ឱកាស​នេះ គឺជា​សក្ខីកម្ម​ស្តែង​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​សេវា​ថែទាំ និង​ការ​គាំទ្រ​វិនិយោគ​យ៉ាង​ជិត​ស្និទ្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ ក​.​អ​.​ក​. ព្រមទាំង​ជា​ការ​បញ្ជាក់​ឡើង​វិញ​ថា រោងចក្រ ជីប ម៉ុង ស៊ីម៉ងត៍​អូដ្ឋ គឺជា​មោទនភាព​នៃ​ឧស្សាហកម្ម​ជាតិ ដែល​បាន​និង​កំពុង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ​ឱ្យ​មាន​សន្ទុះ​រីក​ចម្រើន​ប្រកបដោយ​ចីរភាព និង​បរិ​យា​បន្ន​ ៕

ជីប ម៉ុង​ស៊ី​ម៉​ង​ត៍​អូដ្ឋ ស៊ី​​ម៉​ង​ត៍​ខ្មែរ​ដើម្បី​ខ្មែរ