ប្រទេសវៀតណាម៖ ខេត្តបាក់និញនៃប្រទេសវៀតណាមកំពុងប្រឈមនឹងទឹកជំនន់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងពីឥទ្ធិពលព្យុះទី៤ បណ្តាលឱ្យកម្ពស់ទឹកទន្លេកើនឡើង និងជន់លិចតំបន់ជាច្រើន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។
គិតត្រឹមថ្ងៃទី២៤ ខែសីហា អាជ្ញាធរបានជម្លៀស និងផ្លាស់ទីទ្រព្យសម្បត្តិរបស់ ១,៤២៣គ្រួសារ ទៅកាន់ទីតាំងមានសុវត្ថិភាព។ ទឹកជំនន់ក៏បានលិចផ្ទៃដីកសិកម្មជិត ៨,៧០០ហិកតា និងបង្កការរាំងស្ទះដល់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។
អាជ្ញាធរបានដាក់កម្លាំងប្រចាំការជាប្រចាំ ដើម្បីតាមដានស្ថានភាពទឹក និងត្រៀមជម្លៀសប្រជាពលរដ្ឋពីតំបន់ដែលប្រឈមនឹងទឹកជំនន់ ទឹកជំនន់ភ្លាមៗ និងការបាក់ដី។ មកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ ឬរងរបួសនៅឡើយទេ។
ភ្លៀងត្រូវបានព្យាករថាអាចបន្តធ្លាក់រហូតដល់ថ្ងៃទី២៦ ខែសីហា ខណៈកម្ពស់ទឹកទន្លេអាចនៅតែខ្ពស់ ដោយសារទឹកភ្លៀងធ្លាក់នៅតំបន់ខាងលើ និងឥទ្ធិពលពីព្យុះ៕
ចែករំលែកព័តមាននេះ