ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំណែកគ្រា.ប់រាប់ម៉ឺន និងថ្មប្រាសាទរាប់សែនបំណែក ៖ តួលេខនៃការពិតដែលយោធាថៃមិនអាចប្រកែកបាននៅប្រាសាទព្រះវិហារ

1 អាទិត្យ មុន

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ប្រកាស​នា​ល្ងាច​ថ្ងៃ​ទី​១៧ ខែសីហា​នេះ​ថា ៖ ប្រាសាទព្រះវិហារ​ក្រោម​គ្រា​.​ប់​ផ្លោង ៖ ស្លាកស្នាម​នៃ​សកម្មភាព​ឈ្លានពាន​ប្រដាប់​អាវុធ​របស់​យោធា​ថៃ​លើ​បេតិកភណ្ឌ​ពិភពលោក ។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បន្ត​ថា ប្រាសាទព្រះវិហារ បាន​ឈរ​ជា​សាក្សី​នៃ​អរិយធម៌​ខ្មែរ​អស់​រយៈពេល​ជិត​មួយ​សហស្ស​វត្សរ៍ និង​ត្រូវ​បាន​ពិភពលោក​ទទួលស្គាល់​ជា​សម្បត្តិ​បេតិកភណ្ឌ​ដែល​មាន​តម្លៃ​លេចធ្លោ​ជាស​កល ។ ប៉ុន្តែ​នៅ​ក្នុង​សង្គ្រាម​ឈ្លានពាន​ទឹកដី​កម្ពុជា​ពី​សំណាក់​យោធា​ថៃ នៅ​ឆ្នាំ​២០២៥ សំណង់​ដែល​បាន​ឆ្លងកាត់​ពេលវេលា​រាប់​សតវត្សរ៍​មួយ​នេះ មិន​អាច​គេច​ផុត​ពី​គ្រាប់​ផ្លោង និង​ផលវិបាក​នៃ​ប្រតិបត្តិការ​យោធា​បាន​ឡើយ ។

ការ​ខូចខាត​នៅ​ប្រាសាទព្រះវិហារ មិនមែន​គ្រាន់តែ​ជា​ការ​អះអាង​របស់​កម្ពុជា​នោះ​ទេ ។ របាយការណ៍​របស់​អង្គភាព​ជំនាញ​បាន​កត់ត្រា​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​ខូចខាត ៖ ធាតុ​ស្ថាបត្យកម្ម​ត្រូវ​បាន​បំផ្លាញ ឬ​ផ្លាស់​ទី​យ៉ាងធ្ងន់ធ្ងរ​ដោយ​ការ​បាញ់​ផ្ទាល់ ចម្លាក់​លម្អ និង​សិលាចារឹក​ត្រូវ​បាន​ខូចខាត ឬ​បាត់បង់ ហើយ​ឥទ្ធិពល​នៃ​ការ​ផ្ទុះ​បាន​ប៉ះពាល់​ទាំង​លើ​តួ​ប្រាសាទ និង​ជ្រោះ​ថ្ម​ជុំវិញ ដែល​បង្ក​ការ​គំរាមកំហែង​ដល់​បូរណភាព ភាព​ពិតប្រាកដ និង​តម្លៃ​លេចធ្លោ​ជា​សកល​របស់​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មួយ​នេះ ។
នេះ​ជា​ការ​ពិត​ដែល​មិន​អាច​លុប​បំបាត់​ដោយ​វោហា​សាស្ត្រ​ណាមួយ​បាន​ទេ ។ នៅ​ពេល​ថ្ម​ប្រាសាទ​បាក់បែក ចម្លាក់​ត្រូវ​ខូចខាត សិលាចារឹក​បាត់បង់ និង​សំណល់​គ្រាប់​យុទ្ធភណ្ឌ​នៅ​តែ​ត្រូវ​បាន​រក​ឃើញ​ក្នុង​តំបន់​បេតិកភណ្ឌ ភស្តុ​តាង​នៅ​លើ​ដី​និយាយ​ខ្លាំង​ជាង​ការ​អះអាង​ណាមួយ ។


តួលេខ​ដែល​ប្រាប់​រឿងរ៉ាវ​នៃ​ការ​ខូចខាត
ទំហំ​នៃ​ការ​ខូចខាត និង​ផលវិបាក​នៃ​ជម្លោះ​ត្រូវ​បាន​បង្ហាញ​កាន់តែ​ច្បាស់​តាម​រយៈ​ប្រតិបត្តិការ​សង្គ្រោះ​បន្ទាន់​ដែល​កម្ពុជា​បាន​អនុវត្ត​ដោយ​មាន​កិច្ចសហការ​ជាមួយ​ដៃគូ​អន្តរជាតិ ។ ផ្ទៃដី​ប្រមាណ​៤០​ហិ​កតា ក្នុង​តំបន់​ប្រាសាទព្រះវិហារ និង​តំបន់​ជុំវិញ ត្រូវ​បាន​បោសសម្អាត​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ។ ក្នុង​ប្រតិបត្តិការ​នោះ គេ​បាន​រក​ឃើញ និង​បោសសម្អាត គ្រាប់បែក​ចង្កោម​ចំនួន​៩៧​គ្រាប់ គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​៨៤ គ្រាប់ និង​បំណែក​គ្រាប់កាំភ្លើង​ធំ​ចំនួន ១៧ ៩៣៧ បំណែក​។

ទន្ទឹម​នឹង​នេះ តួ​ប្រាសាទ​ទាំងមូល​ត្រូវ​បាន​ចងក្រង​ឯកសារ​អំពី​ស្ថានភាព​របស់​វា​។ ការ​ពង្រឹង​ស្ថិរភាព​រចនាសម្ព័ន្ធ​ត្រូវ​បាន​អនុវត្ត​នៅ ២០ ទីតាំង​សំខាន់​ៗ ហើយ​ថ្ម និង​បំណែក​ស្ថាបត្យកម្ម​មាន​ចម្លាក់ ជាង ៦០ ០០០ បំណែក ត្រូវ​បាន​កំណត់​អត្តសញ្ញាណ និង​ប្រមូល​រក្សា​ទុក​។ តួលេខ​ទាំងនេះ​មិនមែន​ជា​ស្ថិតិ​ស្ងួត​ៗ​នោះ​ទេ​។ នៅ​ពីក្រោយ​បំណែក​ថ្ម​នីមួយ​ៗ គឺជា​ផ្នែក​មួយ​នៃ​ស្ថាបត្យកម្ម សិល្បៈ ប្រវត្តិសាស្ត្រ និង​ការ​ចង​ចាំ​របស់​មនុស្សជាតិ​។ ថ្ម​ដែល​បាក់​អាច​ត្រូវ​បាន​ប្រមូល​។ សំណង់​ដែល​ខូច​អាច​ត្រូវ​បាន​ពង្រឹង​។ ប៉ុន្តែ​តម្លៃ​ប្រវត្តិសាស្ត្រ​ដែល​ត្រូវ​បាន​បំផ្លាញ មិន​អាច​ផលិត​ឡើង​វិញ​ដូច​វត្ថុ​ថ្មី​ក្នុង​រោងចក្រ​បាន​ឡើយ​។

បេតិកភណ្ឌ​មិនមែន​ជា​គោលដៅ​នៃ​សង្គ្រាម
ប្រាសាទព្រះវិហារ​មិនមែន​គ្រាន់តែ​ជា​ប្រាសាទ​របស់​កម្ពុជា​ទេ​។ ការ​ចុះបញ្ជី​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក មាន​ន័យ​ថា តម្លៃ​របស់​វា​ឆ្លង​ផុត​ព្រំដែន​ជាតិ និង​ជា​កេរដំណែល​ដែល​មាន​សារៈសំខាន់​ចំពោះ​មនុស្សជាតិ​ទាំងមូល​។ ហេតុនេះ ការ​ខូចខាត​ដល់​ប្រាសាទព្រះវិហារ មិនមែន​ជា​ការ​បាត់បង់​របស់​កម្ពុជា​តែ​ម្នាក់ឯង​ទេ ប៉ុន្តែ​ជា​ការ​បាត់បង់​ចំពោះ​បេតិកភណ្ឌ​រួម​របស់​មនុស្សជាតិ​។

ការ​ការពារ​សម្បត្តិ​វប្បធម៌​នៅ​ក្នុង​ពេល​មាន​ជម្លោះ​ប្រដាប់​អាវុធ មិនមែន​ជា​ជម្រើស​នយោបាយ​ទេ​។ វា​ជា​កាតព្វកិច្ច​ដែល​ត្រូវ​បាន​ទទួលស្គាល់​នៅ​ក្រោម​ច្បាប់​អន្តរជាតិ ជា​ពិសេស​គោលការណ៍​នៃ​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ដែល​ទាមទារ​ឱ្យ​ភាគី​ជម្លោះ​គោរព និង​ការពារ​សម្បត្តិ​វប្បធម៌​ពី​ផល​ប៉ះពាល់​នៃ​ប្រតិបត្តិការ​យោធា​។

សម្បត្តិ​វប្បធម៌​ដែល​មាន​តម្លៃ​ពិសេស​សម្រាប់​មនុស្សជាតិ ត្រូវការ​ការ​ប្រុង​ប្រយ័ត្ន និង​ការ​ការពារ​ខ្ពស់​។ ដូច្នេះ នៅ​ពេល​តំបន់​បេតិកភណ្ឌ​ពិភពលោក​ត្រូវ​រង​ការ​ខូចខាត​ដោយ​ប្រតិបត្តិការ​យោធា សំណួរ​មិនមែន​មាន​ត្រឹម​ថា «​អ្វីខ្លះ​បាន​បាក់បែក?» ប៉ុណ្ណោះ​ទេ​។ សំណួរ​ដែល​សហគមន៍​អន្តរជាតិ​ត្រូវ​សួរ​ផង​ដែរ​គឺ​៖ តើ​ហេតុ​អ្វី​បានជា​បេតិកភណ្ឌ​ពិភពលោក​មួយ​នេះ​ត្រូវ​បាន​ទុក​ឱ្យ​ប្រឈម​នឹង​គ្រាប់​ផ្លោង? តើ​វិធានការ​ប្រុង​ប្រយ័ត្ន​ដែល​ច្បាប់​អន្តរជាតិ​តម្រូវ​ត្រូវ​បាន​អនុវត្ត​ដែរ​ឬទេ? ហើយ​តើ​អ្នក​ណា​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការ​ខូចខាត​ដែល​បាន​កើតឡើង?បញ្ហា​នេះ​ក៏​មាន​វិសាលភាព​លើស​ពី​ប្រាសាទព្រះវិហារ​។

កម្ពុជា​បាន​ទាញ​ការ​យកចិត្តទុកដាក់​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ទៅ​លើ​សកម្មភាព​ឯកតោភាគី​របស់​អាជ្ញាធរ​ស៊ី​វិល និង​យោធា​ថៃ​នៅ​ក្នុង​ទឹកដី​កម្ពុជា​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ដែល​បាន​ប៉ះពាល់​មិន​ត្រឹមតែ​ប្រាសាទព្រះវិហារ ប៉ុន្តែ​ថែម​ទាំង ប្រាសាទខ្នារ ប្រាសាទ​តា​ក្របី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និង​រូបសំណាក​ព្រះ​វិស្ណុ​នៅ​ខាងកើត​ប្រាសាទព្រះវិហារ ផង​ដែរ​។

សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា សកម្មភាព​ទាំងនេះ​រួម​មានការ​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​វប្បធម៌ និង​សំណល់​បុរាណវិទ្យា ការ​បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់ទី​តាំង​បេតិកភណ្ឌ និង​ការ​ចុះបញ្ជី​ប្រាសាទ​កម្ពុ​ជាមួយ​ចំនួន​ក្នុង​បញ្ជី​បុរាណ​ដ្ឋា​ន​ជាតិ​របស់​ថៃ​។
កម្ពុជា​បាន​ព្រមាន​ថា សកម្មភាព​ទាំងនេះ​មើលទៅ​មាន​បំណង​ផ្លាស់​ប្តូរ​ស្ថានភាព​ដែល​មាន​ស្រាប់​នៅ​លើ​ដី បង្កើត​ស្ថានភាព fait accompli និង​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ដល់​ការ​គ្រប់គ្រង ការ​អភិរក្ស និង​ការ​ថែរក្សា​ទីតាំង​វប្បធម៌​ទាំងនេះ​របស់​កម្ពុជា​ដែល​មាន​ជា​យូរ​មក​ហើយ​។

បេតិកភណ្ឌ​មិន​អាច​ត្រូវ​បាន​ប្រើ​ជា​ឧបករណ៍​សម្រាប់​បង្កើត​ការ​អះអាង​ទឹកដី ហើយ​ការ​គ្រប់គ្រង​ដោយ​កម្លាំង​មិន​អាច​បង្កើត​សិទ្ធិ​ស្របច្បាប់​លើ​បេតិកភណ្ឌ​របស់​រដ្ឋ​មួយ​ផ្សេង​ទៀត​បាន​ឡើយ​។

ភស្តុ​តាង​មិន​អាច​ត្រូវ​បាន​លុប​បំបាត់​ដោយ​វោហា​សាស្ត្រ
ការ​បកស្រាយ និង​ហេតុផល​ដែល​យោធា​ថៃ​បាន​លើក​ឡើង​ដើម្បី​ការពារ​ប្រតិបត្តិការ​របស់​ខ្លួន មិន​អាច​លុប​បំបាត់ភស្តុតាង​ជាក់ស្តែង​នៅ​លើ​ដី​បាន​ឡើយ​។

បំណែក​ស្ថាបត្យកម្ម​ដែល​បាក់បែក ស្នាម​ខូចខាត​ដោយ​ការ​ផ្ទុះ សំណល់​គ្រាប់​យុទ្ធភណ្ឌ និង​ការងារ​សង្គ្រោះ​បន្ទាន់​ដ៏​ធំធេង​នៅ​តំបន់​ប្រាសាទ គឺជា​ភស្តុ​តាង​រូប​វន្ត​ដែល​ត្រូវ​ឆ្លើយ​តប​ដោយ​ការ​ពិត និង​ការ​ទទួលខុសត្រូវ មិនមែន​ដោយ​ការ​បដិសេធ ឬ​ការ​បកស្រាយ​ដើម្បី​គេចវេះ​ពី​ផលវិបាក​នៃ​សកម្មភាព​យោធា​នោះ​ទេ​។

គ្រាប់​ផ្លោង​មិន​អាច​ត្រូវ​បា​នប​ម្លែ​ង​ទៅ​ជា​វោហា​សាស្ត្រ​។ ថ្ម​ដែល​បាក់បែក​មិន​អាច​ត្រូវ​បាន​បដិសេធ​ដោយ​សេចក្តីថ្លែងការណ៍​។ ហើយ​សំណល់​គ្រាប់​យុទ្ធភណ្ឌ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ដី មិន​អាច​រលាយ​បាត់​ដោយ​ការ​បដិសេធ​នោះ​ឡើយ​។
ការ​ទទួលខុសត្រូវ​ចំពោះ​បេតិកភណ្ឌ​ពិភពលោក​ត្រូវ​ចាប់ផ្តើម​ពី​ការ​ទទួលស្គាល់​ការ​ពិត និង​ការ​ធានា​ថា សកម្មភាព​ដែល​បង្ក​ហានិភ័យ​ដល់​បេតិកភណ្ឌ​នោះ​នឹង​មិនកើត​ឡើង​ម្តងទៀត​។

ថ្ម​អាច​ជួសជុល​បាន តែ​ប្រវត្តិសាស្ត្រ​ដែល​បាត់បង់​មិន​អាច​បង្កើត​ឡើង​វិញ
កម្ពុជា​បាន​ចាត់វិធានការ​សង្គ្រោះ​បន្ទាន់​តាម​រយៈ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ ដោយ​សហការ​ជាមួយ​ដៃគូ​អន្តរជាតិ​។ ការ​បោសសម្អាត​សំណល់​ជាតិ​ផ្ទុះ ការ​កត់ត្រា​ស្ថានភាព​តួ​ប្រាសាទ ការ​ពង្រឹង​រចនាសម្ព័ន្ធ និង​ការ​ប្រមូល​បំណែក​ស្ថាបត្យកម្ម​រាប់​ម៉ឺន​បំណែក បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​រក្សា​តម្លៃ​លេចធ្លោ​ជា​សកល​របស់​ប្រាសាទ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​ក៏​ដោយ​។
ប៉ុន្តែ ពិភពលោក​មិន​គួរ​រង់ចាំ​ឱ្យ​ប្រាសាទ​ត្រូវ​រង​គ្រាប់​ផ្លោង រួច​ទើប​ប្រមូល​បំណែក​ថ្ម​ឡើង​វិញ​ទេ​។

ពិភពលោក​មិន​គួរ​រង់ចាំ​ឱ្យ​ចម្លាក់​ត្រូវ​ខូចខាត រួច​ទើប​និយាយ​ពី​ការ​អភិរក្ស​ទេ​។ ពិភពលោក​ក៏​មិន​គួរ​រង់ចាំ​ឱ្យ​បេតិកភណ្ឌ​ដែល​មិន​អាច​ជំនួស​បាន​ត្រូវ​បាត់បង់ រួច​ទើប​រំឭក​ពី​កាតព្វកិច្ច​ការពារ​បេតិកភណ្ឌ​នោះ​ដែរ​។ ការ​ស្ដារ និង​ជួសជុល​ថ្ម​ឡើង​វិញ​មិន​គ្រប់គ្រាន់​ទេ ប្រសិនបើ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ថ្ម​ទាំងនោះ​បាក់បែក​មិន​ត្រូវ​បាន​ទប់ស្កាត់​។ នេះ​ហើយ​ជា​មូលហេតុ​ដែល​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​បន្ត​គាំទ្រ​ការ​ស្ដារ និង​ការ​អភិរក្ស​រយៈពេល​វែង​នៃ​ប្រាសាទព្រះវិហារ បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ស្ថានភាព​អភិរក្ស និង​ជំរុញ​ឱ្យ​មាន​លក្ខខណ្ឌ​ដែល​ធានា​ការ​ចូល​ទៅ​កាន់​តំបន់​ដោយ​សុវត្ថិភាព និង​គ្មាន​ការ​រំខាន សម្រាប់​អ្នកជំនាញ​អភិរក្ស ក្រុម​ឆ្លើយ​តប​បន្ទាន់ និង​សហគមន៍​មូលដ្ឋាន​។

ប្រាសាទព្រះវិហារ​បាន​ឈរ​ឆ្លងកាត់​ពេលវេលា​រាប់​សតវត្សរ៍​។ វា​បាន​រស់រាន​មានជីវិត​ឆ្លងកាត់​ការ​ផ្លាស់​ប្តូរ​នៃ​អាណាចក្រ ព្រំដែន និង​ប្រវត្តិសាស្ត្រ​។ វា​មិន​គួរ​ត្រូវ​បាន​ទុក​ឱ្យ​ក្លាយជា​សាក្សី​ស្ងៀមស្ងាត់​នៃ​ការ​ខូចខាត​ដោយ​សកម្មភាព​ឈ្លានពាន​ប្រដាប់​អាវុធ​នៅ​សតវត្ស​ទី​២១ នេះ​ឡើយ​។

ប្រាសាទព្រះវិហារ​មិន​ត្រូវការ​ការ​អាណិតអាសូរ​បន្ទាប់​ពី​ការ​បំផ្លាញ​ទេ​។ វា​ត្រូវការ​ការ​ការពារ​មុន​ពេល​ការ​បំផ្លាញ​កើតឡើង​។
ការពារ​ប្រាសាទព្រះវិហារ មិនមែន​គ្រាន់តែ​ជា​ការពារ​អតីតកាល​របស់​កម្ពុជា​ទេ​។ វា​គឺជា​ការ​ការពារ​កេរដំណែល​រួម​របស់​មនុស្សជាតិ ការពារ​គោលការណ៍​នៃ​ច្បាប់ និង​ការពារ​សិទ្ធិ​របស់​មនុស្ស​ជំនាន់​ក្រោយ​ក្នុង​ការ​ទទួល​បាន​បេតិកភណ្ឌ​ដែល​មនុស្ស​ជំនាន់​នេះ​មាន​កាតព្វកិច្ច​ប្រគល់​ជូន​ពួក​គេ​ដោយ​សន្តិភាព​។ ថ្ម​អាច​ត្រូវ​បាន​ជួសជុល​។ ប៉ុន្តែ​ប្រវត្តិសាស្ត្រ​ដែល​ត្រូវ​បាន​បំផ្លាញ​មិន​អាច​ផលិត​ឡើង​វិញ​បាន​ឡើយ​។ ហើយ​បេតិកភណ្ឌ​ពិភពលោក​មិន​គួរ​ត្រូវ​បាន​ទុក​ឱ្យ​ក្លាយជា​ជន​រង​គ្រោះ​នៃ​សង្គ្រាម​ម្តងទៀត​ទេ​។ ៕