ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គ្រួសារ​នាយ តាក់ ស៊ី ចេញ​មុខ​បដិសេធ​ការ​ចោទប្រកាន់​ពី​មហាជន​នូវ​រឿង​មួយ ខណៈ​ស្ថានភាព​ជំងឺ​ទឹកនោមផ្អែម​ឈាន​​ដល់​ការ​កា.ត់​ជើង​​ម្ខាង

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រហូត​មក​ទល់​នា​ពេល​នេះ ​ស្ថានភាព​ជំងឺ​ទឹកនោមផ្អែម​របស់​តារា​សម្តែង​នាយ តាក់ស៊ី កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង ដោយ​លោក​ត្រូវ​កាត់​ជើង​ម្ខាង​បន្ថែម​ទៀត ទៅ​លើ​ការ​កាត់​ម្រាមដៃ ម្រាមជើង ដោយសារ​តែ​មេរោគ​នៃ​ជំងឺ​មួយ​នេះ​ បាន​រាលដាល​កាន់តែ​ខ្លាំង ។

ទន្ទឹម​នឹង​ភាព​ញាំ​ញឺ​ដោយសារ​ជំងឺ​នា​ពេល​នេះ នាយ​ តាក់ ស៊ី បែរជា​ត្រូវ​មហាជន​មួយ​ចំនួន​បាន​ធ្វើការ​ចោទប្រកាន់​មក​លើ​រូប​លោក​ថា ជា​ការ​សម្តែង ដើម្បី​ចង់បាន​ជំនួយ​ពី​សប្បុ​រស​ជន​នានា​ទៅ​​វិញ ។

យ៉ាងណា​ ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ ក្រុម​គ្រួសារ​នាយ តាក់ ស៊ី បាន​ចេញ​មុខ​មក​បដិ​សេធ និង​ស្នើ​សុំ​ឲ្យ​មហាជន​មួយ​ចំនួន​ដែល​ចូល​ខម​មិន​នៅ​ពីក្រោម​រូបភាព​ដែល​តារា​កំប្លែង​រូប​នេះ​បង្ហោះ​តាម​បណ្តាញ​សង្គម បង្ហាញ​ពី​ស្ថានភាព​ជំងឺ​នា​ពេល​បច្ចុប្បន្ន ឲ្យ​ប្រើប្រាស់​ភាសា​សមរម្យ ដ្បិត​លោក​កំពុង​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់​ពិតប្រាកដ​មែន ។

តាម​រយៈ​វី​ដេ​អូ​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម តារា​កំប្លែង​នាយ តាក់ ស៊ី ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​កាត់​ជើង​ម្ចា​ង​ទៀត​ហើយ បន្ទាប់​ពី​លោក​ទើបតែ​វះ​សាច់​កំភួនជើង​កាលពី​ពេល​ថ្មី​ៗ​នេះ ដោយសារ​ជំងឺ​ទឹកនោម​មានការ​រីក​រាលដាល ។

យ៉ាងណា​ ក្រោយ​ការ​វះកាត់​ជើង​ម្ខាង​ហើយ​នោះ នាយ តាក់ស៊ី ក៏​បាន​ចេញពី​បន្ទប់សង្គ្រោះបន្ទាន់ មក​សម្រាក​ព្យាបាល​នៅ​ក្នុង​បន្ទប់​អ្នកជំងឺ​ធម្មតា​វិញ​ហើយ ហើយ​ក៏​ផ្តល់​ឱកាស​ឲ្យ​ក្រុម​គ្រួសារ សាច់ញាតិ និង​មិត្តភក្តិ​ទាំង​ក្នុង​ក្រៅ​សិល្បៈ​ អាច​ចូល​សួរសុខទុក្ខ​លោក​បានជា​ធម្មតា ។

តារា​កំប្លែង​នាយ តាក់ ស៊ី បាន​លើក​ឡើង​ថា អំឡុង​ពេល​នេះ ​លោក​បាន​ចេញពី​បន្ទប់ ICU ហើយ ដោយនៅ​សម្រាក​បន្ទប់​ធម្មតា  បន្ទាប់​ពី​លោក​បាន​ចូល​បន្ទប់សង្គ្រោះបន្ទាន់ ដោយ​ធ្វើការ​វះកាត់​សាច់ និង​ជើង​ដោយសារ​មេរោគ​ជំងឺ​ទឹកនោមផ្អែម ។

លោក​បញ្ជាក់​ថា ស្ថានភាព​នា​ពេល​នេះ ​គឺ​អាច​ឲ្យ​ក្រុម​គ្រួសារ និង​សាច់ញាតិ ជា​ពិសេស​ក្រុមការងារ​របស់​លោក​អាច​មក​សួរសុខទុក្ខ​លោក​បាន ដោយនៅ​ពេល​នេះ​លោក​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​លោកសង្ឃ​ជាន់​ទី​៦ ។

ដោយឡែក​ ទន្ទឹម​គ្នា​នេះ​ដែរ ភរិយា​របស់​នាយ តាក់ ស៊ី ក៏​ឆ្លៀតឱកាស​ឆ្លើយ​តប​ទៅ​កាន់​មហាជន​មួយ​ចំនួន​ដែល​បាន​ចោទប្រកាន់​មក​លើ​ស្វាមី​ថា ជា​ការ​សម្តែង​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ​របស់​ស្វាមី​របស់​អ្នក​នាង​នា​ពេល​នេះ ។

ភរិយា​នាយ តាក់ ស៊ី បាន​បញ្ជាក់​ថា ស្ថានភាព​ជំងឺ​របស់​ស្វាមី​អ្នក​នាង​នា​ពេល​នេះ​ មិនមែន​ជា​ការ​សម្តែង​នោះ​ឡើយ ដោយពេល​នេះ​ ស្វាមី​អ្នក​នាង​បាន​កាត់​ជើង​មួយ​ចំហៀង​បន្ថែម​ទៀត បន្ទាប់​ពី​កាត់​ម្រាមជើង ម្រាមដៃ សរុប​ដៃ​ទាំង​សងខាង​នៅ​សល់​តែ​ម្រាម​៥​ប៉ុណ្ណោះ  ៕