លាតត្រដាងជីវិតកម្ស.ត់! អតីតម្ចាស់ជ័យលាភីចម្រៀង១រូប ធ្វើកម្មករសំណង់ និងដើរបេះត្រកួន ព្រលឹត ចិញ្ចឹមម្តាយមានជំងឺ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ធ្លាប់ល្បីឈ្មោះតាមរយះមានសំនៀងដូចតារាចម្រៀងជើងចាស់លោកស្រី សូ សារឿន និងជាម្ចាស់ជ័យលាភីលេខ១ក្នុងការប្រលងចម្រៀងនៅស្ថានីយ៍ទូរទស្សន៍មួយ គឺអ្នកនាង សួន សារឿន ពេលនេះស្ថានភាពរបស់អ្នកស្រីបានធ្លាក់ខ្លួនដុនដាប គួរឲ្យអាសូរក្រៃលែង ដោយធ្វើការសំណង់ ដើម្បីបានប្រាក់សម្រាប់ដូរបាយហូបតែប៉ុណ្ណោះ ។
តាមកិច្ចសម្ពាសន៍ជាមួយតារាសម្តែងជើងចាស់អ្នកនាង ចាន់ តារាទី ដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ក្រោយពីបានប្រលងជាប់ជ័យលាភីលេខ១អ្នកនាង បានមានឈ្មោះបោះសម្លេង និងមានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយមានរង្គសាល និងភោជនីយដ្ឋានជាច្រើន បានហៅអ្នកនាងទៅច្រៀងប្រចាំ កាលពីសម័យនោះ។ប៉ុន្តែអកុសលមកដល់សម័យនេះ រោងសាលជាច្រើននៅក្នុងប្រទេសកម្ពុជា ត្រូវបានបិទអស់ទៅហើយ ដែលធ្វើអោយរូបអ្នកនាងសួន សាវឿន គ្មានកន្លែងសម្រាប់ច្រៀងតទៅទៀត។ដូច្នេះអ្នកនាងក៏បានវិលត្រឡប់ទៅរស់នៅឯស្រុកកំណើត នៅឯខេត្តស្វាយរៀងវិញ មកដល់សព្វថ្ងៃនេះអ្នកនាង សួន សាវឿន មានជីវិភាពខ្វះខាតយ៉ាងខ្លាំង ពេលខ្លះ អ្នកនាង ក៏បានទៅធ្វើជាកម្មករសំណង់ដោយបើកប្រាក់ប្រចាំថ្ងៃ ដូរបាយមួយពេលៗដើម្បីរស់តែប៉ុណ្ណោះ ។
អ្នកនាង សួន សារឿន បានអះអាងបន្ថែមថា ក្រៅពីការងារសំណង់អ្នកនាងក៏ឆ្លៀតពេលមកដកត្រកួន និងព្រលឹត ដើម្បីបានលុយបន្តិចបន្តួចផ្គត់ផ្គង់អាហារនិងមើលថែជំងឺម្តាយដែលចាស់ជរាត្រូវចូលពេទ្យជាប្រចាំ ។
អ្នកនាងបញ្ជាក់ថា កន្លងមក ដោយសារមើលឃើញពីជីវភាពមានភាពខ្វះខាតខ្លាំងនោះ អ្នកនាងតែងតែទទួលបានការសន្តោសប្រណីពីអ្នកស្រី ចាន់ តារាទី ដោយអ្នកស្រីតែងតែផ្តល់ជាម្ហូបអារហារ និងថវិកាមួយចំនួនផងដែរ ។
អ្នកនាងបន្ថែមថា អ្នកនាងបានបោះបង់អាជីពសិល្បៈអស់ប្រមាណជាង១០ឆ្នាំមកហើយ ទើបតែពេលនេះដែលអ្នកស្រី ចាន់ តារាទី បានរំលឹក និងបើកកកាយឈ្មោះរបស់អ្នកនាងឡើងវិញ ដើម្បីឲ្យទស្សនិកជនដែលធ្លាប់គាំទ្រសម្លេងរបស់នាងបានដឹង លឺពីស្ថានភាពបច្ចុប្បន្នរបស់អ្នកនាង ។
ដោយឡែកតារាចម្រៀងជើងចាស់អ្នកស្រី ចាន់ តារាទី បានលើកឡើងថា ប្រសិនបើមានសប្បុរសជននានាដែលចង់ជួយដល់អ្នកនាង សួន សារឿន គឺអាចជួយទៅកាន់អ្នកនាងផ្ទាល់ ឬក៏តាមរយះអ្នកស្រីក៏បាន ដោយអ្នកស្រីមិនគិតការនឿយហត់ឡើយ ឲ្យតែមហាជនចង់ជួយអ្នកសិល្បៈដែលមានសមត្ថភាពពិតប្រាកដ ហើយធ្លាក់ខ្លួនទីទាល់ក្រ ៕







ចែករំលែកព័តមាននេះ