តារាសម្តែង លោក ប៊ឺរី ប្រកាសផ្តាច់ទំនាក់ទំនងស្នេហ៍ជាមួយអ្នកលក់អនឡាញល្បីឈ្មោះមួយរូប ក្រោមហេតុផលមួយនេះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មហាជនបានសម្តែងការភ្ញាក់ផ្អើល បន្ទាប់ពីគេឃើញតារាសម្តែងលោក ប៊ឺរី បានប្រកាសផ្តាច់ទំនាក់ទំនងស្នេហ៍ជាមួយអ្នកលក់អនឡាញល្បីឈ្មោះមួយរូប បន្ទាប់ពីកន្លងមកគេតែងតែឃើញចំណងស្នេហ៍របស់ពួកគេមានផ្អែមល្ហែម និងស្អិតរមួតស្ទើរចាក់ទឹកមិនលិចជាមួយគ្នា ។
តារាសម្តែងប្រុសរូបនេះបញ្ជាក់ថា ការចែកផ្លូវគ្នានាពេលនេះគឺអ្នកទាំងពីរបានព្រមព្រៀងគ្នាដោយសន្តិវិធី ដោយដើរលើផ្លូវរៀងខ្លួន ក្រោមហេតុផលរស់មិនចុះសម្រុងជាមួយគ្នា ខណះពេលដែលអ្នកទាំងពីរនៅតែអាចរាប់អានគ្នាជាធម្មតា ។
តារាសម្តែងលោក ប៊ឺរី បានបង្ហោះសំណេរតាមបណ្តាញសង្គមថា ថ្ងៃនេះយើងខ្ញុំទាំង2នាក់សូមអនុញ្ញាតិប្រកាសដំណឹងជាសាធារណៈជូនដល់បងប្អូនទាំងអស់គ្នាអោយបានជ្រាបថា យើងខ្ញុំទាំងពីរនាក់បានព្រមព្រៀងចែកផ្លូវគ្នាចាប់ពីពេលនេះតទៅ ។
លោកបន្តថា ពីថ្ងៃនេះទៅយើងទាំងពីរលែងត្រូវជាអ្វីនឹងគ្នាតទៅទៀតហើយ (អាចត្រឹមជាមិត្តល្អនឹងគ្នា)
មូលហេតុគឺពួកយើងរស់នៅមិនចុះសម្រុងគ្នា ។
អាស្រ័យដូចបានជម្រាបជូន សូមបងប្អូនជ្រាបជាដំណឹង យើងខ្ញុំក៏សូមអភ័យទោសចំពោះបងប្អូន អ៊ុំពូមីង តាយាយ ក៏ដូចជាFan យើងខ្ញុំទាំងពីរនាក់ផងចុះបើសិនជាធ្វើអោយប៉ះពាល់ដល់អារម្មណ៍បងប្អូនដោយប្រការណាមួយ ។
ដោយឡែកសម្រាប់គូស្នេហ៍របស់តារាសម្តែងលោក ប៊ឺរី ដែលគេស្គាល់ថាជាអ្នកលក់អនឡាញដ៏ល្បីឈ្មោះ ម៉ាដាម ដា ក៏បានប្រកាសពីការបែកបាក់ជាមួយតារាប្រុសនេះដូចគ្នាដែរ ដោយអ្នកនាងបានបង្ហោះសំណេរមួយខ្លីតាមបណ្តាញសង្គមថា ពួកយើងហត់ហើយ សូមដើរផ្លូវរៀងខ្លួន អរគុណពេលវេលាកន្លង ពួកយើងទាំងពីរធ្វើល្អបំផុតហើយ ។
យ៉ាងណា ដំណឹងពីការបែកបាក់គ្នារវាងអ្នកទាំងពីរបានធ្វើឲ្យមហាជន ជាពិសេសបណ្តាអ្នកគាំទ្រអ្នកទាំងពីរជាច្រើនរូបបានសម្តែងការសោកស្តាយយ៉ាងខ្លាំង ត្បិតកន្លងមកគេតែឃើញអ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែម ខណះពេលដែលអ្នកទាំងពីរក៏មានគម្រោងចូលរោងការនាពេលខាងមុខផងដែរ ។
ជាការកត់សម្គាល់តារាសម្តែង លោក ប៊ឺរី បានបង្ហាញទំនាក់ទំនងស្នេហាជាសាធារណៈជាមួយ ម៉ាដាមដា នៅពាក់កណ្តាលឆ្នាំ ២០២៤ និងថែមទាំងបញ្ជាក់ពីគម្រោងរៀបការសាងអនាគតជាមួយគ្នាទៀតផង។
ក្រោយពីបើកបង្ហាញស្នេហាជាសាធារណៈពេញមុខពេញមាត់ ឃើញថាលោក ប៊ឺរី និង អ្នកនាង ម៉ាដាមដា កាន់តែបង្ហាញសកម្មភាពផ្អែមល្ហែមជាមួយគ្នាយ៉ាងមានក្ដីសុខជាលក្ខណៈគ្រួសារលើបណ្ដាញសង្គមជាហូរហែ ។
ទោះជាយ៉ាងណា ដំណឹងនៃការបែកបាក់របស់អ្នកទាំងពីរនាពេលនេះគេក៏ឃើញមានមហាជនមួយចំនួនដាក់មន្ទិលសង្ស័យចំពោះព័ត៌មានមួយនេះផងដែរ ក្នុងពេលពួកគេដាក់ការសង្ស័យថា ចំណងស្នេហ៍របស់អ្នកទាំងពីរទំនងជាអាចបណ្តាមកពីរឿងរ៉ាវរសើបផ្សេងពីការរ់សនៅមិនចុះសម្រុងជាមួយគ្នា ៕


















ចែករំលែកព័តមាននេះ