ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនិពន្ធ​លោក ថៃ នរៈ​សត្យា និយាយ​ពី​ដើមចម​នៃ​ចម្រៀង​អត្ថាធិប្បាយ​បទ«​ព្យា​ណូ​បាក់​ខ្ទង់ និង​រៃ​លា​បង្គង»

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អតីត​អ្នកនិពន្ធ​ដ៏​ល្បី​លោក ថៃ នរៈ​សត្យា បាន​លើក​ឡើង​ពី​ដើមចម​នៃ​បទ​ចម្រៀង​អត្ថាធិប្បាយ​ចំនួន​២​បទ គឺ​បទ «​ព្យាណូ​បាក់​ខ្ទង់ និង​រៃ​លា​បង្គង​» ក្នុង​គោលបំណង​ធ្វើ​ជា​បច្ច័យ​រឹង​មាំ​ដោយឡែក​មួយ ជា​បរិ​យា​បន្ន​ក្នុង​ហេតុផល បើ​មាន​អ្នក​មក​សុំ​គ្រប់​គ្រង​កម្មសិទ្ធិបញ្ញា​លើ​ស្នាដៃ​របស់​អ្នកនិពន្ធ​បទ​ខាងលើ​នេះ គួរ​ពិចារណា​ដោយ​អ្នក​ច្បាប់ និង​ដោយ​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន ។

លោក​បាន​លើក​ឡើង​តាម​រយៈ​សំ​ណេ​រ​បង្ហោះ​តាម​បណ្តាញ​សង្គម​ថា ក្នុង​ថ្ងៃខែ​មួយ​មិន​ចាំ ឆ្នាំ​ប្រហែល​ចុងឆ្នាំ​១៩៧៤ ឬ​ដើមឆ្នាំ​១៩៧៥ មិនយូរ​ប៉ុន្មាន ដែល​ទីក្រុង​ភ្នំពេញ​ដួល​រលំ ១៧ ​មេ​សា ១៩៧៥ ​។ មិត្ត​ខ្ញុំ ញ៉ែ​ម ផុ​ន ហៅ​កុក អ្នកនិពន្ធ​ទំនុកច្រៀង​ដ៏​ពេញ​និយម ដែល​មាន​រូប​កាយ​ស្គមកំព្រឹង ក្បាល​តូច​ច្រមក់​ តែ​ផ្ទុក​ពោរពេញ​ដោយ​កាព្យ​វោហារ​សម្បូរ​បែប បាន​នាំ​បង កែវ ឯម អ្នក​កាន់​ព្យា​ណូ​ដៃឯក​ប្រចាំ​អតីត​ក្រុម​តន្ត្រី​រាជ​តម្រួត​ភិ​រម្យ មក​ជួប​ខ្ញុំ​នៅ​កូន​ការិយាល័យ​យ៉ាង​សាមញ្ញ​មួយ នៃ​បន្ទប់​ស្ថានីយ៍​វិទ្យុ​សម្លេង​យុទ្ធ​ជន ដែល​កាលនោះ​ នៅ​ផ្ញើខ្លួន​ជាមួយ​ស្ថានីយ​វិទ្យុជាតិ​ ។

ក្នុង​ទឹកមុខ​ស្រពាប់​ស្រពោន​ទាំង​ពីរ​នាក់ ញ៉ែ​ម ផុ​ន បាន​ចាប់ផ្តើម​ទម្លុះ​បរិយាកាស​មុន ដោយសារ​ស័ព្ទ​អំពី​រឿងហេតុ​ខ្លះ​ៗ​នៃ​ដំណើរ​ជីវិត​ដែល​ទើប​បែកខ្ញែក​ថ្មី​ៗ​របស់​បង​ កែវ ឯម និង​ភរិយា​ សំណព្វ​របស់​គាត់ ម្ចាស់​សំនៀង​រៃកណ្តឹង​មាស ហើយ​ដែល​ដោយសារ​តែ​រឿង​រ៉ាវ​នោះ ទើប​ចម្រៀង​សំណោក​ជីវិត​ពីរ​បទ ព្យាណូ​បាក់​ខ្ទង់ និង​រៃ​លា​បង្គង បាន​កើតឡើង និង​បាន​យក​មក​ជាមួយ​នៅ​ពេល​នេះ ក្នុង​គោលបំណង ឲ្យ​ខ្ញុំ​ជួយ​រៀបចំ​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​កំពុង​ពេញ​និយម​មួយ ដែល​មានឈ្មោះ​ថា​ «​នាទី​ជួប​ជាមួយ​មិត្ត​ថៃ សត្យា តាម​រយៈ​នាទី​បទ​ភ្លេង និង​ចម្រៀង​ដែល​មាន​អត្ថាធិប្បាយ​» ប្រចាំ​ម៉ោង​០៨​រាត្រី​ថ្ងៃ​សុក្រ​នៃ​រៀង​រាល់​ស​ប្ដា​ហ៍ ​។

លោក​បន្ថែម​ថា ក្នុង​ការ​សរសេរ​ពេល​ឥឡូវនេះ បើ​ទោះជា​មាន​មិត្តភក្តិ​តាំងពី​កាលនោះ​ខ្លះ មានភ័ព្វ​វាសនា​ល្អ​ឆ្លងកាត់​រួច​ផុត​ការ​កាប់សម្លាប់​ពី​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត​ក៏​ដោយ ក៏​មិន​អាច​ពឹងពាក់​សួរ​គ្នា​អំពី​ចំណុច​ដែល​ចង​ចាំ​មិន​ច្បាស់​ទាំងឡាយ​នោះ​បាន​ដែរ ម្យ៉ាង​ភ្លេច​ ព្រោះ​យូរណាស់​ទៅ​ហើយ ម្យ៉ាង​រឿងហេតុ​ខ្លះ​គឺ​ពិតជា​ដឹង​ដោយ​បុគ្គល​ៗ​តែ​ប៉ុណ្ណោះ​។

លោក​ថា ខ្ញុំ​នៅ​ចាំ​ច្បាស់​ត្រង់​ថា​ នៅ​ពេល​នោះ ទីក្រុង​ភ្នំពេញ​របស់​អតីត​សាធារណរដ្ឋ​កាន់តែ​ច្របូកច្របល់​ខ្លាំង​ណាស់​ទៅ​ហើយ ។ គ្រាប់​ផ្លោង ការ​បំផ្ទុះ​គ្រាប់បែក​តាម​រោង​ភាពយន្ត វិបត្តិ​សេដ្ឋកិច្ច​សង្គម អសន្តិសុខ​ទូទៅ បរាជ័យ​តាម​សមរភូមិ​កាន់តែ​ច្រើន សម្ពាធ​ហ៊ុម​​ព័ទ្ធ​ទីក្រុង​ពាណិជ្ជកម្ម និង​នយោបាយ​មួយ​នេះ​កាន់តែ​រួម​តូច ការ​ស្លាប់ របួស ពិការ បែកបាក់​និរាស​ព្រាត់ប្រាស​គ្នា ជា​រឿង​មហា​រន្ធត់​ដែល​ហាក់​ស្ទើ​ក្លាយជា​រឿង​ធម្មតា … សោតឯ​បង កែវ ឯម តួអង្គ​ព្យាណូ​បាក់​ខ្ទង់ ក៏​បាន​ជួប​សោក​នាដកម្ម​ជីវិត​ដ៏​សែន​ជូរ​ចត់​តាម​បែប​ «​រៃ​លា​បង្គង​»​នេះ​ដែរ​ ។ ខ្ញុំ​ពុំ​ចាំបាច់​និយាយ​លម្អិត​អំពី​រឿង​នេះ​ទេ ព្រោះ​ទំនុក​និពន្ធ​របស់​លោក ញ៉ែ​ម ផុ​ន ហៅ​កុក និង​បង កែវ ឯម បាន​បំពេញ​ភាសា​ពិត​របស់​វា​នៅ​ក្នុង​ចម្រៀង​ទាំង​ពីរ​រប​ទ​នោះ​ជា​ទឡ្ហីកម្ម​ស្រាប់​រួច​ហើយ​។

នា​ព្រឹក​ថ្ងៃ​សៅរ៍​មួយ ​បន្ទាប់​ពី​បាន​ស្តាប់​បទ​អត្ថាធិប្បាយ​លាយ​ជាមួយ​ចម្រៀង​របស់​គាត់​កាលពី​យប់​ថ្ងៃ​សុក្រ ព្យា​ណូ​បាក់​ខ្ទង់ កែវ ​ឯម និង កុក​ សំគម ញ៉ែ​ម​ផុ​ន បាន​មក​រក​ខ្ញុំ​ម្តងទៀត ជាមួយនឹង​ឡាន​ចាស់​ម្ង៉ៃ​កាត់​ម្ង៉ៃ​កោរ កាត់​សង់កាត់​”Peugeot 404″​មួយ​គ្រឿង​ពណ៌​ស​ ។ ក្នុង​ទឹកមុខ​ទូល​ទុក្ខ​កង្វល់​ក្រៀមក្រំ​ពិបាក​មើល គាត់​បាន​និយាយ​មក​កាន់​ខ្ញុំ​ថា យប់មិញ​បង​អង្គុយ​ស្តាប់​បទ​អត្ថាធិប្បាយ​របស់​ប្អូន​ទាំង​ទឹកភ្នែក​រហាម​… ហើយ​បាន​នាំ​គ្នា​ទៅ​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក​នៅ​ឯ​ភោជនីយដ្ឋាន​គ្រី​ស្តា​ល់ ក្បែរ​ខាង​ភោជនីយដ្ឋាន​ប៉ៃ​យ៉ុ​ត ​ម្តុំ​ខាងកើត​ផ្សារ​ថ្មី ដែល​ជា​ហាង​ទំនើប​មួយ​ ទើបតែ​មាន​ទ្វារ​បើក​បិទ​ជា​ស្វ័យប្រវត្តិ​មុនគេ​បំផុត ​នៅ​ពេល​ដែល​មាន​មនុស្ស​ចេញចូល​ ។

ថ្មី​ៗ​ក្រោយ​ថ្ងៃ​រំដោះជាតិ​ជា​ប្រវត្តិសាស្ត្រ ០៧​មក​រា ១៩៧៩ ខ្ញុំ​បាន​ជួប​ប្អូនប្រុស​បង្កើតរ​បស់បង​កែវ ​ឯម នៅ​ម្តុំ​រោងចក្រ​ដ​១ ផ្សារ​ដេប៉ូ គាត់​បាន​ប្រាប់​ថា ​បង​គាត់ និង​ក្មួយ​ៗ​ស្លាប់​ក្នុង​របប​វាល​ពិឃាដ​អស់ហើយ​…​។  «រៃ​មាស​ចេញ​ទៅ​ ពៅ​លា​បង្គង ព្យា​ណូ​បាក់​ខ្ទង់ ​ស្ងួនគ្រង​កូន​បី ព្យុះ​កម្ម​ត្រូវ​ចប់​របប​ប្រល័យ វេទនា​ក្សិណក្ស័យ​ទាំង​ឪ​ទាំង​កូន» …

លោក​បញ្ជាក់​ថា ខ្ញុំ​លើកយក​ប្រធានបទ​នេះ​មក​និយាយ មិន​បាន​ន័យ​ត្រឹមតែ​រំលឹក​រឿង​ចាស់​កន្លង​ទៅ ដែល​បាន​ក្លាយជា​រឿងនិទាន​ទៅ​ហើយ​ទេ តែ​សំ​ណេ​រ​នេះ​អាច​ជា​បច្ច័យ​រឹង​មាំ​ដោយឡែក​មួយ ជា​បរិ​យា​បន្ន​ក្នុង​ហេតុផល​ថា បើ​មាន​អ្នក​មក​សុំ​គ្រប់​គ្រង​កម្មសិទ្ធិបញ្ញា​លើ​ស្នាដៃរ​បស់បង កែវ ឯម ជា​សមាសភាព​ណាមួយ​ដែល​គួរ​ពិចារណា​ដោយ​អ្នក​ច្បាប់ និង​ដោយ​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន​របស់​យើង ៕