ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ជេរ​ប្រមា.ថ​រឿង​ខ្ចី​ម៉ូតូ ដា.ល់​៣​ដៃ សង​វិញ​៤​ពូថៅ ម្នាក់​ដេកពេទ្យ ម្នាក់​ទៀត​ជាប់​ខ្នោះ

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ ខណៈ​បុរស​ជា​ជន​រង​គ្រោះ បាន​ខ្ចី​ម៉ូតូ​គេ​ជិះ​(​ជនសង្ស័យ​ដៃដល់​) ជេរ​ប្រមាថ​ហើយ​ថែម​ទាំង​វាយ​ម្ចាស់​ម៉ូតូ​ចំនួន​៣​ដៃ​ទៀត ធ្វើ​ឱ្យ​ជនសង្ស័យ​ដៃដល់​ជា​ម្ចាស់​ម៉ូតូ​ទ្រាំ​លែង​បាន​ស្ទុះ​ទៅ​ទាញ​ពូថៅ​កាប់​សន្ធប់​ចំនួន​៤​ពូថៅ បណ្តាល​ធ្លាយ​ខួរ​រង​របួស​ធ្ងន់ធ្ងរ សល់​តែ​ដង្ហើមចង្រិត ជន​រង​គ្រោះ​ដេកពេទ្យ ជន​ដៃដល់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​។

ករណី​ហិង្សា​ដោយ​ចេតនា​វាយ​៣​ដៃ​ទៅ កាប់​ចំនួន​៤​ពូថៅ ខឹង​រឿង​ខ្ចី​ម៉ូតូ​ជិះ​បាន​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ចំណុច​ភូមិ​ក្រាំង​តា​សោម ឃុំ​ជំពូព្រឹក្ស ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​និយាយ​ឲ្យ​ដឹង​ថា មាន​ករណី​ហិង្សា​ដោយ​ចេតនា​មួយ​កើតឡើង ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ម្នាក់ មានឈ្មោះ ផេង ដា​លី​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូរ​ក្រពើ ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ បច្ចុប្បន្ន​ធ្វើ​ការងារ​ជាង​ផ្សារ​ដែក​នៅ​ចំណុច​ភូមិ​ក្រាំង​តា​សោម ឃុំ​ជំពូ​ព្រឹក ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ​។

បាន​ធ្វើ​សកម្មភាព​យក​ពូថៅ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ដែល​ជា​អ្នកធ្វើការ​ងារ​ជាង​ផ្សារ​ដែក​ជាមួយ​គ្នា ចំនួន​៤​ពូថៅ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ត្រូវ​ស្លឹកត្រជៀក​ខាងឆ្វេង​១​កន្លែង ត្រូវ​ចំ​ក្បាល​ពីក្រោយ​១​កន្លែង ត្រូវ​ចំ​កញ្ចឹងក​១​កន្លែង និង​ត្រូវ​ចំ​ស្មារ​ខាងឆ្វេង​ចំនួន​១​កន្លែង​ថែម​ទៀត​ផង​។

ចំណែក​ជនរ​គ្រោះ​មានឈ្មោះ កែន គ​ន្ធា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ទីកន្លែង​កំណើត​រស់នៅ​ក្នុងភូមិ​មហា​រាជ្យ ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ បច្ចុប្បន្ន​មក​ធ្វើ​ការងារ​ជាង​ផ្សារ​ដែក​នៅ​ចំណុច​ភូមិ​ក្រាំង​តា​សោម ឃុំ​ជំពូព្រឹក្ស ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​បន្ត​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ខ្ចី​ម៉ូតូ​ដើម្បី​ជិះ ហើយ​ជន​រង​គ្រោះ​បាន​ជេរ​ប្រមាថ​នូវ​ពាក្យ​អសុរោះ​ទៅ​លើ​ជន​ដៃដល់​ហើយ​ថែម​ទាំង​វាយ​ទៅ​លើ​ជន​ដៃដល់​ជា​ម្ចាស់​ម៉ូតូ​ចំនួន​៣​ដៃ​ថែម​ទៀត​ផង​។ ដោយ​ទ្រាំ​នូវ​ទ​ង្វើ​របស់​ជន​រង​គ្រោះ​លែង​បាន​ជនសង្ស័យ​ដៃដល់​ជា​ម្ចាស់​ម៉ូតូ​បាន​ស្ទុះ​ទៅ​ទាញ​ពូថៅ​កាប់​សន្ធាប់​ទៅ​លើ​ជន​រង​គ្រោះ បណ្ដាល​ឱ្យ​រង​របួស​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​÷ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់ទី​តាំង​កន្លែង​កើតហេតុ​និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​យក​មក​សាកសួរ ដោយ​រូបគេ​បាន​ឆ្លើយ​សារភាព​ថា​រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​យក​ពូថៅ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​។​មូលហេតុ​ដោយសារ​តែ​ជន​រង​គ្រោះ​បាន​ខ្ចី​ម៉ូតូ​របស់​ខ្លួន​រួច​ហើយ​និយាយ​មើលងាយ​ជេរ​ដៀល​ប្រមាថ នូវ​ពាក្យ​អសុរោះ និង​វាយ​មក​លើ​រូប​ខ្លួន​ចំនួន​០៣​ដៃ ទើប​រូបគេ​ខឹង​ក៏​បាន​ស្ទុះ​ទៅ​យក​ពូថៅ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​៤​ពូថៅ​វិញ​ទៅ ។

ជន​រង​គ្រោះ​បាន​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​ដឹក​ប​ញ្ចូ​ន​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ។ ក្រោយ​កើតហេតុ​នគរបាល​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​ ពូថៅ​ចំនួន​១​ដើម ទូរស័ព្ទ​ដៃ​១​គ្រឿង ម៉ាក​OPPO ពណ៌​ខៀវ​ផង​ដែរ​។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ដៃដល់​រួម​ជាមួយនឹង​វត្ថុ​តាង​នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕