ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាយគំនុំ​ចាស់ ជន​ដៃដល់​ទាញ​​ពូថៅ​កា.ប់​ ផ្អើលភូមិ

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ដៃដល់​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ ធ្វើការ​ឃាត់ខ្លួន​ខណៈ​ដែល​ទាញ​កូន​ពូថៅ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​៣​ពូថៅ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​ដេរ​ចំនួន​១០​ថ្នេរ ។​ជនសង្ស័យ​ដៃដល់ ចោទ​ថា​ជន​រង​គ្រោះ​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​ស្រី​ស្នេហ៍​របស់​ខ្លួន និង​ធ្លាប់​មាន​ជម្លោះ​ជាមួយ​គ្នា​កាល​កន្លង​ទៅ​។

ករណី​ហិង្សា​ដោយ​ចេតនា ជនសង្ស័យ​ដៃដល់​ទាញ​កូន​ពូថៅ កាប់​ទៅ​លើ​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ចំណុច​ក្នុងផ្ទះ​ជន​រង​គ្រោះ​ក្នុងភូមិ​ព្រៃធំ ឃុំ​យុទ្ធ​សាមគ្គី ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ​។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដៃដល់​ដែល​ឃាត់ខ្លួន​មានឈ្មោះ​ថា ធៀង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ព្រៃធំ ឃុំ​យុទ្ធ​សាមគ្គី ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ​។

ចំណែក​ជន​រង​មាន​គ្រោះ​ឈ្មោះ យ៉ាវ កំសត់ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​ព្រៃធំ ឃុំ​យុទ្ធ​សាមគ្គី ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ​។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​កំពុង​អង្គុយ​លើ​គ្រែ​មុខ​ផ្ទះ ស្រាប់តែ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ចូល​មក​ផ្ទះ​ជន​រង​គ្រោះ ហើយ​បាន​ធ្វើ​សកម្មភាព​យក​កូន​ពូថៅ​កាប់​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​រង​របួស​ត្រូវ​ចំនួន​៣​កន្លែង ចំ​ក្បាល​ចំនួន​២​ក​ន្លែ និង ស្មា​ចំនួន​១​កន្លែង ដេរ​ចំនួន​១០​ថ្នេរ​។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​ថា ក្រោយ​កើត​សាច់ញាតិ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​ជួយ​អន្តរាគមន៍​។ លុះ​រហូត​ដល់​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៦ កំលាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​យក​មក​សាកសួរ​។ ជនសង្ស័យ​ដៃដល់​បាន​ឆ្លើយ​សារភាព​ថា​រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​ជន​រង​គ្រោះ​ខាងលើ​ពិតប្រាកដ​មែន​។ មូលហេតុ​គឺ​រូបគេ​(​ជនសង្ស័យ​)​ខាងលើ​មាន​គំនុំ​ជាមួយ​ជន​រង​គ្រោះ ដោយសារ​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​ស្រី​ស្នេហ៍​របស់​ខ្លួន និង​ធ្លាប់​មាន​ជម្លោះ​ជាមួយ​គ្នា​កាល​កន្លង​មក​(​ជនសង្ស័យ​មាន​សភាព​ស្រវឹងស្រា​និង​ប្រើប្រាស់​សារធាតុ​ញៀន​)​។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ដៃដល់ សមត្ថកិច្ច​ធ្វើការ​ដកហូត​វត្ថុ​តាង​÷​កូន​ពូថៅ​ចំនួន​១​ដើម និង​ម៉ូតូ​១​គ្រឿង​ម៉ាក​YAMAHA FZ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1 DG-1322​។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ដៃដល់ រួម​ជាមួយនឹង​វត្ថុ​តាង​(​កូន​ពូថៅ និង​ម៉ូតូ​) ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​