ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ប៉ុស្តិ៍​ចាក់​អង្រែ​លើ ចុះ​ទៅ​សួរនាំ​ដល់​ផ្ទះ​ភ្លាម​ៗ ក្រោយ​បុរស​ម្នាក់​មិន​ហ៊ាន​ប្ដឹង​សមត្ថកិច្ច​រឿង​ក្មេង​គប់​ផ្ទះ ព្រោះ​ខ្លាច​អស់​លុយ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៦ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន គឺ​មាន​បុរស​ម្នាក់ បាន​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន ថា​មាន​ក្មេង​ស្ទាវ​គប់​ផ្ទះ និង​ពុំ​ហ៊ាន​ប្តឹង​សមត្ថកិច្ច​ឡើយ ព្រោះ​ខ្លាច​អស់​លុយ​។ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចាក់​អង្រែ​លើ បាន​ចុះ​ទៅ​ដល់​ផ្ទះ​បុរស​នោះ នៅ​ចំណុច​ផ្ទះ​ជួល​លក់​ទូរ​សព្ទ ផ្លូវ​បេតុង ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ដើម្បី​សួរនាំ នេះ​បើ​តាម​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

បើ​តាម​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​សមត្ថកិច្ច​សួរនាំ​បុរស​នោះ គាត់​ប្រាប់​សមត្ថកិច្ច ថា គាត់​មានឈ្មោះ ថេ​ង ធា​រ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​ម្ចាស់​ហាង ហើយ​កន្លង​មក​គាត់​ធ្លាប់​ប៉ះ​ពាក្យ​សម្តី​ជាមួយ​ក្មេង​ៗ អាយុ​ប្រហែល​១០ ទៅ​១១​ឆ្នាំ​បន្តិចបន្តួច​។ លុះ​រហូត​ដល់​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រហែល​០០:១៥​នាទី​យប់​អធ្រាត្រ ក៏​មាន​ឮ​សំឡេង​ធ្លាក់​អ្វី​នៅ​លើដំបូល​ផ្ទះ ទើប​ចេញ​មើល​តែ​ពុំ​ឃើញ​មាន​អ្នក​ណា​ឡើយ ដោយ​មិន​ហ៊ាន​ប្តឹង​សមត្ថកិច្ច​ខ្លាច​អស់​លុយ ហើយ​គាត់​បាន​បន្ត​ប្រាប់​ថា ឮ​សូរ​ពី​បងស្រី​ម្ចាស់ផ្ទះ​ជួល​ថា ធ្លាប់​បាត់​ខ្សែភ្លើង ថា​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​អស់​លុយ ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​ឲ្យ​ដឹង​បន្ត​ថា បន្ទាប់​មក ស​ត្ថ​កិច្ច​បន្ត​សាកសួរ​បងស្រី​ជា​ម្ចាស់ផ្ទះ​ជួល ក្រោយ​សាកសួរ គាត់​បាន​ប្រាប់​ថា កន្លង​មក​ប្រហែល​មួយ​ឆ្នាំ​មុន គាត់​បាន​បាត់​ខ្សែភ្លើង និង​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​កន្លែង​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ អនុវត្ត​តាម​នីតិវិធី​។ បងស្រី​ម្ចាស់ផ្ទះ​ជួល បញ្ជាក់​ថា នៅ​ពេល​នោះ គាត់​បាន​ឧបត្ថម្ភ​ថវិកា​បន្តិចបន្តួច​ប៉ុណ្ណោះ ដល់​សមត្ថកិច្ច ដើម្បី​ជា​ការ​លើកទឹកចិត្ត ដែល​សមត្ថកិច្ច​ខិតខំ​ធ្វើ​ការងារ​ជូន​គាត់ ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​បន្ថែម​ថា ទន្ទឹម​នឹង​នោះ សមត្ថកិច្ច​ក៏​បាន​ណែនាំ​ដល់​បុរស​ខាងលើ ឱ្យទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចាក់​អង្រែ​លើ ដោយ​មិន​តម្រូវ​ឱ្យ​បង់​សេវា​នោះ​ទេ បើសិន​មាន​ករណី​អ្វី​កើតឡើង​ឬ​សូម​រាយការណ៍​បន្ទាន់ ប្រាប់​សមត្ថកិច្ច ដើម្បី​សមត្ថកិច្ច​មាន​វិធានការ​អន្តរាគមន៍ ៕