និស្សិតថៃជាង៤,០០០នាក់ដែលមានព្រូនញ៉ុកថ្លើម ត្រូវអ្នកជំនាញព្រមានថា អាចវិវត្តទៅជាមហារីកមួយប្រភេទ បើមិនព្យាបាលទាន់ពេល ។

ក្រោយការរកឃើញនិស្សិតប្រុស-ស្រីថៃជាង៤,២០០នាក់ ក្នុងសាកលវិទ្យាល័យចំនួន២ នៅខេត្ត Maha Sarakham មានព្រូនថ្លើម ពេលនេះ វេជ្ជបណ្ឌិតឯកទេសថៃបានចេញមកព្រមានថា ព្រូនតូចៗទាំងនេះ មិនមែនគ្រាន់តែរស់នៅក្នុងថ្លើមប៉ុណ្ណោះទេ ប៉ុន្តែវាអាចបង្ករលាករ៉ាំរ៉ៃក្នុងបំពង់ទឹកប្រមាត់ រហូតវិវត្តទៅជាមហារីកបំពង់ទឹកប្រមាត់ ដែលជាប្រភេទមហារីកពិបាកព្យាបាល ប្រសិនបើមិនរកឃើញ និងព្យាបាលទាន់ពេល ។
ករណីនិស្សិតឆ្នាំទី១ ជាង៤,២០០នាក់ ត្រូវបានរកឃើញថាមានព្រូនថ្លើម នៅសាកលវិទ្យាល័យចំនួន២ ក្នុងខេត្ត Maha Sarakham ប្រទេសថៃ កំពុងបន្តបង្កការព្រួយបារម្ភ ខណៈអ្នកជំនាញវេជ្ជសាស្ត្រចេញមកព្រមានថា ជំងឺនេះ អាចបង្កផលវិបាកធ្ងន់ធ្ងរដល់សុខភាព ប្រសិនបើទុកឱ្យព្រូនរស់នៅក្នុងរាងកាយយូរឆ្នាំ។

លោកវេជ្ជបណ្ឌិត Jetsada Bunyawongviroj អនុប្រធានមន្ទីរពេទ្យ Maharaj Nakhon Ratchasima បានបង្ហោះសារតាម Facebook ផ្លូវការរបស់លោក ដោយព្រមានថា ការញ៉ាំត្រីទឹកសាបឆៅ ឬមិនទាន់ចម្អិនឆ្អិនល្អ សូម្បីតែមួយម៉ាត់ ក៏អាចធ្វើឱ្យឆ្លងព្រូនថ្លើមបានដែរ ។ លោកបញ្ជាក់ថា មនុស្សជាច្រើនយល់ច្រឡំថា ប្រហុកត្រី ឬត្រីដែលបានបំពងអំបិល ឬបំពងជូរ អាចសម្លាប់ព្រូនបាន ប៉ុន្តែការពិត ព្រូនប្រភេទនេះអាចរស់រានបានក្នុងបរិយាកាសប្រៃ ជូរ និងការបំពង ដូច្នេះវានៅតែអាចឆ្លងចូលក្នុងរាងកាយមនុស្សបាន ។
តាមការពន្យល់របស់លោកវេជ្ជបណ្ឌិត ព្រូនថ្លើម (Opisthorchis viverrini) ជាប៉ារ៉ាស៊ីតតូចៗដែលរស់នៅក្នុង បំពង់ទឹកប្រមាត់។ វាបង្កឱ្យមានការរលាករ៉ាំរ៉ៃជាបន្តបន្ទាប់ រហូតធ្វើឱ្យកោសិកាក្នុងបំពង់ទឹកប្រមាត់ប្រែប្រួល និងអាចវិវត្តទៅជា មហារីកបំពង់ទឹកប្រមាត់ (Cholangiocarcinoma) ដែលជាមហារីកមានអត្រាស្លាប់ខ្ពស់ និងពិបាកព្យាបាល ។

អ្វីដែលគួរឱ្យបារម្ភជាងនេះ គឺអ្នកឆ្លងភាគច្រើន មិនបង្ហាញរោគសញ្ញាភ្លាមៗឡើយ។ មនុស្សជាច្រើនអាចផ្ទុកព្រូនក្នុងខ្លួនអស់រយៈពេល១០ ទៅ២០ឆ្នាំ ដោយមិនដឹងខ្លួន។ នៅពេលចាប់ផ្តើមបង្ហាញរោគសញ្ញា វាអាចមានការឈឺចាប់ក្រោមជាយជំនីខាងស្តាំ ហើមពោះ ញ៉ាំអាហារមិនឆ្ងាញ់ ស្រកទម្ងន់ អស់កម្លាំងរ៉ាំរ៉ៃ ក្តៅខ្លួនតិចៗ ហើយក្នុងករណីធ្ងន់ធ្ងរ អាចលេចចេញអាការៈ លឿងភ្នែក លឿងស្បែក និងទឹកនោមពណ៌ក្រមៅ ដែលជាសញ្ញាថាបំពង់ទឹកប្រមាត់កំពុងមានបញ្ហាធ្ងន់។
លោកវេជ្ជបណ្ឌិតក៏បានព្រមានដែរថា ថ្នាំកម្ចាត់ព្រូនអាចសម្លាប់ព្រូនបាន ប៉ុន្តែមិនអាចបញ្ច្រាសការខូចខាតដែលបានកើតឡើងលើបំពង់ទឹកប្រមាត់ ឬកោសិកាដែលបានវិវត្តទៅជាមហារីករួចហើយបានទេ។ ដូច្នេះ ការបង្ការនៅតែជាវិធីល្អបំផុត។
អ្នកជំនាញណែនាំឱ្យប្រជាពលរដ្ឋជៀសវាងការទទួលទាន ត្រីទឹកសាបឆៅ ប្រហុកត្រីមិនទាន់ស្ងោរឱ្យពុះ និងម្ហូបដែលមិនទាន់ចម្អិនឆ្អិនល្អ។ លើសពីនេះ គួរប្រើក្តារកាប់ កាំបិត និងឧបករណ៍ផ្សេងៗដាច់ដោយឡែករវាងអាហារឆៅ និងអាហារឆ្អិន ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងប៉ារ៉ាស៊ីត ។ សម្រាប់អ្នកដែលធ្លាប់មានទម្លាប់ញ៉ាំអាហារប្រភេទនេះ គួរពិចារណាទៅពិនិត្យសុខភាព និងពិនិត្យលាមក ឬពិនិត្យថ្លើមដើម្បីរកការឆ្លងឱ្យបានឆាប់៕


ចែករំលែកព័តមាននេះ