ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះការសរសើរព្រោងព្រាត! ផ្ទះគំរូជនភៀសសឹកដាំរុក្ខជាតិបៃតងស្រស់ស្អាត ផ្ដល់ក្ដីសង្ឃឹមលើទឹកដីថ្មី

3 អាទិត្យ មុន

បន្ទាយ​មាន​ជ័យ ៖ កំពុង​តែ​ផ្ទុះ​ការ​ភ្ញាក់ផ្អើល និង​ចែករំលែក​ត​ៗ​គ្នា​យ៉ាង​ព្រោងព្រាត​ពេញ​បណ្តាញ​សង្គម នូវ​រូបភាព​ជា​ច្រើន​សន្លឹក​នៃ​ផ្ទះ​បណ្តោះអាសន្ន​របស់​ជនភៀសសឹក​មួយ​ខ្នង ដែល​ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​មាន​សណ្តាប់ធ្នាប់ និង​ពោរពេញ​ទៅ​ដោយ​រុក្ខជាតិ​បៃតង ស្រស់បំព្រង ។

រូបភាព​ទាំងនេះ ត្រូវ​បាន​បង្ហោះ​ដោយ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Bong Mony កាលពី​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២៦ កន្លង​ទៅ​នេះ ។ ម្ចាស់​គណនី​ខាងលើ​បាន​រៀបរាប់​ទាំង​ក្តី​រំភើប​ថា ៖ «​ផ្ទះ​ឪពុក​ម្ដាយ​ខ្ញុំ ដែល​ស្រស់​ស្អាត​បែប​ធម្មជាតិ ហើយ​ក៏​ជា​ផ្ទះ​គំរូ​របស់​ផ្ទះ​ជនភៀសសឹក​៣,០០០ ខ្នង​ផង​ដែរ (​ផ្ទះ​លេខ​៣០៧ ផ្លូវ​លេខ​៥) ។ ជួយ​ស៊ែរ​ម្នាក់​មួយ​ៗ​ផង​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា ដើម្បី​ឱ្យ​ជាប់​ចំណាត់ថ្នាក់​ផ្ទះ​ដែល​ស្អាត​បែប​ធម្មជាតិ គេ​នឹង​មាន​រង្វាន់​ជូន​ដល់​ពួក​គាត់​» ។

ភ្លាម​ៗ​ក្រោយ​ការ​បង្ហោះ អត្ថបទ និង​រូបភាព​ទាំងនេះ បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នកលេង​បណ្តាញ​សង្គម ដោយ​មានការ​ចូល​មក​បញ្ចេញមតិ គាំទ្រ និង​លើកទឹកចិត្ត​រាប់រយ ។ គណនី​មួយ​ចំនួន​បាន​លើក​ឡើង​ថា ការ​នាំ​គ្នា​ដាំ​ផ្កា ដំណាំ និង​ចិញ្ចឹមសត្វ​បែប​នេះ គឺជា​រឿង​ល្អ​បំផុត​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ជំងឺ​បាក់ទឹកចិត្ត និង​ការ​នឹក​ស្រុក ព្រមទាំង​ជួយ​កាត់​បន្ថយ ការ​ចំណាយ​បាន​មួយ​កម្រិត​ធំ​ផង​ដែរ ។

មហាជន​បាន​ពោល​សរសើរ​ថា ៖ «​មនុស្ស​មានគំនិត ទៅ​ដល់​ណា​ក៏​មិន​ខ្វះ​ហូប​ដែរ​… មិន​យក​ពេលវេលា​ដែល​បាក់ទឹកចិត្ត​ទៅ​បោះចោល​ឥតប្រយោជន៍​» និង​«​ពូជ​ល្អ ដាំ​លើ​ថ្ម​ក៏​ដុះ​ដែរ​» ។ មតិ​ភាគច្រើន​បាន​លាន់មាត់​សរសើរ​ចំពោះ​ភាព​ហ្មត់ចត់ និង​ការ​ចេះ​រៀបចំ​ទុកដាក់ ៖ «​មិន​ថា រស់នៅ​ទីណា​ទេ បើ​យើង​ចេះ​រៀបចំ​ឱ្យ​មាន​សណ្តាប់ធ្នាប់ មាន​អនាម័យ វា​នឹង​ជាទី​ដែល​យើង​ចង់​រស់នៅ ហើយ​ជា​សេចក្តីសុខ​របស់​យើង​» និង​ខ្លះ​ទៀត​ពោល​ថា «​ទោះ​មាន ឬ​ក្រ មើលទៅ​គួរ​ឱ្យ​ចង់​រស់នៅ​ណាស់​» ។

ទោះបីជា​ត្រូវ​ចាក​ចេញពី​ដីធ្លី​ចាស់ តែ​មហាជន​បាន​ជំរុញ​ទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ទាំងអស់​ស៊ូ​ពុះពារ ៖ «​ចាប់ផ្តើម​ស្រស់ស្រាយ​ម្តង​បន្តិច​ៗ​ហើយ​បង​» «​ខែវស្សា​នេះ បងប្អូន​រួម​គ្នា​ដាំ​ដំណាំ ទេសភាព​នឹង​ប្រែ​ស្រស់បំព្រង​លើ​ទឹកដី​ថ្មី​នៃ​ក្តី​សង្ឃឹម ស៊ូ​ទាំងអស់​គ្នា​» ។

ទន្ទឹម​នឹង​ការ​សរសើរ ក៏​មាន​បងប្អូន​ខ្លះ​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​ស្ថានភាព​រស់នៅ​ជាក់ស្តែង ដោយ​បាន​សាកសួរ​ពី​ប្រព័ន្ធ​ទឹក​-​ភ្លើង និង​បារម្ភ​ខ្លាច​ផ្លូវ​ដី​ចាក់​ថ្មី​នឹង​មាន​ភាព​ស្អិត​ពិបាកធ្វើ​ដំណើរ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាដើម ។

ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់​ដឹង និង​ការ​បារម្ភ​របស់​មហាជន ជុំវិញ​លក្ខខណ្ឌ​រស់នៅ​របស់​បងប្អូន​ជនភៀសសឹក ផ្អែក​តាម​ទិន្នន័យ​ផ្លូវការ ពី​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ បានឱ្យ​ដឹង​ថា ផ្ទះ​បៃតង​គំរូ​ខាងលើ​នេះ គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ជម្រក​បណ្តោះអាសន្ន ដែល​រាជរដ្ឋាភិបាល​បាន​សាងសង់​រួចរាល់ ផ្ទះ​សរុប ៣,០០០​ខ្នង ស្ថិត​នៅ​ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ។ ទី​នេះ​ជា​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​របស់​ប្រជាពលរដ្ឋ​ភៀស​សឹក​ជា​ច្រើន​រយ​គ្រួសារ មក​ពី​ភូមិ​នានា នៃ​តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដែល​បាន​ចាប់ឆ្នោត​ជ្រើសរើស​ដី​ឡូ​តិ៍ ចាប់​តាំង​តែ​ពី​ខែមីនា ឆ្នាំ​២០២៦​មក​ម្ល៉េះ ។ ចំពោះ​ទំហំ​ដី​ផ្ទះ និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​យកចិត្តទុកដាក់ ដោយ​ផ្ទះ​នីមួយ​ៗ​មាន​ទំហំ​ដី ២០​គុណ​នឹង ៣០ ម៉ែត្រ ដែល​ផ្តល់​លំហូរ​ទូលាយ​អាច​ឱ្យ​បងប្អូន​ដាំ​ដុះ​បន្លែបង្ការ និង​រៀបចំ​រុក្ខជាតិ​បៃតង​ជុំវិញ​ផ្ទះ​បាន​យ៉ាង​ស្រស់​ស្អាត​ដូច​ផ្ទះ​គំរូ​ខាងលើ ។

រាល់​ខ្នង​ផ្ទះ​ទាំងអស់​សុទ្ធតែ​មាន​បន្ទប់ទឹក​ប្រើប្រាស់​ផ្ទាល់ខ្លួន ព្រមទាំង​មានការ​ត​ភ្ជាប់​បណ្តាញទឹក និង​ភ្លើង​ប្រើប្រាស់​គ្រប់គ្រាន់ ។ ដើម្បី​សម្រាល​បន្ទុក រាជរដ្ឋាភិបាល​បាន​ជួយ​សម្រួល​ថ្លៃ​ទឹក និង​ថ្លៃ​ភ្លើង​ជូន​បងប្អូន​រយៈពេល​ពេញ​មួយ​ឆ្នាំ ដោយ​កំណត់​មួយ​ខ្នង​ផ្ទះ​ប្រើប្រាស់​ត្រឹម​៣០​គីឡូវ៉ាត់ ក្នុង​មួយ​ខែ ។ នៅ​ក្នុង​ទីតាំង​ជម្រក​ស្នាក់​នៅ​បណ្តោះអាសន្ន​នេះ អាជ្ញាធរ​ក៏​បាន​រៀបចំ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រួម​មាន សាលារៀន មណ្ឌល​សុខភាព និង​ទីស្នាក់ការ​សន្តិសុខ ដើម្បី​បម្រើសេវា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ឱ្យ​មាន​ភាព​កក់ក្តៅ ។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ធ្លាប់​បាន​គូសបញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ផ្តល់​ជម្រក​បណ្តោះអាសន្ន​ដែល​មានការ​គិតគូរ​ទាំង​បរិស្ថាន និង​សុខុមាលភាព​បែប​នេះ គឺ​ដើម្បី​ធានា​ការ​រស់នៅ​របស់​បងប្អូន​ពលរដ្ឋ ។ តែ​ទោះជា​យ៉ាងណា នេះ​មិនមែន​មាន​ន័យ​ថា រាជរដ្ឋាភិបាល​បោះបង់​សិទ្ធិ​ទាមទារ​ទឹកដី​នោះ​ឡើយ ពោល គឺ​រាជរដ្ឋាភិបាល​នៅ​តែ​មាន​ជំហរ​ម៉ឺងម៉ាត់ និង​ដាច់ខាត​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី តាម​យន្តការ​ការទូត​ដោយ​សន្តិវិធី ។

ការ​ចេះ​ច្នៃប្រឌិត និង​ភាព​ឧស្សាហ៍​ព្យាយាម​របស់​គ្រួសារ​ភៀស​សឹក​គំរូ​នេះ បាន​សរ​បញ្ជាក់​ឱ្យ​ឃើញ​ថា ទោះបីជា​ស្ថិត​ក្នុង​ស្ថានភាព​លំបាក ឬ​ជាទី​ជម្រក​បណ្តោះអាសន្ន​ក៏​ដោយ ឱ្យ​តែ​យើង​ចេះ​រៀបចំ ទីនោះ​នឹង​ក្លាយជា​កន្លែង​រស់នៅ​ដ៏​មាន​ក្តី​សុខ និង​ជា​ចំណុច​ចាប់ផ្តើម​នៃ​ក្តី​សង្ឃឹម​ដ៏​រឹង​មាំ​បំផុត​សម្រាប់​សហគមន៍​ទាំងមូល​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>