ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សែ​ល​កាត ចាប់ដៃជាមួយរដ្ឋបាលខេត្តសៀមរាប រុញច្រានបច្ចេកវិទ្យា 5G លើកស្ទួយវិស័យទេសចរណ៍ឌីជីថល

3 ម៉ោង មុន

ខេត្តសៀមរាប ៖ ក្រុមហ៊ុន​សែ​ល​កាត ដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​នៅ​កម្ពុជា បាន​ប្រកាស​ពី​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប ក្រោម​អធិបតីភាព​របស់​លោក ង៉ូ​វ សេង​កាក់…

ខេត្តសៀមរាប ៖ ក្រុមហ៊ុន​សែ​ល​កាត ដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​នៅ​កម្ពុជា បាន​ប្រកាស​ពី​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប ក្រោម​អធិបតីភាព​របស់​លោក ង៉ូ​វ សេង​កាក់ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត និង​ជា​តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ ។ ក្នុង​កិច្ចសហការ​ជា​យុទ្ធសាស្ត្រ​នេះ ក្រុមហ៊ុន​សែ​ល​កាត​បាន​ក្លាយជា ដៃគូ​សហប្រតិបត្តិការ​ទូរគមនាគមន៍​ឌី​ជី​ថ​ល របស់​រដ្ឋបាល​ខេត្តសៀមរាប ​។

កិច្ចសហការ​នេះ គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​ប្រែក្លាយ​ខេត្តសៀមរាប ឱ្យទៅ​ជា​គោលដៅ​ទេសចរណ៍ ដែល​មានការ​ត​ភ្ជាប់​យ៉ាង​ពេញលេញ និង​ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​អនាគត តាម​រយៈ​ការ​ត្រៀម​ដាក់​ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា 5G របស់ cellcard ក្នុង​ក្រុង​សៀមរាប ព្រមទាំង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បណ្តាញ​សេវា​ឱ្យ​កាន់តែ​មានគុណ​ភាព​ខ្ពស់​នៅ​ទូ​ទាំង​ខេត្ត​ ។ ចំណុច​ស្នូល​នៃ​កិច្ចសហការ​នេះ គឺ​ការ​ជឿជាក់​រួម​គ្នា​ថា «​កា​រត​ភ្ជាប់​» គឺជា​គ្រឹះ​នៃ​ទេសចរណ៍​ប្រកប ដោយ​ចីរភាព ដែល​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​មិន​ត្រឹមតែ​អាច​ដើរ​កម្សាន្ត​បាន​យ៉ាង​រលូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ថែម​ទាំង​អាច​ចែករំលែក​ភាព​អស្ចារ្យ​នៃ​ខេត្តសៀមរាប​ទៅ​កាន់​ពិភពលោក​បាន​ភ្លាម​ៗ ដែល​ជួយ​បង្កើន​ភាព​ទាក់ទាញ​ជាស​កល និង​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​ក្នុងស្រុក ​។

ក្រុមហ៊ុន​សែ​ល​កាត និង​រដ្ឋបាល​ខេត្តសៀមរាប នឹង​រួម​គ្នា​អនុវត្ត​គំនិត​ផ្តួចផ្តើម​សំខាន់​ៗ​មួយ​ចំនួន ដើម្បី​លើកកម្ពស់​បទ​ពិសោធ​របស់​ភ្ញៀវ​ទេសចរ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ ៖
•​ ​កា​រត​ភ្ជាប់​ជំនាន់​ថ្មី​៖ ការ​ដាក់​ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា 5G ក្នុង​ក្រុង​សៀមរាប រួម​ជាមួយ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ 4G និង 5G ដើម្បី​ផ្តល់​នូវ​សេវា​អ៊ីនធឺណិត​កាន់តែ​លឿន និង មាន​ទំនុកចិត្ត​សម្រាប់​ប្រជាពលរដ្ឋ អាជីវកម្ម និង​ភ្ញៀវ​ទេសចរ​ ។
•​ ​សេវា WiFi សាធារណៈ​៖ ការ​ដំឡើង​សេវា WiFi សាធារណៈ​នៅ​តាម​តំបន់​ទេសចរណ៍​សំខាន់​ៗ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ​ក្នុង​ការ​ស្វែងរក​ព័ត៌មាន ចែករំលែក​រូបភាព និង​ស្វែង យល់​ពី​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​ខេត្តសៀមរាប​ ។
•​ ​ការ​ជំរុញ​ទេសចរណ៍​តាម​រយៈ​ព្រឹត្តិការណ៍​ផ្សេង​ៗ និង​ការ​ធ្វើ​ទីផ្សារ​៖ ការ​ឧបត្ថម្ភ​ព្រឹត្តិការណ៍​យុទ្ធសាស្ត្រ និង​យុទ្ធនាការ​ទីផ្សារ​រួម​គ្នា ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​មក​កាន់​ខេត្តសៀមរាប​កាន់តែ​ច្រើន ដែល​ជួយ​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍​ពេញ​មួយ​ឆ្នាំ​។
•​ ​ការ​លើកកម្ពស់​ជីវភាព​ក្នុង​តំបន់​៖ ការ​ប្រើប្រាស់​បណ្តាញ និង​ប្រព័ន្ធ​ឌី​ជី​ថ​ល​របស់ cellcard ដើម្បី​ភ្ជាប់​ទំនាក់ទំនង​រវាង​អ្នកបើកបរ (​តាក់ស៊ី​/​កង់​បី​) ជាមួយ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​បង្កើត​ឱកាស​ការងារ​ថ្មី​ៗ និង​បង្កើន​ប្រាក់​ចំណូល​ក្នុង​សហគមន៍​។
•​ ​សេវា​ឌី​ជី​ថ​ល​សម្រាប់​ភ្ញៀវ​ទេសចរ​៖ ការ​ដាក់​ឱ្យ​ប្រើប្រាស់​សេវា eSIM និង​ដំណោះស្រាយ​ទូរស័ព្ទ​សម្រាប់​ភ្ញៀវ​អន្តរជាតិ រួម​ទាំង​ការ​ប្រើប្រាស់​កម្មវិធី​ទំនាក់ទំនង​សំខាន់​ៗ​ដូច​ជា WhatsApp ជាដើម ដើម្បី​ធានា​ថា​ពួក​គាត់​អាច​រក្សា​កា​រត​ភ្ជាប់​បាន​យ៉ាង​ងាយស្រួល​ចាប់ពី​ពេល​មក​ដល់​ ។

លោក ង៉ូ​វ សេង​កាក់ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត សៀមរាប មាន​ប្រសាសន៍​ថា​៖ «ការ​សហការ​ជាមួយ​ក្រុមហ៊ុន​សែ​ល​កាត​នេះ គឺជា​ជំហាន​សំខាន់​មួយ​ក្នុង​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល​នៅ​ខេត្តសៀមរាប និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍​។ ជាមួយ​គ្នា​នេះ យើង​នឹង​ជំរុញ​ការ​ប្រើប្រាស់ eSIM គាំទ្រ​អាជីវកម្ម​វិស័យ​ទេសចរណ៍​តាម​រយៈ​វគ្គ​បណ្តុះបណ្តាល​ផ្នែក​សេវាកម្ម និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ចូល​ប្រើ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​សម្រាប់​សហគមន៍​មូលដ្ឋាន ជា​ពិសេស​អ្នកបើកបរ​តុ​កតុក ដើម្បី​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ភ្ញៀវ​ទេសចរ​បាន​កាន់តែ​ងាយស្រួល និង​បង្កើន​ប្រាក់​ចំណូល​។ យើង​ជឿជាក់​ថា កា​រត​ភ្ជាប់​ដែល​កាន់តែ​មាន​ប្រសិទ្ធភាព នឹង​ជួយ​បង្កើន​បទ​ពិសោធ​ភ្ញៀវ​ទេសចរ និង​បង្កើត​ឱកាស​សេដ្ឋកិច្ច​បន្ថែម​សម្រាប់​សហគមន៍​មូលដ្ឋាន​» ​។

លោក Yap Kok Leong (KL) អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បាន​បន្ថែម​ថា​៖ «​យើងខ្ញុំ​មាន​កិត្តិយស​ណាស់ ដែល​បាន​ក្លាយជា​ដៃគូ​សហការ​ទូរគមនាគមន៍​ឌី​ជី​ថ​ល របស់​រដ្ឋបាល​ខេត្តសៀមរាប​។ កិច្ចសហការ​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​រយៈពេល​វែង​របស់​យើងខ្ញុំ ក្នុង​ការ​គាំទ្រ​ដល់​កំណើន​របស់​កម្ពុជា តាម​រយៈ​កា​រត​ភ្ជាប់​ទំនាក់ទំនង​។ ជាមួយ​បច្ចេកវិទ្យា 5G និង​សេវា​ឌី​ជី​ថ​ល យើងខ្ញុំ​កំពុង​កសាង​មូលដ្ឋាន​គ្រឹះ សម្រាប់​ការ​ទទួលយក​បទ​ពិសោធ ចែករំលែក និង​ផ្សារ​ភ្ជាប់​ជាមួយ​ខេត្តសៀមរាប​។ នេះ​គឺជា​ការ​ភ្ជាប់​ទំនាក់ទំនង​តាម​បែប​ឌី​ជី​ថ​ល ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​សម្រាប់​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​មួយ​របស់​កម្ពុជា ហើយ​ក៏​ជា​បេសកកម្ម​មួយ​ដែល​យើងខ្ញុំ​នឹង​បន្ត​ពង្រីក​ទៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ​»​ ។

កិច្ចសហការ​នេះ​មិនមែន​សម្រាប់​តែ​កា​រត​ភ្ជាប់​អ៊ីនធឺណិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​បើក​បង្ហាញ​នូវ សក្ដានុពល​ពេញលេញ​របស់​ខេត្តសៀមរាប ផង​ដែរ​។ តាម​រយៈ​ការ​រួម​បញ្ចូល​គ្នា​នៃ​បច្ចេកវិទ្យា ទេសចរណ៍ និង​សហគមន៍ ក្រុមហ៊ុន​សែ​ល​កាត និង​រដ្ឋបាល​ខេត្តសៀមរាប កំពុង​បង្កើត​អនាគត​មួយ​ដែល​រាល់​កា​រត​ភ្ជាប់ នឹង​នាំ​មក​នូវ​ឱកាស ហើយ​ការ​ភ្ជាប់​ទំនាក់ទំនង​បែប​ឌី​ជី​ថ​ល​នឹង​ក្លាយជា​តថភាព​សម្រាប់​មនុស្ស​គ្រប់​គ្នា ​៕ អត្ថបទសហការ