សហរដ្ឋអាមេរិក ៖ ព្រលានយន្តហោះ LAGUARDIA ក្រុងញូវយ៉ក ត្រូវបិទរហូតដល់មានបទបញ្ជាជាថ្មី ក្រោយការបុកគ្នារវាងយន្តហោះ១គ្រឿង និងរថយន្តពន្លត់ភ្លើង១គ្រឿងនៅលើផ្លូវចុះកាលពីយប់ថ្ងៃទី២២ មីនា។

ក្នុងសេចក្ដីប្រកាសមួយក្រុមហ៊ុនអាកាសចរណ៍កាណាដា AIR CANADA និយាយថា យើងមានក្ដីសោកសៅយ៉ាងខ្លាំង ចំពោះការបាត់បង់អាយុជីវិតអ្នកបើ់កយន្តហោះយើង២នាក់។ ចំណែកលោកស្រីCATHDRYN GARCIA អគ្គនាយិការបស់អាជ្ញាធរកំពុងផែក្រុងញូវយ៉កដែលគ្រប់គ្រងព្រលានយន្តហោះនោះដែរ ក្នុងសន្និសីទសារព័ត៌មានមួយលើកឡើងថា អ្នកបើកនិងសហអ្នកបើកយន្តហោះរបស់AIR CANADA បានត្រួវស្លាប់។
សរុបមនុស្ស៤១នាក់ ក្នុងនោះ មានអ្នកដំណើរ សមាជិកក្រុមយានិក និងអ្នកពន្លត់ភ្លើង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ លោកស្រីបញ្ជាក់ថា មនុស្សមួយចំនួនរងរបួសធ្ងន់ ។ តាមអាជ្ញាធរព្រលានយន្តហោះថា មនុស្ស៣២នាក់អាចចេញពីមន្ទីរពេទ្យវិញ ហើយមនុស្ស៩នាក់ ដែល២នាក់ខាងរថយន្តពន្លត់ភ្លើង ស្ថិតក្នុងមន្ទីរពេទ្យនៅឡើយរហូតដល់ព្រឹកថ្ងៃទី២៣មីនា។
គ្រោះថ្នាក់នោះកើតមានកាលពីថ្ងៃទី២២ មីនា វេលាម៉ោង២៣ និង៤០នាទីម៉ោងក្នុងស្រុក ។ បន្ទាប់ពីការចុះយន្តហោះធុនCRJ900 របស់ក្រុមហ៊ុនJAZZ AVIATION ដែលហោះហើរបម្រើឲ្យក្រុមហ៊ុន AIR CANADA បានបុកជាមួយរថយន្តពន្លត់ភ្លើង១គ្រឿងដែលមកជួយធ្វើអន្តរាគមន៍ ក្នុងឧប្បត្តិហេតុមួយផ្សេងទៀត ។
តាមក្រុមហ៊ុនJAZZ AVIATION ថា យន្តហោះនេះ បានចុះនៅក្រុងញូវយ៉កក្រោយហោះចេញពីក្រុងម៉ុងរេអាល់ ដោយក្នុងយន្តហោះនោះមានអ្នកដំណើរ៧២នាក់និងសមាជិកក្រុមយានិក៤នាក់។ ការបុកគ្នាបណ្ដាលឲ្យផ្នែកខាងមុខនៃយន្តហោះរងការខូចខាតធ្ងន់ធ្ងរ៕
ចែករំលែកព័តមាននេះ