(រាជធានីភ្នំពេញ)៖ ខណៈដែលកម្ដៅថ្ងៃកំពុងតែបន្តកើនឡើងដល់ ៣៦អង្សាសេ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ឥទ្ធិពលនៃរបបខ្យល់មូសុងឦសានកំពុងបន្តគ្របដណ្ដប់លើកម្ពុជា ដែលបង្កឱ្យមានការប្រែប្រួលធាតុអាកាសគួរឱ្យកត់សម្គាល់នៅតាមតំបន់មួយចំនួន។
ចាប់ផ្តើមពីតំបន់វាលទំនាប ប្រជាពលរដ្ឋដែលរស់នៅខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង និងសៀមរាប ត្រូវត្រៀមលក្ខណៈឱ្យបានល្អ ព្រោះអាចនឹងមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ក្នុងកម្រិត ១០% នៃផ្ទៃដី។ ដោយឡែកសម្រាប់រាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងទៀតក្នុងតំបន់នេះ គឺនៅតែបន្តមានអាកាសធាតុក្តៅ និងពុំមានភ្លៀងធ្លាក់ឡើយ។
ចំណែកតំបន់ខ្ពង់រាបវិញ សីតុណ្ហភាពអតិបរមាអាចឡើងដល់ ៣៥អង្សាសេ។ បាតុភូតភ្លៀងធ្លាក់ ផ្គរ រន្ទះ ក៏អាចនឹងកើតមានឡើងផងដែរនៅខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ រួមទាំងតំបន់ជួរភ្នំដងរែក និងជួរភ្នំក្រវាញ។ ចំពោះប្រជាពលរដ្ឋនៅតំបន់មាត់សមុទ្រ ស្ថានភាពហាក់មានការប្រែប្រួលខ្លាំងជាងគេបន្តិច ដោយអាចមានភ្លៀងធ្លាក់គ្របដណ្ដប់ដល់ ១៥% នៃផ្ទៃដី អមដោយខ្យល់កន្ត្រាក់ និងរលកសមុទ្រដែលអាចឡើងខ្ពស់ដល់ ១ម៉ែត្រ។
ប្រជាពលរដ្ឋទាំងអស់ បន្តតាមដានព័ត៌មានធាតុអាកាសឱ្យបានជាប់ជាប្រចាំ និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរ និងការរស់នៅប្រចាំថ្ងៃ៕
ចែករំលែកព័តមាននេះ