ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការធ្វើការងារជាក្រុមគឺជាបេះដូងនៃជោគជ័យក្នុងស្ថាប័ន ប៉ុន្តែជារឿយៗតែងមានបុគ្គលខ្លះដែលធ្វើឱ្យបរិយាកាសការងារធ្លាក់ចុះ និងធ្វើឱ្យមិត្តរួមការងារមានអារម្មណ៍ហត់នឿយផ្លូវចិត្ត។
ប្រសិនបើអ្នកចាប់ផ្ដើមសម្គាល់ឃើញថាមិត្តភក្តិក្នុងក្រុមហាក់ដកឃ្លាឆ្ងាយ ឬអ្នកមិនសូវត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងគម្រោងសំខាន់ៗ វាដល់ពេលដែលត្រូវពិនិត្យមើលចរិតលក្ខណៈទាំង ៥ នេះហើយ។ ក្រុមទីមួយគឺ “អ្នកជំនាញទម្លាក់កំហុស” ដែលមិនដែលទទួលខុសត្រូវរាល់កំហុសឆ្គង ប៉ុន្តែចំណាយពេលរកមុខអ្នកខុសជំនួសឱ្យការរកដំណោះស្រាយ។ ក្រុមទីពីរគឺ “ម៉ាស៊ីនផលិតថាមពលអវិជ្ជមាន” ដែលតែងតែរអ៊ូរទាំ មើលឃើញតែបញ្ហា និងចូលចិត្តនិយាយពាក្យថា “ធ្វើមិនកើតទេ” ដែលធ្វើឱ្យបាក់ទឹកចិត្តក្រុមទាំងមូល។
លក្ខណៈទីបីគឺ “មនុស្សអាត្មានិយម” ដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ចូលចិត្តឆក់យកស្នាដៃអ្នកដទៃ និងជៀសវាងការជួយជ្រោមជ្រែងការងាររួម។ ចំណែកឯក្រុមទីបួនគឺ “អ្នកទំនាក់ទំនងមិនច្បាស់លាស់” ដែលធ្វើឱ្យការងារយឺតយ៉ាវតាមរយៈការផ្ដល់ព័ត៌មានមិនគ្រប់គ្រាន់ មិនសូវតបសារ និងមិនចេះស្ដាប់មតិអ្នកដទៃ។ ចុងក្រោយគឺ “អ្នកមិនគោរពពេលវេលា” ដែលចូលចិត្តមកប្រជុំយឺត ឬបញ្ជូនការងារយឺតយ៉ាវជាប្រចាំ ធ្វើឱ្យប៉ះពាល់ដល់ខ្សែចង្វាក់ការងាររបស់មិត្តរួមក្រុមទាំងមូល។
ដើម្បីកែប្រែខ្លួនឱ្យក្លាយជាមនុស្សដែលគ្រប់គ្នាផ្ដល់តម្លៃ និងចង់ធ្វើការងារជាមួយ អ្នកគួរចាប់ផ្ដើមពីការហ៊ានទទួលស្គាល់កំហុស និងងាកមកផ្ដោតលើការរកដំណោះស្រាយរួមគ្នា។ ប្ដូរពាក្យរអ៊ូរទាំមកជាមតិស្ថាបនាដែលប្រកបដោយហេតុផល ផ្ដល់អាទិភាពដល់ផលប្រយោជន៍ក្រុមជាធំ និងចេះផ្ដល់តម្លៃដល់ស្នាដៃមិត្តរួមការងារដោយស្មោះត្រង់។ ការប្រាស្រ័យទាក់ទងដោយភាពច្បាស់លាស់ លឿនរហ័ស និងការគោរពពេលវេលាអ្នកដទៃ មិនត្រឹមតែជួយឱ្យការងាររលូនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយកសាងទំនុកចិត្ត និងបង្កើតបរិយាកាសការងារដែលពោរពេញដោយក្ដីសុខ និងការរីកចម្រើនពិតប្រាកដ៕
ចែករំលែកព័តមាននេះ