ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​មជ្ឈិមបូព៌ា បង្កើត​ផលវិបាក​សេដ្ឋកិច្ច​យ៉ាង​ទូលំទូលាយ​ទូ​ទាំង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក

2 ថ្ងៃ មុន

អន្តរជាតិ ៖ យោង​តាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ (UN) កាលពី​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​អំពី​ផលវិបាក​នៃ​សង្គ្រាម​មជ្ឈិមបូព៌ា​កំពុង​រីក​រាលដាល​ហួស​ពី​តំបន់​ឈូង​សមុទ្រ ដោយ​បាន​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ និង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ជា​ច្រើន​ផ្សេង​ទៀត​នៅ​ទូ​ទាំង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។ របាយការណ៍ UN…

អន្តរជាតិ ៖ យោង​តាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ (UN) កាលពី​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​អំពី​ផលវិបាក​នៃ​សង្គ្រាម​មជ្ឈិមបូព៌ា​កំពុង​រីក​រាលដាល​ហួស​ពី​តំបន់​ឈូង​សមុទ្រ ដោយ​បាន​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ និង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ជា​ច្រើន​ផ្សេង​ទៀត​នៅ​ទូ​ទាំង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។

របាយការណ៍ UN កាលពី​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៦ បាន​កត់​សម្គាល់ថា ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​នៅ​តំបន់​មជ្ឈិមបូព៌ា បាន​រំខាន​ដល់​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) និង​កំពុង​បង្កើត​ផលវិបាក​សេដ្ឋកិច្ច​យ៉ាង​ទូលំទូលាយ មិន​ត្រឹម​នៅ​តំបន់​ឈូង​សមុទ្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​នៅ​ទូ​ទាំង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ផង​ដែរ​។ ផល​ប៉ះពាល់​ភ្លាម​ៗ​អាច​មើលឃើញ​យ៉ាង​ច្បាស់​នៅ​ក្នុង​ការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​តម្លៃ​ដឹក​ជញ្ជូន តម្លៃ​ថាមពល និង​ជី រួម​ជាមួយនឹង​សម្ពាធ​រូបិយប័ណ្ណ និង​ការ​ប្រែប្រួល​ទីផ្សារ​ហិរញ្ញវត្ថុ​។

អាស៊ី​ខាងត្បូង​ត្រូវ​បាន​មើលឃើញ​ថា រង​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ ពិសេស​នៅ​ប្រទេស​ប៉ា​គី​ស្ថាន ស្រី​លង្កា និង​នេ​ប៉ា​ល់​។ ចំណែក​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ ដូច​ជា ចិន និង​ជប៉ុន កំពុង​បង្កើន​កិច្ច​ខិតខំ​ប្រឹង​ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​លើ​ការ​ផ្គត់ផ្គង់ ក៏​ដូច​ជា​ការ​កើនឡើង​តម្លៃ​។ ស្រប​ពេល​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ ក៏​មិន​ស្ថិត​នៅ​ឆ្ងាយ​ពី​ផល​ប៉ះពាល់​នេះ​ផង​ដែរ​។

ដោយ​ព្រមាន​អំពី​វិបត្តិ​ជីវភាព តាម​រយៈ​ការ​ពន្យល់​ពី​ភាព​ប្រែប្រួល​យ៉ាង​ទូលំទូលាយ​នេះ លោក Hamza Ali Malik នាយក​ផ្នែក​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​នៃ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ក (ESCAP) លើក​ឡើង​ថា ផល​ប៉ះពាល់​ដោយ​ផ្ទាល់​បំផុត កើត​ចេញពី​បញ្ហា​២​ផ្ទួន​គ្នា គឺ ការ​កើនឡើង​ថ្លៃ​ដឹក​ជញ្ជូន និង​ការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​តម្លៃ​ថាមពល និង​ជី​។

ដោយសារ​តម្លៃ​ប្រេង​ឆៅ​ប្រភេទ Brent នៅ​តែ​លើស​ពី ១០០ ដុល្លារ​ក្នុង​១​បារ៉ែល ដូច្នេះ​ការ​កើនឡើង​នៃ​ថ្លៃ​ធានា​រ៉ាប់រង និង​ថ្លៃ​ដឹក​ជញ្ជូន​បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រព័ន្ធ​ដឹក​ជញ្ជូន​សកល​។

លើស​ពី​នេះ លោកស្រី Rupa Chanda នាយក​នាយកដ្ឋាន​ពាណិជ្ជកម្ម​នៅ ESCAP បាន​បញ្ជាក់​ថា មាន​សញ្ញា​នៃ​ការ​រំខាន​ធ្ងន់ធ្ងរ​លើ​ផ្លូវ​ដឹក​ជញ្ជូន ដែល​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ឧស្សាហកម្ម​សំខាន់​ៗ ចាប់ពី​ការ​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និ​ចរ​ហូត​ដល់​គីមី​ឥន្ធនៈ​។ ការ​រំខាន​នេះ​បាន​នាំ​ឱ្យ​មាន​ផលវិបាក​ម៉ាក្រូសេដ្ឋកិច្ច​ជា​ច្រើន​។

ការ​ប៉ាន់​ប្រមាណ​របស់ UN បង្ហាញ​ថា តម្លៃ​ប្រេង​បាន​កើនឡើង​ប្រហែល ៤៥% ឧស្ម័ន​កើនឡើង ៥៥% និង​ជី​កើនឡើង ៣៥% ចាប់តាំងពី​ចុងខែ​កុម្ភៈ ឆ្នាំ​២០២៦ ដែល​ជំរុញ​ឱ្យ​អតិផរណា​ក្នុង​តំបន់​កើនឡើង​ដល់ ៤,៦% នៅ​ឆ្នាំ​នេះ​។ ជា​ពិសេស កង្វះខាត​ជី​កំពុង​គំរាមកំហែង​ដោយ​ផ្ទាល់​ដល់​សន្តិសុខ​ស្បៀងអាហារ​របស់​ប្រជាជន​ជិត ២ ពាន់​លាន​នាក់​នៅ​អាស៊ី​ខាងត្បូង​។ ជា​ទូទៅ ESCAP ព្យាករណ៍​ថា កំណើនសេដ្ឋកិច្ច​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់​អាច​នឹង​ថយ​ចុះ​មក​ត្រឹម ៤% នៅ​ឆ្នាំ​ក្រោយ​។

ក្រៅពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច ការ​ព្រួយបារម្ភ​ពិតប្រាកដ​ស្ថិត​នៅ​ក្នុង​បញ្ហា​ជីវភាព​រស់នៅ របស់​ប្រជាជន​។ អ្នកតំណាង​ពី​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) លោក Numan Özcan បាន​លើក​ឡើង​ថា នៅ​ពេល​ដែល​វិបត្តិ​នៅ​តែ​បន្ត ហានិភ័យ​ចម្បង​គឺថា​ការ​ប៉ះទង្គិច​សេដ្ឋកិច្ច​ខាងក្រៅ​ក្លាយជា​វិបត្តិ​នៅ​ក្នុង​គ្រួសារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ