ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​៖ កម្មករ និង​និយោជក​នៃ​រោងចក្រ ជេ ស្តារ ហ្គា​រ​ម៉ិ​ន ឯកភាព​ទទួលយក​ដំណោះស្រាយ​៦​ចំណុច និង​អំពាវ​ឱ្យ​ភាគី​ទាំង​ពីរ​គោរព​ការ​ឯកភាព​ឱ្យ​បាន​ខ្ជាប់ខ្ជួន

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ​ ៖ ការ​ទាមទារ​របស់​បងប្អូន​កម្មករ​កម្មការិនី​ នៃ​រោងចក្រ ជេ ស្តារ ហ្គា​រ​ម៉ិ​ន ដែល​មាន​ទីតាំង ​ស្ថិត​នៅ​តាម​បណ្ត​យ​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ភូមិ​អង្គ​រោង…

រាជធានី​ភ្នំពេញ​ ៖ ការ​ទាមទារ​របស់​បងប្អូន​កម្មករ​កម្មការិនី​ នៃ​រោងចក្រ ជេ ស្តារ ហ្គា​រ​ម៉ិ​ន ដែល​មាន​ទីតាំង ​ស្ថិត​នៅ​តាម​បណ្ត​យ​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ភូមិ​អង្គ​រោង ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ ដោយ​ភាគី​ទាំង​ពីរ​ឯកភាព ​ទទួលយក​ដំណោះស្រាយ ៦​ចំណុច នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៦​នេះ​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​។

អ្នកនាំពាក្យ​រូប​នេះ​បាន​អះអាង​ថា​៖ «​ក្រោយ​ទទួល​បាន​ដំណឹង​ពី​កង្វល់​របស់​បងប្អូន​កម្មករនិយោជិត មន្ត្រី​ជំនាញ​របស់​ក្រសួង មន្ទីរ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ដោះស្រាយ​ភ្លាម​ៗ និង​បាន​ពន្យល់​ពី​ទិដ្ឋភាព​ច្បាប់ និង​បាន​ពិនិត្យ​លើ​ការ​អនុវត្ត​របស់​ក្រុមហ៊ុន មុន​នឹង​ឈាន​ដល់​ការ​ឯកភាព​ចំនួន ៦​ចំណុច​»​ ។

លោក ស៊ុន មេ​សា បានឱ្យ​ដឹង​ទៀត​ថា ការ​ឯកភាព​ទាំង ៦​ចំណុចរួម​មាន ក្រុមហ៊ុន​រក្សា​ការ​ផ្តល់​ប្រាក់​រង្វាន់​ធ្វើការ​ទៀងទាត់​ ជូន​កម្មករនិយោជិត ១០​ដុល្លារ​ក្នុង​មួយ​ខែ​, ក្រុមហ៊ុន​រក្សា​ការ​បើកប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ និង​ស្នាក់​នៅ​ដដែល​ជូន​កម្មករនិយោជិត ៧​ដុល្លារ​ក្នុង​មួយ​ខែ និង​ការ​ផ្តល់​ប្រាក់​ថ្លៃ​បាយ​ថ្ងៃត្រង់​ចំនួន ២​ពាន់​រៀល និង​ផ្តល់​ប្រាក់​ថ្លៃ​បាយ​ធ្វើការ​ថែម​ម៉ោង ២​ពាន់​រៀល​ក្នុង​ម្នាក់​ជាដើម ​។

ជាមួយ​គ្នា​នេះ ក្រសួង​ការងារ​អំពាវនាវ​ឱ្យ​និយោជក និង​កម្មករនិយោជិត​ទាំងអស់​គោរព​លទ្ធផល​ដំណោះស្រាយ​ទាំង ៦​ចំណុច ដោយ​សហការ​អនុវត្ត​តាម​បទ​ប្បញ្ញត្តិ​ច្បាប់ ដោយ​ចៀសវាង​ធ្វើ​សកម្មភាព​ប៉ះពាល់ ​ដល់​សណ្តាប់ធ្នាប់​សាធារណៈ សកម្មភាព​ផលិតកម្ម​របស់​ក្រុមហ៊ុន និង​ផលប្រយោជន៍​រួម​របស់​កម្មករនិយោជិត​ផ្សេង​ទៀត​ដែល​បាន​និង​កំពុង​ខិតខំ​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ស៊ុន មេ​សា​ ៕ អត្ថបទសហការ