ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញព្រមាន ៖ ប្រតិបត្តិការ Epic Fury អាចធ្វើឱ្យសេដ្ឋកិច្ចអាមេរិកខាតបង់លើសពី ២០០ពាន់លានដុល្លារ

3 ម៉ោង មុន

អា​មេ​រិ​ក​៖ អ្នកជំនាញ​សេដ្ឋកិច្ច​អា​មេ​រិ​ក​ព្រមាន​ថា ប្រតិបត្តិការ Epic Fury អាច​បង្ក​ឱ្យ​មានការ​ខាតបង់​សរុប​លើស​ពី​២០០​ពាន់​លាន​ដុល្លារ ប្រសិនបើ​ភាព​តានតឹង​បន្ត​អូស​បន្លាយ ។ ខណៈ​ដែល​ភ្លើងសង្គ្រាម​កំពុង​គ្របដណ្តប់​សឹងតែ​ពាសពេញ​ដែនអាកាស​នៃ​តំបន់​មជ្ឈិមបូព៌ា សំណួរ​ដ៏​ចាក់​ដោត​បំផុត​បាន​លេចឡើង​ថា…

អា​មេ​រិ​ក​៖ អ្នកជំនាញ​សេដ្ឋកិច្ច​អា​មេ​រិ​ក​ព្រមាន​ថា ប្រតិបត្តិការ Epic Fury អាច​បង្ក​ឱ្យ​មានការ​ខាតបង់​សរុប​លើស​ពី​២០០​ពាន់​លាន​ដុល្លារ ប្រសិនបើ​ភាព​តានតឹង​បន្ត​អូស​បន្លាយ ។

ខណៈ​ដែល​ភ្លើងសង្គ្រាម​កំពុង​គ្របដណ្តប់​សឹងតែ​ពាសពេញ​ដែនអាកាស​នៃ​តំបន់​មជ្ឈិមបូព៌ា សំណួរ​ដ៏​ចាក់​ដោត​បំផុត​បាន​លេចឡើង​ថា តើ​សហរដ្ឋអាមេរិក​កំពុង​ចំណេញ ឬ​ខាតបង់ នៅ​ក្នុង​ល្បែង​សង្គ្រាម​ដ៏​គ្រោះថ្នាក់​មួយ​នេះ?

លោក Kent Smetters អ្នកវិភាគ​ហិរញ្ញវត្ថុ​ឈានមុខ​គេ​ម្នាក់​របស់​អា​មេ​រិ​ក និង​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​រតនាគារ​អា​មេ​រិ​ក បាន​បញ្ចេញ​តួលេខ​ដ៏​គួរ​ឱ្យ​រន្ធត់​មួយ​ថា សហរដ្ឋអាមេរិក​បាន​ចំណាយ​សម្រាប់​ប្រតិបត្តិការ Epic Fury ដែល​ជា​ប្រតិបត្តិការ​យោធា​ខ្នាត​យក្ស ដោយ​សហការ​ជាមួយ​អ៊ី​ស្រា​អែ​ល ដើម្បី​វាយប្រហារ​អ៉ី​រ៉​ង់ គឺ​មាន​ចំនួន​ច្រើន​លើសលប់ ដែល​នាំ​ឱ្យ​សេដ្ឋកិច្ច​អា​មេ​រិ​ក​អាច​នឹង​រង​ការ​ខាតបង់​សរុប​រហូត​ដល់​ទៅ​២១០​ពាន់​លាន​ដុល្លារ ។

លោក Kent Smetters បច្ចុប្បន្ន​កាន់​តំណែង​ជានា​យក​នៃ​កម្មវិធី​គំរូ​ថវិកា Penn Wharton ហើយ​ជា​អ្នក​បង្កើត​គំរូ​សម្រាប់​វិភាគ​ផល​ប៉ះពាល់​ហិរញ្ញវត្ថុ និង​ម៉ាក្រូសេដ្ឋកិច្ច​នៃ​គោលនយោបាយ​សហព័ន្ធ ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​អង្គភាព​ជា​ច្រើន​ក្នុង​ទីក្រុង​វ៉ា​ស៊ី​ន​តោន បាន​ព្រមាន​ថា តួលេខ​នេះ មិនមែន​គ្រាន់តែ​ជា​ការ​ចំណាយ​លើ​គ្រាប់រំសេវ​នោះ​ទេ ប៉ុន្តែ​វា​គឺជា ដំបៅ​សេដ្ឋកិច្ច ដែល​កើត​ចេញពី​ផល​ប៉ះពាល់​អវិជ្ជមាន​លើ​ពាណិជ្ជកម្ម​សកល តម្លៃ​ថាមពល និង​ទីផ្សារ​ហិរញ្ញវត្ថុ ។

១. ចំណាយ​យោធា​ផ្ទាល់ ៖ គិត​ត្រឹម​ពេល​នេះ ប្រតិបត្តិការ Epic Fury ដែល​លោក Trump បាន​បញ្ជា​ឱ្យ​វាយប្រហារ​លើ​មូលដ្ឋាន​មី​ស៊ី​ល និង​កម្មវិធី​នុយក្លេអ៊ែរ​អ៉ី​រ៉​ង់ កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ បាន​ចំណាយ​អស់​ទឹកប្រាក់​ចន្លោះ​ពី​៤០ ទៅ​៩៥ ពាន់​លាន​ដុល្លារ រួច​ស្រេច​ទៅ​ហើយ ។ ចំនួន​នេះ​រួម​បញ្ចូល​ទាំង​ការ​ចំណាយ​លើ​ការ​វាយប្រហារ​ផ្ទាល់ និង​ការ​ជួសជុល​គ្រាប់រំសេវ​ដែល​បាន​ប្រើប្រាស់ ។

២. ការ​ខាតបង់​ដែល​មើល​មិនឃើញ ៖ ក្រៅពី​លុយ​ដែល​ធ្លាក់​ទៅ​ក្នុង​សមរភូមិ សេដ្ឋកិច្ចជាតិ​អា​មេ​រិ​ក​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​រង​ការ​ប៉ះទង្គិច​បន្ថែមចំនួន ១១៥​ពាន់​លាន​ដុល្លារ​ទៀត ។

លោក Smetters កត់​សម្គាល់ថា ប្រសិនបើ​សង្គ្រាម​នេះ​អូស​បន្លាយ​លើស​ពី ២​ខែ តួលេខ​ខាតបង់​នឹង​ហក់​ឡើង​ខ្ពស់​ហួស​ពី​ការ​ស្មាន ។

៣. តម្លៃ​ដែល​ត្រូវ​បង់​ដោយ​ឈាម និង​បំណុល ៖ មិនមែន​មាន​តែ​តួលេខ​ជា​លុយ​ដុល្លារ​នោះ​ទេ សហរដ្ឋអាមេរិក​បាន​បង់ថ្លៃ​ដោយ​ជីវិត​ទាហាន​យ៉ាង​ហោច​ណាស់​៦​នាក់​រួច​ទៅ​ហើយ នៅ​ក្នុង​ការ​សងសឹក​វិញ​ពី​សំណាក់​អ៉ី​រ៉​ង់ ។

ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​អា​មេ​រិ​ក​ក៏​កំពុង​ប្រឈម​នឹង​ការ​សង​ប្រាក់​ពន្ធ​ចំនួន​១៧៩​ពាន់​លាន​ដុល្លារ ត្រឡប់​ទៅ​ឱ្យ​ធុរកិច្ច​វិញ ក្រោយ​តុលាការ​កំពូល​សម្រេច​ថា ការ​ប្រមូល​ពន្ធ​ក្រោម​ច្បាប់ IEEPA កន្លង​មក គឺជា​អំពើ​ខុសច្បាប់ ។

ទោះជា​យ៉ាងណា​ក៏​ដោយ លោក Smetters ក៏​បាន​ផ្ដល់​ជា​ទស្សនៈ​ម្ខាង​ទៀត​ថា ប្រសិនបើ​អា​មេ​រិ​ក​មិន​ធ្វើ​សកម្មភាព​នៅ​ពេល​នេះ ហើយ​ទុក​ឱ្យ​អ៉ី​រ៉​ង់​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន​ជោគជ័យ នោះ​ចំណាយ​នា​ពេល​អនាគត​ដើម្បី​ទប់ទល់​នឹង​មហាអំណាច​នុយក្លេអ៊ែរ​មួយ​នេះ អាច​នឹង​ខ្ពស់​ជាង​នេះ​រាប់រយ​ដង ។

បច្ចុប្បន្ន មតិ​សាធារណៈ​នៅ​សហរដ្ឋអាមេរិក នៅ​តែ​បែងចែក​គ្នា ខណៈ​ការ​គាំទ្រ​ចំពោះ​ប្រតិបត្តិការ​នេះ​មាន​កម្រិត​ទាប ។ សំណួរ​ថា «​តើ​វា​មាន​សម​តម្លៃ​ដែរ​ឬទេ?​» កំពុង​ក្លាយជា​ប្រធានបទ​ពិភាក្សា​ដ៏​ក្តៅ​គគុក​នៅ​វ៉ា​ស៊ី​ន​តោន​៕

កែសម្រួលដោយ