បូលីវី៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅប្រទេសបូលីវី ខណៈយន្តហោះដឹកជញ្ជូនកងទ័ពអាកាស ដែលផ្ទុកទៅដោយក្រដាសប្រាក់ដែលទើបបោះពុម្ភថ្មីៗសន្លាងបានរអិលធ្លាក់ពីផ្លូវរត់ទៅបុកជាមួយរថយន្តនៅលើមហាវិថីដ៏មមាញឹក បណ្តាលឱ្យមានមនុស្សស្លា.ប់ និងរបួសជាច្រើននាក់ ព្រមទាំងបង្កឱ្យមានភាពវឹកវរយ៉ាងខ្លាំងក្នុងការដណ្តើមគ្នារើសលុយ ។
សោកនាដកម្មដ៏រន្ធត់មួយបានកើតឡើង នៅក្បែររដ្ឋធានីឡាប៉ាស (La Paz) កាលពីល្ងាចថ្ងៃទី២៧ ខែកុម្ភៈ នៅពេលដែលយន្តហោះដឹកជញ្ជូនយោធាប្រភេទ Hercules C-130 របស់កងទ័ពអាកាសបូលីវី បានជួបគ្រោះថ្នាក់ធ្លាក់ទៅលើមហាវិថីដ៏មមាញឹកមួយក្បែរព្រលានយន្តហោះ El Alto។

យោងតាមរបាយការណ៍ពីក្រុមពន្លត់អគ្គិភ័យ ហេតុការណ៍នេះ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១៥ នាក់បាត់បង់ជីវិត និងជាង៣០ នាក់ផ្សេងទៀតរងរបួស ។ យោងតាមក្រសួងការពារជាតិបូលីវី យន្តហោះដែលហោះចេញពីទីក្រុង Santa Cruz មួយគ្រឿងនេះកំពុងដឹកជញ្ជូនក្រដាសប្រាក់ដែលទើបបោះពុម្ពថ្មីៗពីធនាគារកណ្តាល ដើម្បីយកទៅចែកចាយតាមតំបន់នានា ។ នៅពេលព្យាយាមចុះចត យន្តហោះបានរអិលចេញពីផ្លូវរត់ រួចជ្រុលទៅបុកយានយន្តជាច្រើនគ្រឿង ដែលកំពុងធ្វើដំណើរនៅលើផ្លូវហាយវេ បណ្តាលឱ្យមានការឆាបឆេះ និងខូចខាតយ៉ាងដំណំ ។
អ្វីដែលធ្វើឱ្យគេភ្ញាក់ផ្អើលបំផុតនោះ គឺវីដេអូ ដែលចែកចាយលើបណ្តាញសង្គមបានបង្ហាញពីទិដ្ឋភាពដ៏ច្របូកច្របល់ ខណៈដែលមនុស្សម្នាជាច្រើនបានសម្រុកទៅកាន់កន្លែងកើតហេតុ មិនមែន ដើម្បីជួយសង្គ្រោះឡើយ ប៉ុន្តែគឺដើម្បីដណ្តើមគ្នារើសយកក្រដាសប្រាក់ដែលហោះរាយប៉ាយពេញដី ។ ស្ថានភាពនេះបានបង្ខំឱ្យអាជ្ញាធរសម្រេចប្រើប្រាស់កាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងមនុស្ស និងការពារទ្រព្យសម្បត្តិរបស់រដ្ឋពីការលួចប្លន់ ។
បច្ចុប្បន្ន ព្រលានយន្តហោះអន្តរជាតិ El Alto ត្រូវបានបិទជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការស៊ើបអង្កេត ខណៈធនាគារកណ្តាលនៃប្រទេសបូលីវី ក៏កំពុងត្រៀមធ្វើសន្និសីទសារព័ត៌មាន ដើម្បីបញ្ជាក់ពីទំហំទឹកប្រាក់ដែលបានបាត់បង់ និងមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ៕








ចែករំលែកព័តមាននេះ