ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណាចនៃព័ត៌មានពិត! បណ្ឌិត គិន ភា ជំរុញឱ្យកម្ពុជាបង្កើត «រដូវវស្សាក្នុងរដូវប្រាំង» ក្នុងសមរភូមិព័ត៌មានអន្តរជាតិ

5 ម៉ោង មុន

អា​មេ​រិ​ក ៖ លោក​បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើក​ឡើង​នូវ​ទស្សនៈ​វិភាគ​ដ៏​ស៊ីជម្រៅ​មួយ នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៦…

អា​មេ​រិ​ក ៖ លោក​បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើក​ឡើង​នូវ​ទស្សនៈ​វិភាគ​ដ៏​ស៊ីជម្រៅ​មួយ នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៦ ដោយ​ប្រៀបធៀប​ការ​ផ្ដល់​បទ​សម្ភាសន៍​ផ្ទាល់​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ទៅ​កាន់​សារព័ត៌មាន​អន្តរជាតិ​ខ្នាត​យក្ស Reuters និង Fox News ថា​ជា «​ភ្លៀង​កក់ខែ​» ដែល​បាន​មក​ជួយ​ស្រោចស្រព​ភាព​ស្ងួត​ហួតហែង​នៃ​ព័ត៌មាន​ពិត​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ ។

តាម​រយៈ​ការ​វិភាគ​ដែល​ចែករំលែក​តាម​គណនី​ហ្វេ​ស​បុក លោក​បណ្ឌិត គិ​ន ភា បាន​បង្ហាញ​ហេតុផល​ចម្បង​ពីរ​ដែល​ធ្វើ​ឱ្យ​បទ​សម្ភាសន៍​នេះ មាន​តម្លៃ​ដូច​ជា ភ្លៀង​កក់ខែ ៖ ទី​១. ការ​បំបែក​ភាព​ស្ងប់ស្ងាត់​ចំពោះ​អ្នក​សារព័ត៌មាន​អន្តរជាតិ ៖ លោក​បណ្ឌិត​សង្កេត​ឃើញ​ថា កន្លង​មក​ថ្នាក់ដឹកនាំ​កំពូល​ៗ​របស់​កម្ពុជា​កម្រ​នឹង​ផ្ដល់​បទ​សម្ភាសន៍​ផ្ទាល់​ដល់​អ្នក​សារព័ត៌មាន​ណាស់ ។ កង្វះ​ការិយាល័យ​ឆ្លើយឆ្លង​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​នៅ​ក្នុងស្រុក​បាន​ធ្វើ​ឱ្យ​សារព័ត៌មាន​បរទេស​ភាគច្រើន ដកស្រង់​ប្រភព​តែ​ពី​ខាង​ភាគី «​បច្ចាមិត្ត​» ដែល​នាំ​ឱ្យ​ការ​ពិត​ត្រូវ​បាន​បិទ​បាំង កែ​ច្នៃ និង​លាប​ពណ៌​បង្ខូច​កេរ្តិ៍ឈ្មោះ​កម្ពុជា​។

ទី​២. ការ​ផ្តល់​សំណើម​ដល់​ការ​ពិត​៖ លោក​បាន​បញ្ជាក់​ថា ទោះបី​ភ្លៀង​មួយ​មេនេះ​មិន​ទាន់​អាច​ធ្វើ​ឱ្យ​ដី​ដែល​ហួតហែង​យូរ​មក​ហើយ​ជោកជាំ​បាន​ទាំងស្រុង ប៉ុន្តែ​វា​បាន​ផ្ដល់​សំណើម​ដល់ «​រុក្ខជាតិ​តូច​ៗ» និង​ជួយ​ឱ្យ​ពិភពលោក​បានដឹង​ពី​សច្ចភាព​ខ្លះ​ៗ​ដែល​កម្ពុជា​ចង់​បង្ហាញ ។ សារៈសំខាន់​នៃ «​រដូវវស្សា​ក្នុង​រដូវប្រាំង​» ក្នុង​ន័យ​យុទ្ធសាស្ត្រ លោក​បណ្ឌិត គិ​ន ភា បាន​សង្កត់ធ្ងន់​ថា កម្ពុជា​មិន​ត្រូវ​ស្កប់ស្កល់​ត្រឹមតែ​ភ្លៀង​កក់ខែ​ម្ដងម្កាល​នោះ​ទេ ។

លោក​បាន​ផ្ដល់​អនុសាសន៍​ថា​៖ «​យើង​ត្រូវ​តែ​បង្កើត​រដូវវស្សា​នៅ​ក្នុង​រដូវប្រាំង ដើម្បី​ធានា​ថា មានទឹក​ខួបប្រាំងខួបវស្សា ពោល​គឺ​ការ​រក្សា​ទំនាក់ទំនង​វិជ្ជមាន​ជា​ប្រចាំ​ជាមួយ​សារព័ត៌មាន​អាជីព​អន្តរជាតិ ដើម្បី​កសាង​ភាព​ជឿជាក់ និង​ទំនុកចិត្ត​។​» មេរៀន​ប្រវត្តិសាស្ត្រ និង​ការ​ការពារ​ដែនដី ជាមួយ​គ្នា​នេះ​ដែរ អ្នកវិភាគ​រូប​នេះ​ក៏​បាន​រំលឹក​ពី​មេរៀន​នៃ​សង្គ្រាម​ឈ្លានពាន ដែល​កម្ពុជា​ត្រូវ​តែ​ចង​ចាំ និង​បង្រៀន​ដល់​កូនចៅ​តកូនតចៅ ។

លោក​បាន​ដាស់តឿន​ថា ការ​បំភ្លេច​ប្រវត្តិសាស្ត្រ ឬ​មិន​ឱ្យ​កូនចៅ​រៀន​ប្រវត្តិសាស្ត្រ គឺជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​ដែល​នាំ​ឱ្យ​យើង​ដើរ​ជាន់​ដាន​ដដែល​ៗ ។

ជា​ចុង​ក្រោយ លោក​បណ្ឌិត​បាន​រំលឹក​ជា​សីលធម៌​ព័ត៌មាន​ថា «​ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​បំផុត​សម្រាប់​អ្នក​និយាយ​កុហក គឺ​សូ​ម្បី​តែ​និយាយ​ការ​ពិត ក៏​គ្មាន​នរណា​ជឿ​» ដែល​នេះ​ជា​សារ​ដាស់តឿន​ដល់​ការ​ប្រើប្រាស់​អំណាច​នៃ​ព័ត៌មាន​ពិត ដើម្បី​ការពារ​យុត្តិធម៌​សម្រាប់​សង្គម​ជាតិ​៕

កែសម្រួលដោយ