រាជធានីភ្នំពេញ ៖ ការតវ៉ារបស់បងប្អូនកម្មករកម្មការិនីនៃរោងចក្រ ត្រូភីខល ហ្វ្រ៊ូត អេស៊ា (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវបានដោះស្រាយយ៉ាងលឿនរហ័ស ឈានដល់ការសះជាទាំងស្រុង នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ ក្រោមការយកចិត្តទុកដាក់ និងសម្របសម្រួលពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។

អ្នកនាំពាក្យរូបនេះបានអះអាងថា៖ «ក្រោមការសម្របសម្រួលនិងយកចិត្តទុកដាក់ដោះស្រាយភ្លាមៗ កង្វល់របស់បងប្អូនកម្មករត្រូវបានដោះស្រាយចប់សព្វគ្រប់ទាំងស្រុង ហើយកម្មករក៏នឹងវិលចូលបម្រើការងារនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ជាធម្មតាឡើងវិញ» ។
ក្រោយការពិភាក្សា និងសម្របសម្រួលភាគីទាំងពីរ បានឯកភាពគ្នាស្រុះស្រួលចំនួន ៥ចំណុចដែលរួមមានការឈប់សម្រាកមួយថ្ងៃក្នុងមួយសប្តាហ៍ដោយប្តូរវេនគ្នា និងការឯកភាពលើកកម្ពស់លក្ខណ្ឌការងារកាន់តែល្អប្រសើរបន្ថែមទៀត ។

ការដោះស្រាយដ៏លឿនរហ័ស និងមានប្រសិទ្ធភាពរបស់ក្រសួងការងារ ចំពោះកម្មករកម្មការិនីយ៉ាងដូច្នេះ ត្រូវបានអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អះអាងថាគឺជាកិច្ចការងារអាទិភាពរបស់ក្រសួង ក្នុងការយកចិត្តទុកដាក់ ចំពោះបងប្អូនកម្មករនិយោជិត ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ