ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ ប្ដេជ្ញាយកកោះហ្គ្រីនឡែនឱ្យបាន ទោះត្រូវដំឡើងពន្ធ ឬប្រើកម្លាំងបាយ

1 ម៉ោង មុន

ក្រុងវ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ បានប្រកាសជាថ្មីថាលោកនឹងអនុវត្តការដំឡើងពន្ធលើទំនិញពីចក្រភពអង់គ្លេស និងប្រទេសសម្ព័ន្ធមិត្តណាតូចំនួន ៧ ទៀតយ៉ាងពិតប្រាកដ ១០០ ភាគរយ…

ក្រុងវ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ បានប្រកាសជាថ្មីថាលោកនឹងអនុវត្តការដំឡើងពន្ធលើទំនិញពីចក្រភពអង់គ្លេស និងប្រទេសសម្ព័ន្ធមិត្តណាតូចំនួន ៧ ទៀតយ៉ាងពិតប្រាកដ ១០០ ភាគរយ ប្រសិនបើមិនមានកិច្ចព្រមព្រៀងលក់កោះហ្គ្រីនឡែនឱ្យសហរដ្ឋអាម៉េរិកនោះទេ។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី២០ ខែមករានេះ។

វិធានការដំឡើងពន្ធនេះនឹងចាប់ផ្ដើមពី ១០% នៅដើមខែកុម្ភៈ និងកើនឡើងដល់ ២៥% នៅខែមិថុនា ដែលលោកចាត់ទុកថាជាសម្ពាធសេដ្ឋកិច្ចចាំបាច់ដើម្បីសម្រេចបំណងរបស់លោក។ អ្វីដែលកាន់តែគួរឱ្យព្រួយបារម្ភនោះ គឺប្រធានាធិបតីរូបនេះថែមទាំងបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្ដើមកាន់កាប់កោះនេះថែមទៀតផង ដោយលោកបានជំរុញឱ្យអឺរ៉ុបទៅយកចិត្តទុកដាក់លើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនវិញប្រសើរជាង។

ជាការឆ្លើយតប មេដឹកនាំអឺរ៉ុប និងសហភាពអឺរ៉ុបបានបង្ហាញជំហររឹងមាំក្នុងការការពារអធិបតេយ្យភាពរបស់ដាណឺម៉ាក ដោយបានបញ្ជាក់យ៉ាងច្បាស់ថា កោះហ្គ្រីនឡែនមិនមែនជាទំនិញសម្រាប់យកមកលក់ដូរតាមរយៈការគំរាមកំហែងនោះឡើយ។ ខណៈដែលដាណឺម៉ាកព្រមានថា ការប្រើកម្លាំងយោធាណាមួយលើកោះហ្គ្រីនឡែននឹងក្លាយជាទីបញ្ចប់នៃសម្ព័ន្ធមិត្តណាតូ សហភាពអឺរ៉ុបបានត្រៀមបើកកិច្ចប្រជុំកំពូលបន្ទាន់មួយនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីរៀបចំវិធានការសងសឹកផ្នែកពាណិជ្ជកម្ម និងការពារផលប្រយោជន៍សមាជិករបស់ខ្លួនពីការគំរាមកំហែងដែលមិនធ្លាប់មានពីមុនមកនេះ។

គួររំលឹកផងដែរថា មហិច្ឆតាចង់បានកោះហ្គ្រីនឡែនរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ មិនមែនជារឿងថ្មីនោះទេ ដោយលោកធ្លាប់បានលើកឡើងពីបំណងទិញកោះដ៏ធំនេះតាំងពីអាណត្តិដំបូងរបស់លោកក្នុងឆ្នាំ ២០១៩ មកម្ល៉េះ ក្រោមហេតុផលថាវាមានសារៈសំខាន់ខ្លាំងផ្នែកយុទ្ធសាស្ត្រយោធា និងសម្បូរទៅដោយធនធានធម្មជាតិមិនទាន់ច្នៃ។ ទោះជាយ៉ាងណា បំណងនេះត្រូវបានរដ្ឋាភិបាលដាណឺម៉ាកបដិសេធយ៉ាងដាច់អហង្ការភ្លាមៗ ដោយចាត់ទុកថាជាការលើកឡើងដែលមិនសមហេតុផល ប៉ុន្តែលោក ត្រាំ នៅតែបន្តរុញច្រានគម្រោងនេះរហូតមកដល់អាណត្តិថ្មីនេះ ដោយប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ច និងពន្ធដារធ្វើជាឧបករណ៍ដាក់សម្ពាធជំនួសវិញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ