ធនាគារ មេយប៊ែង នាំមកជូននូវសេវាកម្មធនាគារ ដែលលើសពីប្រតិបត្តិការហិរញ្ញវត្ថុ នៅក្នុងកម្មវិធីសម្ពោធជាផ្លូវការសាខាបឹងកេងកងថ្មី
- ភ្នំពេញ
រាជធានីភ្នំពេញ, ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៦ ៖ ធនាគារ មេយប៊ែង បានដាក់សម្ពោធជាផ្លូវការសាខាបឹងកេងកងថ្មី…
រាជធានីភ្នំពេញ, ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៦ ៖ ធនាគារ មេយប៊ែង បានដាក់សម្ពោធជាផ្លូវការសាខាបឹងកេងកងថ្មី…
រាជធានីភ្នំពេញ, ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៦ ៖ ធនាគារ មេយប៊ែង បានដាក់សម្ពោធជាផ្លូវការសាខាបឹងកេងកងថ្មី និងបានធ្វើការណែនាំនូវបទពិសោធន៍ធនាគារមួយ ដែលលើសពីប្រតិបត្តិការហិរញ្ញវត្ថុធម្មតា តាមរយៈការដាក់ឲ្យដំណើរការសាកល្បងនូវកម្មវិធី Maybank myimpact ដែលជាការផ្តួចផ្តើមរួមបញ្ចូលនូវគុណតម្លៃ នៃចីរភាព ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ សម្រាប់សេវាកម្មហិរញ្ញវត្ថុប្រចាំថ្ងៃ ។

សាខាបឹងកេងកង ដែលត្រូវបានរចនាឡើងថ្មីនេះ ស្ថិតនៅក្នុងតំបន់ដែលមានការអភិវឌ្ឍ និងស៊ីវិល័យបំផុតមួយក្នុងរាជធានីភ្នំពេញ ដែលសាខានេះឆ្លុះបញ្ចាំងពីគោលបំណងយុទ្ធសាស្ត្ររបស់ ធនាគារ មេយប៊ែង ក្នុងការពង្រឹងទំនាក់ទំនងជាមួយអតិថិជន និងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ ដើម្បីជួយលើកកម្ពស់ការរស់នៅ និងការគាំទ្រដល់ការរីកចម្រើនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីអនាគតមួយដែលប្រកបដោយចីរភាព ។ ការបើកដំណើរការសាខាបឹងកេងកងថ្មីនេះ បង្ហាញពីការបង្វែរយុទ្ធសាស្រ្តរបស់ធនាគារ មេយប៊ែង ពីការផ្តោតលើការផ្តល់ប្រតិបត្តិការហិរញ្ញវត្ថុធម្មតា ទៅជាការផ្តល់សេវាកម្មធនាគារមួយដែលផ្តោតសំខាន់លើការបង្កើតភាពជាវិជ្ជមាន ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការផ្តល់ជូននូវសេវាកម្មអតិថិជនប្រកបដោយគុណតម្លៃខ្ពស់ នៅគ្រប់ជំហាន នៃការធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់អតិថិជន ។

នៅក្នុងព្រឹត្តិការណ៍នេះផងដែរ ធនាគារ មេយប៊ែង ក៏បានណែនាំកម្មវិធី Maybank myimpact ដែលកម្មវិធីនេះបានប្រមូលផ្តុំនូវគំនិតផ្តួចផ្តើម និងបរិយាបន្នហិរញ្ញវត្ថុរបស់ធនាគារ ក្រោមគោលការណ៍ផ្អែកលើគុណតម្លៃ ដែលត្រូវបានបង្កើតឡើង ដើម្បីបង្កើនលទ្ធផលជាវិជ្ជមានដល់សង្គម និងបរិស្ថាន ទន្ទឹមនឹងការរីកចម្រើនផ្នែកហិរញ្ញវត្ថុ ។

នៅក្រោម Maybank myimpact មានគំនិតផ្តួចផ្តើមមួយចំនួន ដែលត្រូវបានដាក់បង្ហាញនៅសាខាបឹងកេងកងថ្មីនេះ រួមមាន ៖
តាមរយៈកម្មវិធី Tap for Impact ធនាគារ មេយប៊ែង លើកទឹកចិត្តដល់ការរស់នៅប្រចាំថ្ងៃប្រកបដោយការទទួលខុសត្រូវចំពោះបរិស្ថាន និងបរិយាបន្នសង្គម ដោយផ្សារភ្ជាប់ការប្រើប្រាស់ប័ណ្ណធនាគារ មេយប៊ែង សម្រាប់ការចំណាយប្រចាំថ្ងៃ ដើម្បីជួយកាត់បន្ថយសំណល់ប្លាស្ទិក និងគាំទ្រដល់សហគមន៍ដែលខ្វះខាត រួមទាំងស្ត្រីជាអ្នកតម្បាញក្រោមកម្មវិធី «ស្ត្រី និងតម្បាញរបស់ធនាគារ មេយប៊ែង» ផងដែរ ។
លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេស នៃធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី បានមានប្រសាសន៍ថា ៖ «ការបើកសម្ពោធសាខាបឹងកេងកង ដែលត្រូវបានរៀបចំជាថ្មីនេះ គឺលើសពីការកែលម្អរូបរាងខាងក្រៅ ពោលគឺវាបានឆ្លុះបញ្ចាំងពីរបៀបដែលយើងផ្សារភ្ជាប់សេវាកម្មធនាគារ ជាមួយនឹងការរស់នៅប្រចាំថ្ងៃរបស់អតិថិជន ។ ក្នុងនោះផងដែរ តាមរយៈគំនិតផ្តួចផ្តើម Maybank myimpact យើងក៏បានធ្វើការណែនាំនូវរបៀប នៃការធ្វើប្រតិបត្តិការធនាគារមួយដែលផ្សារភ្ជាប់ដំណោះស្រាយហិរញ្ញវត្ថុ ជាមួយនឹងលទ្ធផលមួយដែលមានអត្ថន័យ ដូចជា៖ ការគាំទ្រស្ត្រីក្នុងវិស័យអាជីវកម្ម ការពង្រឹងសហគ្រាសធុនតូច និងមធ្យម (SMEs) និងការលើកទឹកចិត្តដល់ការប្រើប្រាស់ប្រចាំថ្ងៃប្រកបដោយការទទួលខុសត្រូវ និងការរួមចំណែកដល់ចីរភាព នៃបរិស្ថាន។ ខណៈពេលដែលប្រទេសកម្ពុជាកំពុងបន្តការអភិវឌ្ឍ តួនាទីរបស់ធនាគារ មេយប៊ែង គឺត្រូវបន្តផ្តល់ជូននូវបទពិសោធន៍ធនាគារ ដែលលើសពីប្រតិបត្តិការហិរញ្ញវត្ថុធម្មតា និងបង្កើតទំនាក់ទំនងល្អរយៈពេលវែង ដើម្បីគាំទ្រដល់វឌ្ឍនភាពរួមគ្នា និងអនាគតដែលមានបរិយាបន្នហិរញ្ញវត្ថុដែលល្អប្រសើរ » ។

លោកស្រី ហ្គាសរីន ចាន់ នាយិកា នាយកដ្ឋានគ្រប់គ្រងប្រតិបត្តិការ នៃធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី បានបន្ថែមថា ៖ «ការផ្តួចផ្តើម Maybank myimpact ឆ្លុះបញ្ចាំងពីរបៀបដែលយើងបញ្ចូលនូវគំនិតផ្តួចផ្តើមប្រកបដោយចីរភាព និងបរិយាបន្នហិរញ្ញវត្ថុយ៉ាងយកចិត្តទុកដាក់ ទៅក្នុងការផ្តល់សេវាហិរញ្ញវត្ថុរបស់យើង។ តាមរយៈការធ្វើប្រតិបត្តិការហិរញ្ញវត្ថុឲ្យស្របទៅតាមគោលដៅលទ្ធផលជាវិជ្ជមានសម្រាប់សង្គម និងបរិស្ថាននេះ យើងនឹងផ្សារភ្ជាប់អតិថិជន និងម្ចាស់អាជីវកម្ម ឲ្យក្លាយទៅជាផ្នែកមួយ នៃដំណើរ នៃការគាំទ្រដល់ការរីកចម្រើនដែលមានការទទួលខុសត្រូវ ក៏ដូចជាការគាំទ្រដល់សហគមន៍ឲ្យមានភាពរឹងមាន នៅក្នុងមជ្ឈដ្ឋានមួយដែលល្អប្រសើរ» ។
ក្នុងពិធីសម្ពោធនេះដែរ ធនាគារ មេយប៊ែង ក៏បានអបអរសាទរ និងប្រគល់រង្វាន់ធំដល់អ្នកឈ្នះក្នុងកម្មវិធី «iSAVE WIN Big» ដែលការប្រគល់រង្វាន់នេះ បញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់អតិថិជនដែលបានដាក់ប្រាក់សន្សំ និងរៀបចំផែនការហិរញ្ញវត្ថុរយៈពេលវែងជាមួយធនាគារ មេយប៊ែង ។ លើសពីនេះ អតិថិជនក៏បានចូលរួមធ្វើជាសាក្សីភាព ក្នុងការចាប់ឆ្នោតផ្សងសំណាងសម្រាប់កម្មវិធី «Win Electric Car with Maybank AMEX Card» ដែលកម្មវិធីនេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ធនាគារ មេយប៊ែង ចំពោះការលើកទឹកចិត្តលើការជ្រើសរើស លើការចំណាយមួយដោយមានការទទួលខុសត្រូវសម្រាប់បរិស្ថាន និងឲ្យសមស្របទៅតាមរបៀបរស់នៅប្រកបដោយចីរភាព ។

លោក ឌុក សារ៉ាក់ នាយក នៃនាយកដ្ឋានសេវាហិរញ្ញវត្ថុសហគមន៍ នៃធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី បានមានប្រសាសន៍ថា ៖ «ការទទួលស្គាល់សមិទ្ធផលសំខាន់ៗរបស់អតិថិជន គឺជាផ្នែកមួយដ៏សំខាន់ក្នុងការកសាងទំនាក់ទំនងល្អរយៈពេលយូរអង្វែរ ។ តាមរយៈគំនិតផ្តួចផ្តើមនានាដូចជាកម្មវិធី «iSAVE» «Maybank AMEX Card» និងកម្មវិធី «myimpact» ធនាគារ មេយប៊ែង មានគោលដៅយ៉ាងមុតមាំក្នុងការគាំទ្រដល់ការបង្កើតទម្លាប់ហិរញ្ញវត្ថុជាវិជ្ជមាន ទន្ទឹមនឹងការផ្សារភ្ជាប់អតិថិជនទៅនឹងគុណតម្លៃសង្គម និងបរិស្ថានឲ្យកាន់តែទូលំទូលាយ» ។
សាខាធនាគារ មេយប៊ែង បឹងកេងកងថ្មីនេះ បានពង្រីកបន្ថែមនូវបន្ទប់ទទួលភ្ញៀវលំដាប់ខ្ពស់ (Premier Lounge) ជាមួយនឹងការរចនាបរិយាកាសខាងក្នុងដ៏ស្រស់ស្រាយ និងស្ងប់ស្ងាត់ប្រកបដោយទំនុកចិត្ត ព័ទ្ធជុំវិញដោយសិល្បៈស្រមោលដ៏អស្ចារ្យ រុក្ខជាតិតំបន់ត្រូពិច និងពន្លឺដ៏ស្រទន់ ដើម្បីជួយសម្រួលដល់ការធ្វើទំនាក់ទំនង និងការផ្តល់ប្រឹក្សាយោបល់ជាលក្ខណៈបុគ្គល ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ ធនាគារ មេយប៊ែង លើសេវាកម្មធនាគារដែលផ្អែកលើទំនាក់ទំនងជាចម្បង។ កម្មវិធីនេះបានបញ្ចប់ទៅ ដោយការទទួលទានភេសជ្ជៈ ដែលអនុញ្ញាតឲ្យអតិថិជន ដៃគូសហការនានា និងភ្ញៀវកិត្តិយសទាំងអស់ អាចធ្វើការសន្ទនាបានក្នុងបរិយាកាសមួយដែលមានភាពរីករាយ និងស្និទ្ធស្នាល ។
តាមរយៈការរៀបចំសាខាបឹងកេងកងជាថ្មី និងការដាក់ឲ្យដំណើរការ myimpact ធនាគារ មេយប៊ែង បានបន្តការវិវត្តខ្លួន ដើម្បីសម្រេចឲ្យបាននៅយុទ្ធសាស្រ្ត និងចក្ខុវិស័យរបស់ខ្លួន តាមរយៈការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុ ឲ្យស្របទៅតាមគោលដៅរបស់ធនាគារ។ តាមរយៈការដាក់រួមបញ្ចូលនូវគោលការណ៍ដែលផ្អែកលើគុណតម្លៃ គំនិតផ្តួចផ្តើមប្រកបដោយចីរភាព និងការផ្តល់ជូននូវសេវាកម្មអតិថិជនប្រកបដោយគុណតម្លៃខ្ពស់ ធនាគារ មេយប៊ែង បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុ ដែលគាំទ្រដល់ការរស់នៅ និងអាជីវកម្មនានា ដើម្បីទទួលបាននូវបរិយាបន្ន និងចីរភាពសម្រាប់ប្រទេសកម្ពុជា ៕ អត្ថបទសហការ








ចែករំលែកព័តមាននេះ