ទីក្រុងតេអេរ៉ង់៖ ចលនាបាតុកម្មនៅប្រទេសអ៊ីរ៉ង់បន្ទាប់ពីកើតឡើងមួយសប្ដាហ៍រួចមកចាប់ផ្ដើមថមថយកម្លាំងទៅវិញហើយដោយសារការបង្ក្រាបដ៏ធ្ងន់ធ្ងរបណ្ដាលឱ្យស្លាប់មនុស្សរាប់ពាន់នាក់។ សេវាអ៊ីនធឺណិតក៏ត្រូវកាត់ផ្ដាច់។ ការគំរាមរបស់អាមេរិកចង់ប្រើកម្លាំងយោធាវាយប្រហារអ៊ីរ៉ង់ក៏ថមថយទៅវិញដែរ។ មន្ត្រីរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតម្នាក់ប្រាប់ថាក្រុមសម្ព័ន្ធមិត្តនៅតំបន់ឈូងសមុទ្របាននិយាយបញ្ចុះបញ្ចូលលោកត្រាំដើម្បីលើកលែងឱ្យរបបដឹកនាំនៅអ៊ីរ៉ង់ម្ដងចុះ។

ចលនាបាតុកម្មនេះកើតឡើងដោយសារកត្តាសេដ្ឋកិច្ច និងមានចំណុចចាប់ផ្ដើមចេញពីការបិទផ្សារមួយកន្លែងនៅរដ្ឋធានីតេអេរ៉ង់កាលពីថ្ងៃទី២៨ ខែធ្នូ។ ក្រោយមកចលនាបាតុកម្មនេះរីករាលដាលកាន់តែធំរហូតដល់ទាមទារឱ្យទម្លាក់របបដឹកនាំបែបសាសនាធិបតេយ្យរបស់លោកអាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei) ដែលដឹកនាំប្រទេសអ៊ីរ៉ង់តាំងពីក្រោយបដិវត្តឆ្នាំ១៩៧៩។

ជនជាតិអ៊ីរ៉ង់ចាប់ផ្ដើមផ្ទុះការតវ៉ាយ៉ាងពុះកញ្ជ្រោលនៅតាមទីក្រុងតូចធំនានាទូទាំងប្រទេសអ៊ីរ៉ង់ចាប់ពីថ្ងៃទី៨ ខែមករា។ ប៉ុន្តែអាជ្ញាធរមិននៅបង្អង់យូរទេ។ ពួកគេចាប់ផ្ដើមបិទសេវាអ៊ីនធឺណិតរយៈពេលមួយសប្ដាហ៍ដើម្បីបិទបាំងទំហំនៃការបង្ក្រាប។ ក្រុមអ្នកឃ្លាំមើលស្ថានការណ៍នៅអ៊ីរ៉ង់យល់ថាការបង្ក្រាបនេះអាចមានជោគជ័យនៅដំណាក់កាលនេះ។

ប៉ុន្តែការចល័តកម្លាំងសន្តិសុខដើម្បីចាត់ការក្រុមបាតុករប្រហែលជាមានរយៈពេលខ្លីប៉ុណ្ណោះ។ ដូច្នេះចលនាបាតុកម្មអាចនឹងផ្ទុះឡើងសាជាថ្មី។ ក្រុមអ្នកសង្កេតការណ៍នៅប្រទេសន័រវេថ្លែងថាបាតុករ៣៤២៨នាក់បានស្លាប់ដោយសារការបង្ក្រាបពីសំណាក់កងសន្តិសុខ។ ចំនួននេះត្រូវបានបញ្ជាក់ផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវ៕ ប្រភព៖ ឆេនណល ញូស៍ អេស៊ា (Channel News Asia)
ចែករំលែកព័តមាននេះ