ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ ក្រើនរំឭក​ឱ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​លើ​បញ្ហា​អគ្គិភ័យ​ក្នុង​រដូវប្រាំង

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ សា​ជា​ថ្មី​ម្តងទៀត​ដើម្បី​លើកកម្ពស់​សុវត្ថិភាព និង​សុខភាព​ការងារ​របស់​កម្មករនិយោជិត សំដៅ​បង្ការ​គ្រោះថ្នាក់​ជាយថាហេតុ​នៅ​កន្លែងធ្វើការ​ដូច​ជា​ការ​ដួល​សន្លប់ និង​ករណី​អគ្គិភ័យ ក្នុង​រដូវប្រាំង​នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ…

រាជធានីភ្នំពេញ​ ៖ សា​ជា​ថ្មី​ម្តងទៀត​ដើម្បី​លើកកម្ពស់​សុវត្ថិភាព និង​សុខភាព​ការងារ​របស់​កម្មករនិយោជិត សំដៅ​បង្ការ​គ្រោះថ្នាក់​ជាយថាហេតុ​នៅ​កន្លែងធ្វើការ​ដូច​ជា​ការ​ដួល​សន្លប់ និង​ករណី​អគ្គិភ័យ ក្នុង​រដូវប្រាំង​នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ បាន​ក្រើនរំឭក​ដល់​ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ទាំងអស់​ឱ្យ​អនុវត្ត​វិធានការ​បង្ការ​អគ្គិភ័យ​ឱ្យ​បាន​ម៉ឺងម៉ាត់ ស្រប​តាម​សេចក្តីណែនាំ​ចុះ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ​ឆ្នាំ​២០២៥ របស់​ក្រសួង​។

អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ស៊ុន មេ​សា បានឱ្យ​ដឹង​ថា ស្រប​ពេល​ស្ថានភាព​អាកាសធាតុ​នៅ​តែ​បន្ត​ប្រែប្រួល ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ត្រូវ​បង្កើន​ឱ្យ​មានការ​ត្រួតពិនិត្យ​ជា​ប្រចាំ​នូវ​បណ្ដាញ​ផ្គត់ផ្គង់​ចរន្តអគ្គិសនី បំពង់​ពន្លត់​អគ្គិ​ស​ភ័យ ប្រព័ន្ធ​ទុយោ​បាញ់​ពន្លត់​អគ្គិភ័យ កណ្ដឹង​ប្រកាស​អាសន្ន ឧបករណ៍​ចាប់​ផ្សែង និង​ភ្លើង​បំភ្លឺ​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​ដាច់​អគ្គិសនី ដើម្បី​ការពារ​សុ​វត្តិភាព​។

យោង​តាម​សេចក្តីណែនាំ​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចុះ​ផ្សាយ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៥ បាន​ក្រើនរំលឹក​ដល់ ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ត្រូវ​រៀបចំ​ឱ្យ​មាន​ផែនការ​ឆ្លើយ​តប​ពេល​អាសន្ន​ឱ្យ​បាន​រហ័ស ចំពោះ​ទីតាំង​ដែល​ប្រើប្រាស់​សារធាតុ​គីមី និង​វត្ថុ ឬ​សម្ភារៈ​ដែល​ងាយ​ឆាបឆេះ និង​ធ្វើការ​តាមដាន​ជា​ប្រចាំ​លើ​សីតុណ្ហភាព​សមាមាត្រ ដែល​បាន​បំពាក់​ក្នុង​សហគ្រាស និង​គ្រឹះស្ថាន ពិនិត្យ​និង​ថែទាំ​ជា​ប្រចាំ​នូវ​ប្រព័ន្ធ​បញ្ចេញបញ្ចូល​ខ្យល់ បើកទ្វារ បង្អួច​ទាំងអស់ កម្មករនិយោជិត​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​សម​ស្រប​តាម​អាកាសធាតុ​។

ជាមួយ​គ្នា​នេះ សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ត្រូវ​អប់រំ​បណ្ដុះបណ្ដាល​កម្មករនិយោជិត​ឱ្យ​យល់​ដឹង​ពី​សញ្ញា​ការពារ​សុ​វត្តិភាព របៀប​ជម្លៀស​ខ្លួន​ទៅ​កាន់​ទីតាំង​សុ​វត្តិភាព និង​ត្រួតពិនិត្យ​ជា​ប្រចាំ​នូវ​មធ្យោបាយ​សង្គ្រោះ​បឋម និង​ដំណើរការ​គិ​លា​នុ​ដ្ឋា​ន​ប្រចាំ​សហគ្រាស​ផង​ដែរ​។

សេចក្តីណែនាំ​ដដែល​បញ្ជាក់​ទៀត​ថា ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​ដែល​មានការ​ធ្វេសប្រហែស និង​មិន​បាន​អនុវត្ត​តាម​សេចក្ដីណែនាំ បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត ទ្រព្យសម្បត្តិ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ និង​ត្រូវ​ទទួល​រង​ពិន័យ​តាម​ច្បាប់​ស្ដី​ពី​ការងារ និង​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត ស្រប​តាម​មាត្រា​៣០ នៃ​ច្បាប់​ស្តី​ពី​ការ​បង្ការ និង​ពន្លត់​អគ្គិភ័យ និង​ច្បាប់​ពាក់ព័ន្ធ​ដទៃ​ទៀត​៕ អត្ថបទសហការ