យោងតាមការផ្សាយរបស់សារព័ត៌មានសុខភាពបរទេស បានឱ្យដឹងថាការតុបតែងផ្ទះដោយរុក្ខជាតិបៃតងជារឿងល្អ ប៉ុន្តែការជ្រើសរើសខុសប្រភេទអាចនាំមកនូវសត្វល្អិត ផ្សិត និងបញ្ហាសុខភាពដល់សមាជិកគ្រួសារ។ ខាងក្រោមនេះជារុក្ខជាតិ ៩ ប្រភេទដែលអ្នកជំនាញណែនាំឱ្យដាំនៅក្រៅផ្ទះវិញ៖
ជំពូកផ្កាដែលមានក្លិនក្រអូប និងសម្រស់ទាក់ទាញដូចជា ផ្កាម្លិះរួត, ផ្កាកុលាប, ផ្កាឡាវេនឌឺ, ផ្ការ៉ូស្មែរី និងផ្កាអ៊ីដ្រាញ៉េ សុទ្ធតែជារុក្ខជាតិដែលត្រូវការពន្លឺព្រះអាទិត្យខ្លាំង និងសំណើមខ្ពស់។ នៅពេលដាំក្នុងផ្ទះ ពួកវាងាយនឹងក្រៀមស្វិត មិនរីកផ្កា និងក្លាយជាជម្រកមេរោគ ឬសត្វល្អិតចង្រៃ។ ចំណែកឯ ផ្កាស្បៃរឿង វិញ វារីកតែមួយរដូវកាលប៉ុណ្ណោះ ហើយនឹងមើលទៅអាក្រក់បំផុតនៅពេលផ្ការបស់វាស្វិតជ្រុះ។
ចំពោះរុក្ខជាតិស្លឹក និងវល្លិវិញ ដើមផូថូស ទោះបីងាយដុះ តែវាលូតលាស់លឿនពេក រហូតអាចក្លាយជាកន្លែងសំបុកធូលី និងបាក់តេរីដែលប៉ះពាល់ដល់ផ្លូវដង្ហើម។ ដើមបូស្តុនហ្វឺន ក៏មិនខុសគ្នាដែរ វាត្រូវការសំណើមខ្លាំង បើមិនដូច្នោះទេវានឹងជ្រុះស្លឹកពេញផ្ទះ បង្កជាភាពរញ៉េរញ៉ៃ។
ចុងក្រោយគឺ ដើមដំបងយក្ស ដែលមនុស្សជាច្រើននិយមដាំលើតុធ្វើការ។ តាមពិតវាត្រូវការកម្តៅថ្ងៃខ្លាំង ហើយបន្លារបស់វាបង្កគ្រោះថ្នាក់ដល់ក្មេង និងសត្វចិញ្ចឹម។ ក្នុងជំនឿហុងស៊ុយ បន្លាស្រួចៗទាំងនេះត្រូវបានគេជឿថាបង្កើត “ថាមពលអវិជ្ជមាន” នាំឱ្យមានជម្លោះក្នុងគ្រួសារ និងរារាំងលាភសំណាងទៀតផង៕
ចែករំលែកព័តមាននេះ