ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហជីព និង​អ្នកវិភាគ ជំរុញ​ឱ្យ​ក្រុម​សង្គម​ស៊ី​វិល​នៅ​កម្ពុជា ចេញសេចក្ដីថ្លែងការណ៍​ថ្កោលទោស​យោធា​ថៃ ទៅ​អន្តរជាតិ ដើម្បី​ឱ្យ​ថៃ​បញ្ឈប់​ការ​រំលោភសិទ្ធិ​មនុស្ស តាម​រយៈ​ការ​ឈ្លានពានលើ​អធិបតេយ្យភាព​កម្ពុជា

4 ម៉ោង មុន

​រាជធានីភ្នំពេញ​ ៖ សហជីព និង​អ្នកវិភាគ បាន​ជំរុញ​ឱ្យ​ក្រុម​អង្គការ​សង្គម​ស៊ី​វិល ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស គួរតែ​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​យោធា​ថៃ ដែល​បាន​ឈ្លានពាន​មក​លើ​អធិបតេយ្យភាព​របស់​កម្ពុជា ដោយ​បាន​បណ្តាល​ឱ្យ​ប្រជាជន​ស្លូតត្រង់​ស្លាប់ និង​របួស​ជា​ច្រើន​នាក់…

​រាជធានីភ្នំពេញ​ ៖ សហជីព និង​អ្នកវិភាគ បាន​ជំរុញ​ឱ្យ​ក្រុម​អង្គការ​សង្គម​ស៊ី​វិល ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស គួរតែ​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​យោធា​ថៃ ដែល​បាន​ឈ្លានពាន​មក​លើ​អធិបតេយ្យភាព​របស់​កម្ពុជា ដោយ​បាន​បណ្តាល​ឱ្យ​ប្រជាជន​ស្លូតត្រង់​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ ហើយ​ប្រជាជន​រាប់​សែន​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ភៀស​សឹក ​។

ការ​ជំរុញ​នេះ ដោយសារ​តែ​សហជីព និង​អ្នកវិភាគ​ទាំងនោះ កត់សម្គាល់​ឃើញ​ថា ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ភាគច្រើន មិន​ទាន់​ឃើញ​ចេញ​មក​ថ្កោលទោស ​ទ​ង្វើ​ដ៏​ឃោរឃៅ​របស់​យោធា​ថៃ នៅឡើយ​ទេ​ ។

លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា បាន​កត់​សម្គាល់ថា ចាប់តាំងពី​ប្រទេស​ថៃ​បាន​ឈ្លានពាន​ជា​ថ្មី​មក​លើ​ប្រទេស​កម្ពុជា​ដ៏​អាក្រក់ និង​សាហាវឃោរឃៅ​មក​, លោក មិន​ដែល​ឃើញ​ក្រុម​អង្គការ​សង្គម​ស៊ី​វិល ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស ចេញ​សេចក្ដីថ្លែងការណ៍​រិះគន់ ឬ​ថ្កោលទោស​យោធា​ថៃ នោះ​ឡើយ​ ។

លោក​យល់​ថា ក្នុង​ស្ថានភាព​ដែល​យោធា​ថៃ​ ឈ្លានពាន​មក​លើ​អធិបតេយ្យភាព​របស់​កម្ពុជា​នោះ​, ក្រុម​អង្គការ​សង្គម​ស៊ី​វិល គួរតែ​ចូលរួម​ថ្កោលទោស​ដោយ​ចំហ​ចំពោះ​ការ​ប្រព្រឹត្ត​នូវ​អំពើ​ដ៏​ឃោរឃៅ ដែល​រំលោភសិទ្ធិ​មនុស្ស រំលោភសិទ្ធិ​រស់នៅ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​អស់​ជា​ច្រើន ​។

លោក សំ សឿ​ន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ​នេះ​ថា៖ «​អ​ញ្ចឹ​ង​បើសិនជា​អង្គការ​ដែល​ធ្វើការ​ផ្នែក​សិទ្ធិ​មនុស្ស ផ្នែក​គាំពារ​សិទ្ធិ​អី​នោះ គាត់​គួរ​គប្បី​ចេញ​យ៉ាង​ម៉ឺងម៉ាត់ ដាច់ខាត ថ្កោលទោស​ចំពោះ​យោធា​ថៃ និង​រដ្ឋាភិបាល​ថៃ ដែល​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ និង​ឃោរឃៅ​មក​លើ​អធិបតេយ្យភាព​របស់​កម្ពុជា ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ស្លូតត្រង់​» ​។

ចំណែក​លោក​បណ្ឌិត យង់ ពៅ អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ និង​ជា​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម មើលឃើញ​ថា មាន​អង្គការ​សង្គម​ស៊ី​វិល ធ្វើ​ការងារ​ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​មួយ​ចំនួន បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​យោធា​ថៃ​រួច​ហើយ តែ​នៅ​មាន​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ជា​ច្រើន​ទៀត មិន​ទាន់​ឃើញ​ចេញ​មក​ថ្កោលទោស​នូវ​ទ​ង្វើ​ដ៏​ឃោរឃៅ​នេះ​នៅឡើយ​ទេ​ ។

លោក​បណ្ឌិត មាន​ប្រសាសន៍​បន្ត​ថា៖ «​ដូច្នេះ​ហើយ ខ្ញុំ​អំពាវនាវ​អង្គការ​ជាតិ​-​អន្តរជាតិ ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ក៏​ដោយ មិនមែន​សិទ្ធិ​មនុស្ស​ក៏​ដោយ អង្គការ​សង្គម​ស៊ី​វិល ចលនា​មហាជន ត្រូវ​រួបរួម​គ្នា​ចេញ​មក​ថ្កោលទោស​ប្រទេស​ថៃ ដែល​ប្រព្រឹត្ត​យ៉ាង​សាហាវព្រៃផ្សៃ បំផ្លាញ សម្លាប់​ជីវិត​ជន​ស៊ី​វិល​កម្ពុជា បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា រំលោភ​ដែន​អធិបតេយ្យភាព​កម្ពុជា​យ៉ាង​ជ្រៅ​» ​។

រីឯ​លោក ថុ​ង ម៉េ​ង​ដា​វិត អ្នកវិភាគ​ភូមិសាស្ត្រ​នយោបាយ និង​សន្តិសុខ​អន្តរជាតិ សង្កេត​ឃើញ​ថា ក្រុម​អង្គការ​សង្គម​ស៊ី​វិល​កម្ពុជា ដែល​ធ្វើការ​លើ​សិទ្ធិ​មនុស្ស​ភាគច្រើន មានការ​បញ្ចេញមតិ​តិចតួច​លើ​បញ្ហា​ជនភៀសខ្លួន​នៅ​កម្ពុជា និង​នៅ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បញ្ចេញមតិ ចំ​ពេល​មានការ​លុកលុយ​ពី​សំណាក់​យោធា​ថៃ ដែល​បាន​បណ្តាល​ឱ្យ​មានការ​ស្លាប់​ជន​ស៊ី​វិល របួស និង​ការ​ផ្លាស់​ទីលំនៅ ​។

លោក​ថា៖ «​ស្រប​ពេល​ដែល​តួនាទី​របស់​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ទាំងនោះ គឺ​ផ្តោត​សំខាន់​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុងស្រុក តែ​ភាព​អសកម្ម​របស់​ពួក​គេ​ក្នុង​ការ​រាយការណ៍​ពី​ការ​វាយប្រហារ​របស់​យោធា​ថៃ​លើ​ពលរដ្ឋ​ស្លូតត្រង់​របស់​កម្ពុជា បាន​ចោទ​ជា​សំណួរ​អំពី​ការងារ​របស់​ពួក​គេ​»​ ។

បើ​តាម​លោក ថុ​ង ម៉េ​ង​ដា​វិត ក្នុង​កាលៈទេសៈ​បែប​នេះ ក្រុម​អង្គការ​សង្គម​ស៊ី​វិល អាច​ចូលរួម​ចំណែក​បន្ថែម​ទៀត ដោយ​ថ្កោលទោស​ការ​វាយប្រហារ​លើ​ជន​ស៊ី​វិល ដោយ​ផ្អែក​លើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ (International Humanitarian Law) ចងក្រង​ឯកសារ​ផល​ប៉ះពាល់​សិទ្ធិ​មនុស្ស ជួយ​សហគមន៍​ដែល​ផ្លាស់​ទីលំនៅ​ដែល​រង​គ្រោះ​ដោយសារ​ការ​ទម្លាក់​គ្រាប់ និង​ការ​វាយប្រហារ​ពី​យោធា​ថៃ ព្រមទាំង​ប្រើប្រាស់​បណ្តាញ​អន្តរជាតិ ដើម្បី​បង្ហាញ​ពី​ទុក្ខវេទនា​របស់​ជន​ស៊ី​វិល ដោយ​មិន​ធ្វើ​ឱ្យ​ខូច​ដល់​អព្យាក្រឹតភាព​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ទាំងនោះ​ ៕ អត្ថបទសហការ