ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ABA ត្រូវ​បាន​ទទួលស្គាល់​ជា ធនាគារ​ឆ្នើម​បំផុតនៅ​កម្ពុជា​ប្រចាំឆ្នាំ 2025 ដោយ​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ The Banker

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ABA ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា បាន​ទទួល​ពាន ធនាគារ​ឆ្នើម​បំផុត​នៅ​កម្ពុជា ប្រចាំឆ្នាំ 2025 ពី The…

រាជធានីភ្នំពេញ ៖ ABA ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា បាន​ទទួល​ពាន ធនាគារ​ឆ្នើម​បំផុត​នៅ​កម្ពុជា ប្រចាំឆ្នាំ 2025 ពី The Banker ដែល​ជា​គ្រឹះស្ថានបោះពុម្ពផ្សាយ​ហិរញ្ញវត្ថុ​អន្តរជាតិ​របស់ Financial Times Group (UK)​ ។ ពានរង្វាន់​នេះ បាន​ទទួលស្គាល់ ABA នូវ​សមត្ថភាព​ដ៏​រឹង​មាំ ឧត្តមភាព​នវានុវត្តន៍ និង​តួនាទី​សំខាន់​របស់​ធនាគារ ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​ចីរភាព ​។

នវានុវត្តន៍​ឌី​ជី​ថ​ល
ទស្សនាវដ្ដី​ហិរញ្ញវត្ថុ The Banker បាន​គូសបញ្ជាក់ អំពី​ការ​បន្ត​អភិវឌ្ឍ​កាន់តែ​ទំនើប​ទៅ​មុខ​របស់ ABA លើ​ផលិតផល​ឯក​របស់​ខ្លួន នោះ​គឺ​កម្មវិធី ABA Mobile ដែល​ពង្រឹង​បន្ថែម​លើ​ជំហរ​ដ៏​លេចធ្លោ​របស់​ធនាគារ ក្នុង​នាម​ជា​គ្រឹះស្ថាន​សេវា​ធនាគារ​ឌី​ជី​ថ​ល​ឈានមុខ​នៅ​ក្នុង​ប្រទេស ​។ មុខងារ​ថ្មី​ៗ​ដែល​បាន​បញ្ចេញ​នៅ​ឆ្នាំ​នេះ រួម​មាន មុខងារ​ឆាត​ក្នុង​អេប (ABA In-App Chat) មុខងារ​សោ​មុខ (FacePass Secure) មុខងារ​ណា​វី ដែល​ជា​ជំនួយការ​បញ្ញា​និមិត្ត និង​មុខងារ​វិភាគ​ដ៏​ទំនើប កំពុង​ផ្តល់​នូវ​បទ​ពិសោធ​សេវា​ធនាគារ​កាន់តែ​ងាយស្រួល សុវត្ថិភាព និង​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​សម្រាប់​អតិថិជន​រាប់​លាន​នាក់​។ នវានុវត្តន៍​ទាំងនេះ មិន​ត្រឹមតែ​បង្កើន​ភាព​ងាយស្រួល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ជួយ​ពង្រឹង​ទំនុកចិត្ត និង​សុវត្ថិភាព​នៅ​ក្នុង​ប្រតិបត្តិការ​ឌី​ជី​ថ​ល​ផង​ដែរ​ ។

សមត្ថភាព​ថ្មី​បន្ថែម​ទាំង​អស់នេះ ទទួល​បានការ​គាំទ្រ​ខ្លាំង ដែល​បង្ហាញ​តាម​រយៈ​ការ​ប្រើប្រាស់​យ៉ាងច្រើន​សំណាក់​អតិថិជន ដោយ​ក្នុង​នោះ មានការ​ឆ្លើយឆ្លង​ជាង 200,000 សារ ក្នុង​មុខងារ​ឆាត ABA ខណៈ​អតិថិជន​ប្រមាណ 430,000 បាន​ប្រើប្រាស់ មុខងារ​ណា​វី ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង​នៃ​ការ​ដាក់​ដំណើរការ ​។

ចំណែកឯ ផ្លែ​ត​ហ្វ​ម​ធនាគារ​ឌី​ជី​ថ​ល​សម្រាប់​អាជីវកម្ម ក៏​ទទួល​កំណើន​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ពោល​គឺ មានការ​កើនឡើង 50% លើ​ទំហំ​ប្រតិបត្តិការ ចាប់ពី​ខែឧសភា ឆ្នាំ 2024 ដល់​ខែឧសភា ឆ្នាំ 2025 ដោយ​ឆ្លុះ​បញ្ចាំង​ពី​កំណើន​នៃ​ការ​ពឹងផ្អែក​លើ​អេកូ​ស៊ី​ស្ទែ​ម​ឌី​ជី​ថ​ល​របស់ ABA​ ។ ជាមួយ​អតិថិជន​ក្នុង​ដៃ​ជាង 5 លាន​ទូ​ទាំង​ប្រទេស ABA Mobile បាន​បន្ត​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​នាម​ជា​ផ្លែ​ត​ហ្វ​ម​ចម្បង​សម្រាប់​ការ​ចាត់ចែង និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​ប្រចាំ​ថ្ងៃ​របស់​អតិថិជន​ជា​រូប​វន្ត បុគ្គល និង​អាជីវកម្ម​ទូ​ទាំង​ប្រទេស​កម្ពុជា ​។

ហិរញ្ញប្បទាន​បៃតង
ជា​ផ្នែក​មួយ​នៃ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​គោលការណ៍​បរិស្ថាន សង្គម និង​អភិបាលកិច្ច (ESG) ធនាគារ ABA បាន​ក្លាយជា​អ្នក​វិនិយោគ​សញ្ញា​បណ្ណ​បៃតង​ធំ​ជាងគេ​នៃ​សញ្ញា​បណ្ណ​គម្រោង​បៃតង​ដំបូង​បង្អស់​របស់​កម្ពុជា ដែល​ចេញ​ដោយ​ក្រុមហ៊ុន​ស្នេ​ថេ​ក ដាយ​ណា​មិ​ក (SchneiTec Dynamic) ដើម្បី​គាំទ្រ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ថាមពល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ (​ថាមពល​សូ​ឡា​)​។ សញ្ញា​បណ្ណ​នេះ នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​រោងចក្រ​ផលិត​បន្ទះ​សូ​ឡា ដែល​មាន​ទំហំ 60MW ក្នុង​ខេត្តកំពង់ឆ្នាំង ដែល​រំពឹង​ថា នឹង​ទទួល​បាន​ថាមពល​ស្អាត​ប្រមាណ​ជាង 130GWh ប្រចាំឆ្នាំ ​។ ការ​វិនិយោគ​ដ៏​សំខាន់​នេះ បាន​បង្ហាញ​ពី​ការ​រួមចំណែក​របស់​ធនាគារ ក្នុង​ការ​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​ប្រកប ដោយ​ចីរភាព និង​អនាគត​កាន់តែ​បៃតង ​។

ការ​គាំទ្រ​សហគមន៍
គំនិត​ផ្តួចផ្តើម​ទំនួល​ខុស​ត្រូវ​សង្គម​របស់ ABA បន្ត​ផ្តោត​ទៅ​លើ​ការ​អប់រំ និង​ចំណេះដឹង​ផ្នែក​ឌី​ជី​ថ​ល​។ ធនាគារ​បាន​សហការ​ជាមួយ​គម្រោង​អាហារូបករណ៍ និង​កម្មវិធី​អប់រំ​ផ្សេង​ៗ រួម​មាន សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (AMT) និង​មូលនិធិ​កុមារ​កម្ពុជា (CCF) ដើម្បី​ផ្តល់​ឱកាស​កាន់តែ​ច្រើន​ដល់​យុវជន​។ ABA ក៏​បាន​ឧបត្ថម្ភ​កំ​ព្យូ​ទ័​រ ដល់​សាលារៀន និង​សហគមន៍​នានា ដើម្បី​ជួយ​ឲ្យ​សិស្សានុសិស្ស​មាន​ជំនាញ​ឌី​ជី​ថ​ល​សំខាន់​ៗ នៅ​ក្នុង​សេដ្ឋកិច្ច​អាស្រ័យ​បច្ចេកវិទ្យា ដែល​កំពុង​រីក​ចម្រើន​ទៅ​មុខ ​។

សម្លឹង​ឆ្ពោះទៅ​មុខ
ការ​ទទួល​ពាន​កម្រិត​កំពូល ប្រកបដោយ​កិត្យានុភាព​ពី​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ The Banker ជា​លើក​ទី​ប្រាំពីរ​នេះ បាន​បញ្ជាក់​ជា​ថ្មី និង​កាន់តែ​ច្បាស់​បន្ថែម​ទៀត ពី​ភាព​ឈានមុខ​របស់​ធនាគារ ABA លើ​ផ្នែក​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល និង​សេវា​ធនាគារ​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​ ។

លោក Askhat Azhikhanov អគ្គនាយក & ជានា​យក​ប្រតិបត្តិ នៃ​ធនាគារ ABA មាន​ប្រសាសន៍​ថា “​ធនាគារ ABA មាន​កិត្តិយស​យ៉ាង​ក្រៃ​លែង​ដែល​ត្រូវ​បាន​ទទួលស្គាល់​ឧត្តមភាព​ពី​ស្ថាប័ន​កំពូល The Banker​។ ដូច​សព្វដង យើងខ្ញុំ​មាន​មោទនភាព សូម​ចែករំលែក​កិត្តិនាម​នេះ​ជូន​ដល់​លោក​អ្នកជា អតិថិជន​ទាំងអស់ – ទំនុកចិត្ត​របស់​លោក​អ្នក គឺជា​កម្លាំង​ច​លករ​សម្រាប់​កិច្ចការ​គ្រប់យ៉ាង​ដែល​យើងខ្ញុំ​កំពុង​បម្រើ​លោក​អ្នក​” ។

លោក​ក៏​បាន​បន្ថែម​ថា “​ពានរង្វាន់​នេះ ជំរុញ​ទឹកចិត្ត​ឲ្យ​យើងខ្ញុំ បន្ត​នវានុវត្តន៍​ឌី​ជី​ថ​ល​ឲ្យ​កាន់តែ​ឈាន​មុខជា​លំដាប់ ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ចីរភាព និង​គាំទ្រ​សហគមន៍​នានា ខណៈ​យើងខ្ញុំ​បន្ត​រួមចំណែក​ពង្រឹង​អនាគត​សេវា​ធនាគារ​របស់​ប្រទេស​យើង​”​ ។

ក្នុង​ជំហាន​ឆ្ពោះទៅ​មុខ ABA នឹង​ប្តេជ្ញា​បន្ត​លើកកម្ពស់​ស្តង់ដារ​សេវា​ធនាគារ​ឲ្យ​តែ​ប្រសើរ​ជា​លំដាប់ បង្កើន​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ និង​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​នៅ ទូ​ទាំង​ប្រទេស​កម្ពុជា ​។

អំពី​ទស្សនាវដ្តី The Banker
The Banker គឺជា ធនធាន​ធនាគារ និង​ហិរញ្ញវត្ថុ​ពិភពលោក របស់​ក្រុមហ៊ុន Financial Times Group ។ ចាប់ផ្តើម បោះពុម្ពផ្សាយ​នៅ​ក្នុង​ឆ្នាំ 1929 ទស្សនាវដ្តី​បាន​ក្លាយជា​ប្រភព​ព័ត៌មាន អំពី វិស័យ​ធនាគារ​ដ៏​មាន​ទំនុកចិត្ត និង​អាន​ដោយ​នាយក​ប្រតិបត្តិ នាយក​ហិរញ្ញវត្ថុ ហេរញ្ញិក របស់​សាជីវកម្ម ទេស​ភិ​បាល ធនាគារកណ្តាល និង​និយតករ​ហិរញ្ញវត្ថុ​នៅ​ជាង 180 ប្រទេស​ទូ​ទាំង​ពិភពលោក ​។
The Banker គឺជា​ប្រភព​ដ៏​សំខាន់​ក្នុង​ការ​ផ្តល់​ទិន្នន័យ និង​ការ​វិភាគ​សម្រាប់​វិស័យ​ធនាគារ​។ ចំណាត់ថ្នាក់ ធនាគារពិភពលោក​កំពូល​ៗ ចំនួន 1,000 របស់ The Banker ត្រូវ​បាន​ប្រើប្រាស់​ជា​ស្ដង់ដា តាំងពី ឆ្នាំ 1970 ដោយ​ផ្ដល់​ការ​ព័ត៌មាន​ទាក់ទង​នឹង​ទ្រព្យសម្បត្តិ និង​ស្ថានភាព​នៃ​វិស័យ​ធនាគារ​គ្រប់​ជ្រុងជ្រោយ ៕ អត្ថបទសហការ