ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ ក្រើនរំលឹក​ជា​ថ្មី​អំពី​ការ​ពង្រឹង​វិធានការ​បង្ការ​អគ្គិភ័យ និង​ការ​លើកកម្ពស់​សុវត្ថិភាព និង​សុខភាព​ការងារ​របស់​កម្មករនិយោជិត នៅ​តាម​សហគ្រាស គ្រឹះស្ថាន

5 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២៥​នេះ បាន​ក្រើនរំលឹក​ជា​ថ្មី​ដល់​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់…

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២៥​នេះ បាន​ក្រើនរំលឹក​ជា​ថ្មី​ដល់​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ អំពី​ការ​ពង្រឹង​វិធានការ​បង្ការ​អគ្គិភ័យ និង​ការ​លើកកម្ពស់​សុវត្ថិភាព និង​សុខភាព​ការងារ​របស់​កម្មករនិយោជិត នៅ​តាម​សហគ្រាស គ្រឹះស្ថាន ​។

ការ​ក្រើនរំលឹក​ជា​ថ្មី​នេះ គឺ​ដោយសារ​តាម​ការ​សង្កេត​យ៉ាង​យកចិត្តទុកដាក់ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ផ្អែក​លើ​ស្ថានភាព​អាកាសធាតុ​ដែល​បន្ត​មានការ​ប្រែប្រួល គ្រោះថ្នាក់​ជាយថាហេតុ​មួយ​ចំនួន អាច​កើត​មាន​ឡើង​នៅ​កន្លែងធ្វើការ​ជា​អាទិ៍​ករណី​អគ្គិភ័យ និង​ករណី​ដួល​សន្លប់ ជាដើម​ ។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ក្រើនរំលឹក និង​ណែនាំ​ជា​ថ្មី​ថា ដើម្បី​បន្ត​លើកកម្ពស់​សុវត្ថិភាព និង​សុខភាព​ការងារ​របស់​កម្មករនិយោជិត ដោយ​រក្សា​ឱ្យ​បាន​នូវ​បរិយាកាស​ការងារ​ល្អ ជា​ពិសេស​ការ​បង្ការ និង​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ និង​ករណី​ដួល​សន្លប់​នៅ​តាម​សហគ្រាស គ្រឹះស្ថាន សូម​ម្ចាស់ ឬ​នាយក សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់ និង​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធានការ​ចាំបាច់​មួយ​ចំនួន ដូច​ខាងក្រោម ​៖

១- បង្កើន​ការ​ត្រួតពិនិត្យ​ជា​ប្រចាំ​នូវ​បណ្តាញ​ផ្គត់ផ្គង់​ចរន្តអគ្គិសនី ធ្វើការ​វាស់​កម្ដៅ​ឧបករណ៍​ផ្តល់​ចរន្ត អគ្គិសនី ដោយ​គោរព​តាម​ស្តង់ដា​សុវត្ថិភាព និង​ថែទាំ​ឧបករណ៍​ផ្តល់​ចរន្តអគ្គិសនី និង​សម្ភារៈ​ដំណើរការ ដោយ​ចរន្តអគ្គិសនី​ទាំងឡាយ ដែល​ជា​មូលហេតុ​បង្ក​ឱ្យ​មាន​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ​នៅ​កន្លែង ធ្វើការ និង​តាមដាន​ជា​ប្រចាំ​សី​តុ​ណ្ហ​មាត្រ​ដែល​បាន​បំពាក់​នៅ​ក្នុង​សហគ្រាស គ្រឹះស្ថាន ​។

២- អប់រំ និង​បណ្តុះបណ្តាល​កម្មករនិយោជិត ឱ្យ​យល់​ដឹង​អំពី​សញ្ញា​ការ​សុវត្ថិភាព របៀប​ជម្លៀស​ខ្លួន និង ធ្វើ​លំ​ហាត់​សម​ឱ្យ​បាន​ទៀងទាត់ ​។

៣- ត្រួតពិនិត្យ​ជា​ប្រចាំ​នូវ​មធ្យោបាយ​សង្គ្រោះ​បឋម និង​ដំណើរការ​គិលានដ្ឋាន​ប្រចាំ​សហគ្រាស​។

៤- ត្រួតពិនិត្យ និង​ធ្វើតេស្ត​សាកល្បង​ប្រព័ន្ធ និង​ឧបករណ៍​ការពារ​អគ្គិភ័យ​ជា​ប្រចាំ ជា​អាទិ៍ បំពង់​ពន្លត់ អគ្គិភ័យ ប្រព័ន្ធ​បាញ់​ទឹក​ដោយ​ស្វ័យប្រវត្តិ ប្រព័ន្ធ​ទុយោ​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ កណ្ដឹង​ប្រកាស​អាសន្ន ឧបករណ៍​ចាប់​ផ្សែង និង​ភ្លើង​បំភ្លឺ​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​ដាច់​ចរន្តអគ្គិសនី​។

៥- ត្រួតពិនិត្យ​ជា​ប្រចាំ​នូវ​ច្រក​អាសន្ន​ដែល​អាច​ជម្លៀស​ខ្លួន​ចេញ​ដោយ​សុវត្ថិភាព គ្មាន​ឧបសគ្គ មិន​ដាក់ សម្ភារៈ​បាំង មិន​ចាក់សោរ និង​មាន​ភ្លើង​បំភ្លឺ​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​ដាច់​ចរន្តអគ្គិសនី​។

៦- រៀបចំ​ឱ្យ​មាន​ផែនការ​ឆ្លើយ​តប​គ្រាអាសន្ន តាម​រយៈ​ការ​វាយតម្លៃ​អំពី​ចំណាត់ថ្នាក់​កន្លែងធ្វើការ​ដែល​មាន ប្រើប្រាស់​សារធាតុ​គីមី និង​វត្ថុ​ឬ​សម្ភារៈ​ងាយ​ឆាបឆេះ និង​វិធានការ​ឆ្លើយ​តប និង​រក្សា​ទុកដាក់​សារធាតុ ទាំងនោះ​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​អគារ​ធ្វើការ ឬ​អគារ​ផលិតកម្ម​។
៧- ត្រួតពិនិត្យ និង​ថែទាំ​ជា​ប្រចាំ​នូវ​ប្រព័ន្ធ​បញ្ចេញបញ្ចូល​ខ្យល់​នៅ​តាម​អគារ​ធ្វើការ និង​បើក​ឱ្យ​ដំណើរការ ឱ្យ​បាន​យ៉ាង​ហោច​ណាស់ ១​ម៉ោង មុន​ពេល​អនុញ្ញាត​ឱ្យ​កម្មករនិយោជិត​ចូល​ធ្វើការ​។
៨- បើក​បង្អួច ទ្វារ​ទាំងអស់ ឬ​បន្ថែម​កង្ហារ​បញ្ចេញ​ខ្យល់ ឬ​បឺត​ខ្យល់​ចេញ ក្នុង​អគារ​ផលិតកម្ម​នៅ​ពេល អាកាសធាតុ​កើន​កម្ដៅ និង​រៀបចំ​ទុកដាក់​សម្ភារៈ និង​វត្ថុធាតុដើម​ឱ្យ​មាន​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព កុំឱ្យ​បាំង​ប្រភព​ខ្យល់​ចេញចូល ​។
៩-​ណែនាំ​ដល់​កម្មករនិយោជិត​បរិភោគ​ទឹក​ស្អាត និង​មាន​អនាម័យ​ឱ្យ​បាន ១​កែវ នៅ​រៀង​រាល់ ១៥-២០​នាទី ព្រមទាំង​ស្លៀក​សម្លៀក​បំពាក់​សម​ស្រប​តាម​អាកាសធាតុ ​។

១០- ត្រូវ​រៀបចំ​ឱ្យ​មាន​ប្រព័ន្ធ​ស្រោច​ទឹក​នៅ​លើដំបូល​អគារ​ផលិតកម្ម ឱ្យ​បាន​យ៉ាង​ហោច​ណាស់ ២​ដង ក្នុង ១​ថ្ងៃ ឬ​បន្ថែម​សំណាញ់​នៅ​លើដំបូល​អគារ​ផលិតកម្ម ដើម្បី​កាត់​បន្ថយកម្ដៅ ​។
១១- ត្រួតពិនិត្យ និង​ចាត់វិធានការ​ចាំបាច់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​សាយភាយ​នៃ​សារធាតុ​គ្រោះថ្នាក់​ដល់ កម្មករនិយោជិត​ដែល​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​សារធាតុពុល ថ្នាំ​សម្លាប់​សត្វល្អិត​ពី​ខាងក្រៅ​បរិវេណ នៃ​សហគ្រាស គ្រឹះស្ថាន ​។
១២- ចំពោះ​សហគ្រាស គ្រឹះស្ថាន​ដែល​ប្រើប្រាស់​ឡ​ចំហាយ ត្រួតពិនិត្យ​ជា​ប្រចាំ​នូវ​ការ​ប្រើប្រាស់​ឡ​ចំហាយ ទៅ​តាម​លក្ខណៈ​បច្ចេកទេស និង​សុវត្ថិភាព ព្រមទាំង​ត្រូវ​មាន​លិខិតអនុញ្ញាត និង​មាន​អ្នកបញ្ជា​ឡ​ចំហាយ ដែល​បាន​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​ពី​ក្រសួង ស្ថាប័ន​ជំនាញ​។
១៣- ត្រួតពិនិត្យ និង​ជំរុញ​ការ​អនុវត្ត​តួនាទី​និង​ភារកិច្ច​របស់​គណៈកម្មការ ឬ​ក្រុមការងារ​សុវត្ថិភាព និង​សុខភាព ការងារ​ប្រចាំ​សហគ្រាស គ្រឹះស្ថាន ជា​ពិសេស​ការ​ត្រួតពិនិត្យ​និង​ធ្វើ​បច្ចុប្បន្នភាព​ការ​វាយតម្លៃ​ហានិភ័យ ការងារ​នៅ​កន្លែងធ្វើការ​ជា​ប្រចាំ ​។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន ដែល​មានការ​ធ្វេសប្រហែស និង​មិន​បាន​អនុវត្ត​តាម​សេចក្តីណែនាំ​នេះ បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត ទ្រព្យសម្បត្តិ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ត្រូវ​ទទួល​រង​ពិន័យ​តាម ច្បាប់​ស្តី​ពី​ការងារ និង​ការ​ផ្តន្ទាទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត ស្រប​តាម​មាត្រា​៣០ នៃ​ច្បាប់​ស្តី​ពី​ការ​បង្ការ និង​ពន្លត់ អគ្គិភ័យ និង​ច្បាប់​ពាក់ព័ន្ធ​ដទៃ​ទៀត​។

បើ​តាម​ក្រសួង​ការងារ ក្នុង​ករណី​ចាំបាច់ ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន និង​កម្មករនិយោជិត​អាច​ធ្វើការ​ទំនាក់ទំនង មក​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តាម​រយៈ​ប្រព័ន្ធ Hotline លេខ ១២៨៦” ឬ “១២៩៧” ឬ ក្រុម​តេ​ឡេ​ក្រាម “​សម្រាប់​និយោជក​” (https://t.me/EmployerChat) ឬ ក្រុម​តេ​ឡេ​ក្រាម “​សម្រាប់​កម្មករនិយោជិត​” (https://t.me/KhmerWorkerChat) ឬ​អាជ្ញាធរ​ពាក់ព័ន្ធ ឬ​អាច​ដាក់​ពាក្យបណ្តឹង​តាម​នីតិវិធី​ប្រអប់​បណ្ដឹង របស់​ក្រសួង ដើម្បី​ចុះ​ធ្វើការ​វាយតម្លៃ​កម្រិត​ហានិភ័យ ដែល​អាច​កើត​មាន​ឡើង​ចំពោះ​សុវត្ថិភាព​និង​សុខភាព កម្មករនិយោជិត​ក្នុងអំឡុងពេល​សីតុណ្ហភាព​ឡើង​កម្ដៅ​ខ្លាំង ​។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សង្ឃឹម​យ៉ាង​មុតមាំ​ថា ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន និង​កម្មករនិយោជិត​ទាំងអស់ នឹង​ចូលរួម​អនុវត្ត​តាម​សេចក្តីណែនាំ​នេះ​ឱ្យ​បាន​ម៉ឺងម៉ាត់​ប្រកបដោយ​ប្រសិទ្ធភាព ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ ៕ អត្ថបទសហការ