ធនាគារជាតិ ដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាម ឃ្យូអរកូត រវាងកម្ពុជា និងសិង្ហបុរី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល…
រាជធានីភ្នំពេញ ៖ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល…
រាជធានីភ្នំពេញ ៖ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី (ដំណាក់កាលទី ១ ៖ កម្ពុជាស្កេន ឃ្យូអរកូតនៅក្នុងប្រទេសសិង្ហបុរី) នៅក្នុងឱកាសនៃព្រឹត្តិការណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ឆ្នាំ ២០២៥ នៅប្រទេសសិង្ហបុរី ។

ការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដំណាក់កាលទី ១ នេះ នឹងផ្ដល់លទ្ធភាពឱ្យប្រជាជនកម្ពុជាដែលមានគណនីធនាគារជាប្រាក់រៀល អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញនិងសេវា នៅពេលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដោយប្រើប្រាស់កម្មវិធីទូទាត់បាគង ឬ កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលជាសមាជិកបាគង ដើម្បីស្កេនទូទាត់តាម RoamQR របស់ពាណិជ្ជករ SGQR នៅទូទាំងប្រទេសសិង្ហបុរី ប្រកបដោយភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព ។

កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរីនេះនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ និងការកាត់បន្ថយតម្រូវការក្នុងការប្ដូររូបិយប័ណ្ណក៏ដូចជាការប្រើប្រាស់ប័ណ្ណទូទាត់ ដោយផ្ដល់លទ្ធភាពក្នុងការធ្វើប្រតិបត្តិការទូទាត់ភ្លាមៗ ។ ការណ៍នេះពិតជាចាំបាច់ណាស់ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពរវាងប្រទេសទាំងពីរ ។

គម្រោងទូទាត់ឆ្លងដែននេះ ផ្ដួចផ្ដើមឡើងដោយមានដៃគូសហការក្នុងវិស័យឯកជនរួមមានធនាគារ អេស៊ីលីដា ភីអិលស៊ី ធនាគារហ្វីលីព ភីអិលស៊ី និងក្រុមហ៊ុនបណ្ដាញទូទាត់ Liquid Group ដែលការណ៍នេះបានសបញ្ជាក់ពីការចូលរួមយ៉ាងសំខាន់របស់វិស័យឯកជន ក្នុងការជំរុញការតភ្ជាប់ការទូទាត់ឆ្លងដែនជាឌីជីថល ព្រមទាំងបានរួមចំណែកគាំទ្រដល់ការសម្រេចបាននូវទស្សនវិស័យរួមក្នុងការអភិវឌ្ឍអន្តរប្រតិបត្តិការទូទាត់ក្នុងតំបន់អាស៊ានប្រកបដោយបរិយាបន្ន ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់ធនាគារជាតិនៃកម្ពុជាក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការធ្វើសមាហរណកម្មក្នុងតំបន់ប្រកបដោយនវានុវត្តន៍ ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ