ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួង​ការងារ អំពាវនាវ​ប្រជាពលរដ្ឋកុំ​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ​គួរតែ​ស្វែងរកការងារ​ក្នុងស្រុក​វិញ​ល្អ​ជាង

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ដោយ​គួរតែ​ស្វែងរក​ការងារ​ក្នុងស្រុក​វិញ​ល្អ​ជាង ព្រោះ​ទទួល​បាន​ប្រាក់​ឈ្នួល​សមរម្យ និង​អត្ថប្រយោជន៍​ជា​ច្រើន​។ លោក ស៊ុន…

រាជធានីភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ដោយ​គួរតែ​ស្វែងរក​ការងារ​ក្នុងស្រុក​វិញ​ល្អ​ជាង ព្រោះ​ទទួល​បាន​ប្រាក់​ឈ្នួល​សមរម្យ និង​អត្ថប្រយោជន៍​ជា​ច្រើន​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​ថ្ងៃ​ទី​១២ ខែវិច្ឆិកា​នេះ​ថា​បងប្អូន​ប្រជាពលរដ្ឋ មិន​គួរ​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​នោះ​ទេ ដោយ​ពួក​គាត់​គួរតែ​ស្វែងរក​ឱកាស​ការងារ​ក្នុងស្រុក​វិញ ព្រោះ​ការងារ​ក្នុងស្រុក​សំបូរ​បែប សុវត្ថិភាព​ជាង ចំណាយ​តិច​ជាង និង​ទទួល​បាន​ប្រាក់​ឈ្នួល​សមរម្យ រួម​ទាំង​អត្ថប្រយោជន៍​ការ​ថែទាំ​សុខភាព និង​ប្រាក់​សោធន ដែល​នៅ​ប្រទេស​ថៃ មិន​មាន​នោះ​ឡើយ​។

លោក ស៊ុន មេ​សា បាន​បន្ថែម​ថា «​ខ្ញុំ​បន្ត​អំពាវនាវ​ដោយ​ទទូច សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ដែល​អាច​ប្រឈម​នឹង​បញ្ហា​នានា ហើយ​គួរតែ​ស្វែងរក​ការងារ​ក្នុងស្រុក​វិញ​ល្អ​ជាង ដោយ​បងប្អូន​អាច​ទាក់ទង​មក​លេខ ១២៩៧ ដើម្បី​ឱ្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជួយ​ស្វែងរក​ការងារ​ឱ្យធ្វើ​»​។

ជាមួយ​គ្នា​នេះ អ្នកនាំពាក្យ​ក្រសួង​ការងារ ក៏​បានឱ្យ​ដឹង​ដែរ​ថា ក្រសួង នឹង​រៀបចំ “​ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រាប់​បងប្អូន​អតីត​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​” នៅ​តាម​បណ្តា​ខេត្ត​ចំនួន​៣ គឺ​ថ្ងៃ​ទី​១៥-១៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ខេត្តបាត់ដំបង​, ថ្ងៃ​ទី​២២-២៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ខេត្តបន្ទាយមានជ័យ និង​ថ្ងៃ​ទី​២៩-៣០ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ខេត្តសៀមរាប ដែល​ផ្ដល់​ឱកាស​ការងារ​ចំនួន​៧៥ ៣០២​កន្លែង​។

គួរ​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៣​ខែ​កន្លង​មកនេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សហការ​ជាមួយ​វិស័យ​ឯកជន សហជីព និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត បាន​ជួយ​ស្វែងរក​ការងារ​ឱ្យ​បងប្អូន​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ថៃ​វិញ បាន​ជាង​៣៤​ម៉ឺន​នាក់ ដោយ​ក្នុង​នោះ​ប្រមាណ​២៧​ម៉ឺន​នាក់ បាន​ចូល​ធ្វើការ​នៅ​ក្នុង​ក្រម​ហ៊ុន សហគ្រាស និង​រោងចក្រ​ផ្លូវការ ហើយ​ប្រមាណ ៧​ម៉ឺន​នាក់​ផ្សេង​ទៀត បាន​ទទួល​ការងារ​នៅ​តាម​សហគ្រាស​ខ្នាត​តូច និង​មធ្យម សិប្បកម្ម ភោជនីយដ្ឋាន និង​នៅ​តាម​ការដ្ឋាន​សំណង់ ជាដើម​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏​បាន​បន្ត​អំពាវនាវ​ដល់​បងប្អូន​ពលករ​ដែល​មិន​ទាន់​ទទួល​បានការ​ងារ​ធ្វើ សូម​ទាក់ទង​មក​លេខ​១២៩៧ ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ធ្វើ ឬ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥត​គិតថ្លៃ​៕