ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Prince Group ចេញ​សេចក្តីថ្លែងការណ៍​បដិសេធ​ការ​ចោទប្រកាន់​លើ​អ្នកឧកញ៉ា ចេ​ន ហ្ស៉ី អំពី​ការ​ចូលរួម​សកម្មភាព​ខុសច្បាប់​ណាមួយ ស្រប​ពេល​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​មេរោគ​កុំព្យូទ័រ​របស់​ចិន រក​ឃើញ​អ្នក​នៅ​ពីក្រោយ​ខ្នង​ការ​លួច Bitcoin ដែល​ហៅ​ថា «​ពាល​ស៊ី​ពាល​»

15 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​ក្រុមហ៊ុន ព្រីស​ន៍ គ្រុប បាន​ចេញ​សេចក្តីថ្លែងការណ៍​បន្ទាន់​មួយ​ដោយ​បញ្ជាក់​ថា សូម​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​អះអាង​ដែល​ថា អ្នកឧកញ៉ា…

រាជធានីភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​ក្រុមហ៊ុន ព្រីស​ន៍ គ្រុប បាន​ចេញ​សេចក្តីថ្លែងការណ៍​បន្ទាន់​មួយ​ដោយ​បញ្ជាក់​ថា សូម​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​អះអាង​ដែល​ថា អ្នកឧកញ៉ា ចេ​ន ហ្ស៉ី បាន​ចូលរួម​ក្នុង​សកម្មភាព​ខុសច្បាប់​ណាមួយ​។ ការ​ចោទប្រកាន់​នេះ​គឺ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​មាន​គោលបំណង​រក​លេស​ដើម្បី រឹបអូស​ទ្រព្យសម្បត្តិ​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​។

ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​នេះ បាន​បង្ក​ហានិភ័យ​យ៉ាង​ខ្លាំង​ដល់​បុគ្គលិក​ដែល​គ្មាន​កំហុស​រាប់​ពាន់​នាក់ ដៃគូ​សហការ និង សហគមន៍​ពាក់ព័ន្ធ​ដែល សហការ​ជាមួយ​ក្រុមហ៊ុន​ទាំង​នៅ​កម្ពុជា និង​នៅ​ក្រៅប្រទេស​។

ការ​ចេញ​ប្រកាសសេចក្តី​ថ្លែងការណ៍​បដិសេធ​នេះ ស្រប​ពេល សារព័ត៌មាន Global Times របស់​ចិន នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​ចេញផ្សាយ​ថា មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​មេរោគ​កុំព្យូទ័រ​របស់​ចិន (CVERC) បាន​ចេញផ្សាយ​របាយការណ៍​វិភាគ​បច្ចេកទេស​មួយ​ដោយ​ចោទប្រកាន់​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ទំនងជា​អ្នក​នៅ​ពីក្រោយ​ការ​លួច Bitcoin ដ៏​ធំ​សម្បើម​មួយ​ពី​បណ្តុំ​អ្នក​ជីក​រ៉ែ (Mining Pool) ដែល​ជា​កម្មសិទ្ធិ​របស់​មហាសេដ្ឋី ចេ​ន ហ្ស៊ី ដែល​ហៅ​ថា «​ពាល​ស៊ី​ពាល​»​។

មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង មេរោគ​កុំព្យូទ័រ​របស់​ចិន បាន​ប្រៀបធៀប​ករណី​នេះ​ថា ជា «​ពាល​ស៊ី​ពាល​» ដែល​ត្រូវ​បាន​រៀបចំ​ដោយ​អង្គភាព Hacker កម្រិត​រដ្ឋ​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន Global Times របស់​ចិន នៅ​ថ្ងៃ​ទី​០៩ ខែ​វិ​ច្ចិ​កា ឆ្នាំ​២០២៥​។

របាយការណ៍​របស់ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង មេរោគ​កុំព្យូទ័រ​របស់​ចិន បាន​រៀបរាប់​អំពី​ដំណើររឿង​ពេញលេញ ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២០ នៅ​ពេល​ដែល Bitcoin ប្រមាណ ១២៧,២៧២ BTC (​កាល​ណោះ​មាន​តម្លៃ​ប្រហែល ៣,៥ ពាន់​លាន​ដុល្លារ បច្ចុប្បន្ន​មាន​តម្លៃ​ជិត ១៥ ពាន់​លាន​ដុល្លារ​) ត្រូវ​បាន​លួច​ចេញពី​បណ្តុំ​អ្នក​ជីក​រ៉ែ LuBian Mining Pool របស់​អ្នកឧកញ៉ា ចេ​ន ហ្ស៊ី​។ បន្ទាប់​ពី​ហេតុការណ៍​នោះ អ្នកឧកញ៉ា ចេ​ន ហ្ស៊ី និង​ក្រុមហ៊ុន​របស់​លោក បាន​ព្យាយាម​ផ្ញើ​សារ​តាម​រយៈ​ប្រព័ន្ធ​ប្លុក​ឆេ​ន​ជា​ច្រើន​លើក​ច្រើន​សារ ដើម្បី​ស្នើ​សុំ​ឱ្យ​បញ្ជូន​ទ្រព្យសម្បត្តិ​ត្រឡប់​មក​វិញ ហើយ​ថែម​ទាំង​បាន​ផ្តល់​រង្វាន់​ទៀត​ផង ប៉ុន្តែ​គ្មាន​ការ​ឆ្លើយ​តប​ឡើយ​។

ចំណុច​ដែល​គួរ​ឱ្យ​សង្ស័យ​បំផុត​គឺ Bitcoin ទាំងនោះ​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​កាបូប​លុយ​ឌី​ជី​ថ​ល​តែ​មួយ ដោយ​គ្មាន​ការ​ចលនា​អស់​រយៈពេល​ជិត ៤ ឆ្នាំ ដែល​ជា​រឿង​ខុស​ប្លែក​ពី​ឥរិយាបថ​របស់​ក្រុម Hacker ធម្មតា ដែល​តែងតែ​ប្រញាប់​លក់​ទ្រព្យសម្បត្តិ​លួច​បាន​យ៉ាង​លឿន​។ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង មេរោគ​កុំព្យូទ័រ​របស់​ចិន​បាន​លើក​ឡើង​ថា ឥរិយាបថ​នេះ​ប្រៀប​ដូច​ជា​ប្រតិបត្តិការ​ដែល​ត្រូវ​បាន​រៀបចំ​ដោយ​ភាព​ជាក់លាក់​ពី «​អង្គភាព Hacker កម្រិត​រដ្ឋ​»​។ នៅ​ខែមិថុនា ឆ្នាំ​២០២៤ ទ្រព្យសម្បត្តិ​ទាំងនោះ​ត្រូវ​បាន​ផ្ទេរ​ទៅ​កាបូប​លុយ​ឌី​ជី​ថ​ល​ថ្មី​មួយ ដែល​ក្រោយមក​ឧបករណ៍​តាមដាន​ប្លុក​ឆេ​ន ARKHAM របស់​អា​មេ​រិ​ក បាន​កំណត់​ថា ជា​កម្មសិទ្ធិ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​។

ដំណើររឿង​នេះ​បាន​ឈាន​ដល់​ចំណុចកំពូល​នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៥ នៅ​ពេល​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក បាន​ប្រកាស​ចោទប្រកាន់​ព្រហ្មទណ្ឌ លើ​លោក ចេ​ន ហ្ស៊ី ពី​បទ​ពាក់ព័ន្ធ​នឹង​ការ​បោកប្រាស់​រូបិយប័ណ្ណ​ឌី​ជី​ថ​ល និង​បាន​ប្រកាស​រឹបអូស Bitcoin ចំនួន ១២៧,០០០ BTC​។ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង មេរោគ​កុំព្យូទ័រ​របស់​ចិន បាន​សន្និដ្ឋាន​ថា «​ភស្តុ​តាង​បង្ហាញ​ថា Bitcoin ដែល​ត្រូវ​បាន​រឹបអូស​ដោយ​រដ្ឋាភិបាល​អា​មេ​រិ​ក គឺ​ត្រូវ​គ្នា​នឹង Bitcoin ដែល​ត្រូវ​បាន​លួច​ពី​បណ្តុំ​អ្នក​ជីក​រ៉ែ LuBian​។ នេះ​ទំនងជា​មាន​ន័យ​ថា រដ្ឋាភិបាល​អា​មេ​រិ​កបាន​លួច Bitcoin របស់​លោក ចេ​ន ហ្ស៊ី ដោយ​ប្រើ​បច្ចេកទេស hacker តាំងពី​ឆ្នាំ​២០២០​មក​ម្ល៉េះ​»​។

គួរ​បញ្ជាក់​ថា របាយការណ៍​នេះ​ក៏​បាន​រក​ឃើញ​ដែរ​ថា ការ​អះអាង​របស់​ក្រសួងយុត្តិធម៌​អា​មេ​រិ​កថា មូលនិធិ​ទាំងអស់​មាន​ប្រភព​ពី​អំពើ​ខុសច្បាប់ គឺ​ផ្ទុយ​ពី​ការ​រក​ឃើញ​ដំបូង​របស់​ខ្លួន ដែល​បាន​បង្ហាញ​ថា Bitcoin ទាំងនោះ​មាន​ប្រភព​ចម្រុះ រួម​ទាំង​ការ​ជីក​រ៉ែ​ដោយ​ឯករាជ្យ និង​ការ​ទូទាត់​ពី​បណ្តុំ​អ្នក​ជីក​រ៉ែ​ផង​ដែរ​។

ក្រុមហ៊ុន Price Group បាន​បញ្ជាក់​នៅ​តែ​ប្តេជ្ញា​ចិត្ត​ចំពោះ​សុចរិត​ភាព ការ​វិនិយោគ​ដែល​មាន​ទំនួល​ខុស​ត្រូវ និង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​នៅ​ទូ​ទាំង​តំបន់​។ អស់​រយៈពេល​ជាង​មួយ​ទស្សវត្សរ៍​ហើយ​ដែល​ក្រុមហ៊ុន​បាន​ធ្វើ​ប្រតិបត្តិការ​ប្រកបដោយ​តម្លាភាព និង​អនុលោម​តាម​រាល់ បទ​ប្ប​ញ្ញាតិ​ច្បាប់​ជា​ធរមាន ដែល​នេះ​នឹង​ត្រូវ​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ពេល​ដែល​ភស្តុ​តាង​ទាំងអស់​ត្រូវ​បាន​បង្ហាញ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ