រាជធានីភ្នំពេញ ៖ មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួង និងមន្ត្រីមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទូទាំង ២៥រាជធានី-ខេត្ត រួមទាំងក្រុមអន្តរាគមន៍ និងក្រុម ១២៩៧ នាថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលចំថ្ងៃទី ១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបន្តប្រចាំការ ដើម្បីត្រៀមអន្តរាគមន៍ និងដោះស្រាយបញ្ហាផ្សេងៗ ជូនបងប្អូនកម្មករ-និយោជិត ។ នេះបើតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ 

លោក ស៊ុន មេសា មានប្រសាសន៍នៅថ្ងៃទី ៤ ខែវិច្ឆិកានេះថា ទោះបីជាថ្ងៃឈប់សម្រាកក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកក៏ដោយ ប៉ុន្តែក្រោមការចាត់តាំងរបស់ឯកឧត្ដម ហេង សួរ គឺមន្ត្រីរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាំងនៅទីស្ដីការក្រសួង និងមន្ទីរនៅទូទាំង ២៥រាជធានី-ខេត្ត នៅតែបន្តមានអ្នកប្រចាំការ ដើម្បីរង់ចាំដោះស្រាយ និងសម្របសម្រួលបញ្ហាណាមួយ ដែលអាចកើតមានឡើងជាយថាហេតុ ។ 
អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានបញ្ជាក់ថា មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាំងនៅទីស្ដីការក្រសួង និងមន្ទីរនៅទូទាំង ២៥រាជធានី-ខេត្ត នឹងបន្តប្រចាំការនៅថ្ងៃទី២ និងទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បន្តទៀត ៕ អត្ថបទសហការ




                        			         
				
ចែករំលែកព័តមាននេះ