ទឹកដូង ត្រូវបានគេស្គាល់ថាជាភេសជ្ជៈដ៏អស្ចារ្យសម្រាប់សុខភាព ទាំងផ្តល់ភាពស្រស់ស្រាយ និងជាតិទឹកដល់រាងកាយ។ ប៉ុន្តែតើវាពិតជាអាចជួយដល់ប្រព័ន្ធរំលាយអាហារដូចគេនិយាយមែនឬ? ថ្ងៃនេះ យើងនឹងយល់ដឹងពីការពិតជាមួយគ្នា។
ហេតុអ្វីបានជាទឹកដូងល្អសម្រាប់សុខភាពពោះវៀន?
លោកវេជ្ជបណ្ឌិតឯកទេសក្រពះពោះវៀនដ៏ល្បីនៅសហរដ្ឋអាម៉េរិក បានបញ្ជាក់ថា ទឹកដូងពិតជាមានប្រយោជន៍ដល់ពោះវៀន។ វាមិនត្រឹមតែជួយផ្តល់ជាតិទឹកប៉ុណ្ណោះទេ តែសារធាតុរ៉ែដូចជា ប៉ូតាស្យូម និង ម៉ាញេស្យូម ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ចលនាសាច់ដុំពោះវៀន។
បំបាត់ការទល់លាមកស្រាលៗ: សារធាតុរ៉ែក្នុងទឹកដូងជួយឱ្យសាច់ដុំពោះវៀនដំណើរការល្អ ដែលអាចជួយបំបាត់អាការៈទល់លាមកតិចតួច។
បន្ធូរបន្ថយអាការៈចាល់ជាតិអាស៊ីត: សម្រាប់អ្នកដែលមានបញ្ហាចាល់អាស៊ីតស្រាល ទឹកដូងអាចជួយកាត់បន្ថយការរលាក និងបន្ធូរបន្ថយអាការៈបានខ្លះ។
អត្ថប្រយោជន៍ដ៏គួរឱ្យចាប់អារម្មណ៍ផ្សេងទៀត
ទឹកដូងជាភេសជ្ជៈដែលមានជាតិទឹកដល់ទៅ ៩៤% និងមានកាឡូរីទាប (ប្រហែល ៦០ កាឡូរីក្នុង ២៤០មិលី្លលីត្រ)។ ក្រៅពីជំនួយដល់ពោះវៀន វាក៏មានអត្ថប្រយោជន៍ជាច្រើនទៀត៖
ជួយគ្រប់គ្រងសម្ពាធឈាម: ទឹកដូងសម្បូរទៅដោយប៉ូតាស្យូម ដែលជាសារធាតុសំខាន់ក្នុងការជួយគ្រប់គ្រងសម្ពាធឈាម។
ជួយកាត់បន្ថយហានិភ័យក្រួសក្នុងតម្រងនោម: ការសិក្សាមួយចំនួនបានបង្ហាញថា ការផឹកទឹកដូងអាចជួយកាត់បន្ថយហានិភ័យនៃការកើតក្រួសក្នុងតម្រងនោម។
ជាភេសជ្ជៈកីឡាដ៏ល្អ: ទឹកដូងមានជាតិស្ករទាប និងប៉ូតាស្យូមខ្ពស់ ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់ភេសជ្ជៈជំនួសជាតិទឹកបន្ទាប់ពីការហាត់ប្រាណ។
ផឹកទឹកដូងប៉ុន្មានក្នុងមួយថ្ងៃ?
ទោះបីជាទឹកដូងមានអត្ថប្រយោជន៍ច្រើនក៏ដោយ ក៏យើងគួរផឹកក្នុងបរិមាណសមល្មម។ វេជ្ជបណ្ឌិតណែនាំឱ្យផឹកទឹកដូងត្រឹម មួយកែវ (២៤០ មិលី្លលីត្រ) ក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់ហើយសម្រាប់មនុស្សពេញវ័យដែលមានសុខភាពល្អទូទៅ។ ប៉ុន្តែប្រសិនបើអ្នកមានបញ្ហាតម្រងនោម បេះដូង ឬទឹកនោមផ្អែម គួរពិភាក្សាជាមួយគ្រូពេទ្យជាមុន។
ចំណុចសម្គាល់
ទឹកដូងមិនមែនជាថ្នាំវេទមន្តដែលអាចព្យាបាលជំងឺធំៗបាននោះទេ ប៉ុន្តែវាជាផ្នែកមួយដ៏ល្អនៃរបបអាហារដែលមានសុខភាពល្អ ដើម្បីជួយទ្រទ្រង់ដល់សុខភាពពោះវៀន និងរាងកាយទាំងមូល៕
ចែករំលែកព័តមាននេះ