ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់​រក​ខ្នង​បង្អែក​ចិន​ និង​រុស្ស៊ី​ក្រោយ​ប៉ះ​ទង្គិច​ជា​មួយ​អ៊ី​ស្រា​អែ​ល

1 ថ្ងៃ មុន

ទី​ក្រុង​តេ​អេ​រ៉ង់​៖ អ៊ីរ៉ង់​កំពុង​ស្វះ​ស្វែង​រក​ខ្នង​បង្អែក​ពី​ប្រទេស​មហា​អំណាច​ចិន និង​រុស្ស៊ី​បន្ទាប់​ពី​ខ្លួន​ទទួល​រង​ការ​វាយ​ប្រហារ​ពី​អ៊ីស្រា​អែល​ និង​អាមេរិក​។ រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​ លោក​អាបាស់ អារ៉ាកឈី (Abbas Araghchi) ​ជំរុញ​ឱ្យ​មាន​កិច្ច​សម្រប​សម្រួល​ផ្នែក​សន្តិ​សុខ​ជាតិ​ពី​ក្រុម​ប្រទេស​មហា​អំណាច​។…

ទី​ក្រុង​តេ​អេ​រ៉ង់​៖ អ៊ីរ៉ង់​កំពុង​ស្វះ​ស្វែង​រក​ខ្នង​បង្អែក​ពី​ប្រទេស​មហា​អំណាច​ចិន និង​រុស្ស៊ី​បន្ទាប់​ពី​ខ្លួន​ទទួល​រង​ការ​វាយ​ប្រហារ​ពី​អ៊ីស្រា​អែល​ និង​អាមេរិក​។ រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​ លោក​អាបាស់ អារ៉ាកឈី (Abbas Araghchi) ​ជំរុញ​ឱ្យ​មាន​កិច្ច​សម្រប​សម្រួល​ផ្នែក​សន្តិ​សុខ​ជាតិ​ពី​ក្រុម​ប្រទេស​មហា​អំណាច​។ លោក​ថ្លែង​ដូច្នេះ​នៅ​ឯ​វេទិកា​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សៀង​ហៃ​ (SCO) ដែល​មាន​ប្រទេស​រុស្ស៊ី និង​ចិន​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នោះ​ដែរ​។​

កិច្ច​ប្រជុំ​នេះ​រំលេច​ឱ្យ​ឃើញ​ថា​អ៊ីរ៉ង់ និង​ចិន​កាន់​តែ​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជា​មួយ​គ្នា​ រុស្ស៊ី​ក៏​ដូច​គ្នា​ដែរ​ បន្ទាប់​ពី​អ៊ីរ៉ង់​​មាន​ជម្លោះ​ប្រដាប់​អាវុធ​ដោយ​បាញ់​មីស៊ីល​ឆ្លើយ​ឆ្លង​គ្នា​​ជា​មួយ​អ៊ីស្រា​អែល​​។ នៅ​ក្នុង​​ជម្លោះ​​នោះ អា​មេ​រិក​ក៏​បាន​ចូល​រួម​ទម្លាក់​គ្រាប់​បែក​​​ទៅ​លើ​ទី​តាំង​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ផង​ដែរ​​។ ជំនួយ​របស់​ចិន​ជួយ​ទ្រ​ទ្រង់​សេដ្ឋ​កិច្ច​អ៊ីរ៉ង់​ និង​ក៏​ជួយ​ផ្នែក​យោធា​ផង​ដែរ​។ ដូច្នេះ ធ្វើ​ឱ្យ​ទណ្ឌ​កម្ម​ដែល​អា​មេ​រិក​ដាក់​ទៅ​លើ​អ៊ីរ៉ង់​មិន​សូវ​​មាន​ប្រសិទ្ធ​ភាព និង​មិន​អាច​គាប​សង្កត់​អ៊ីរ៉ង់​បាន​ឡើយ​។

លោក​អារ៉ាក​ឈី​ស្នើ​សុំ​បង្កើត​យន្ត​ការ​ជា​ចិន្ត្រៃយ៍​ដើម្បី​ឃ្លាំ​មើល,​ ​កត់​ចំណាំ​ទុក​​​ និង​សម្រប​សម្រួល​វិធាន​ការ​ឆ្លើយ​តប​បែប​ណា​មួយ​នៅ​ពេល​មាន​អំពើ​ឈ្លាន​ពាន​ផ្នែក​យោធា, ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​, អំពើ​ភេរវ​កម្ម​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​រដ្ឋ​ និង​ការ​បំពាន​អធិប​តេយ្យ​ភាព​ជាតិ​របស់​រដ្ឋ​​ណា​មួយ​។ ​នៅ​ក្នុង​កិច្ច​កិច្ច​ប្រជុំ​កំពូល​នោះ លោក​ចាត់​ទុក​ថា​ការ​វាយ​ប្រហារ​ពី​សំ​ណាក់​អ៊ីស្រាអែល​ និង​អាមេរិក​ទៅ​លើ​អ៊ីរ៉ង់​ជា​អំពើ​ឈ្លាន​ពាន​។

លោក​អារ៉ាក​ឈី​​បាន​ជួប​ប្រធានា​ធិបតី​ចិន និង​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​រុស្ស៊ី​ជា​លក្ខណៈ​ទ្វេ​ភាគី​ដាច់​ដោយ​ឡែក​ៗ​ពី​គ្នា​នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​កំពូល​​។ អ៊ីរ៉ង់​យល់​ឃើញ​ថា​វេទិកា​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​សៀង​ហៃ (SCO) នេះ​ជា​ឱកាស​សម្រាប់​ខ្លួន​ពង្រឹង​ទំនា​ក់​ទំនង​ការ​ទូត និង​សេដ្ឋ​កិច្ច​ និង​ជួយ​រំដោះ​ខ្លួន​ពី​ភាព​ឯកោ​។ កាល​ពី​សប្ដាហ៍​មុន​ អ៊ីរ៉ង់​បាន​ជំរុញ​ទំនាក់​ទំនង​ការ​ទូត​យ៉ាង​សម្បើម​នៅ​ពេល​​ចូល​រួម​វេទិកា​ប្រ៊ីក (BRICS) នៅ​ប្រេ​ស៊ីល​។

ប្រទេស​ចិន និង​រុស្ស៊ី​មាន​ជំហរ​ស្រប​គ្នា​នៅ​ក្នុង​បញ្ហា​វាយ​ប្រហារ​អ៊ីរ៉ង់​ថ្មី​ៗ​នេះ​​។ រុស្ស៊ី​ចាត់​ទុក​ថា​នោះ​ជា​ការ​វាយ​ប្រហារ​ដែល​ឥត​សម​ហេតុ​ផល​។ ប្រធានាធិប​តី​អ៊ីរ៉ង់​ថ្លែង​ថា​លោក​នៅ​តែ​បើក​ចំហ​ជា​និច្ច​សម្រាប់​ការ​សន្ទនា​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នុយ​ក្លេអ៊ែរ​។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ អ៊ីរ៉ង់​សម្រេច​ព្យួរ​ទុក​កិច្ច​សម្រប​សម្រួល​ពី​ស្ថាប័ន​​សង្កេត​ការណ៍​​នុយ​ក្លេ​អ៊ែរ​របស់​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ