ទីក្រុងប្រ៊ុចសែល៖ ប្រទេសមួយចំនួននៅអឺរ៉ុបថ្លែងថាពួកគេត្រៀមទិញអាវុធរបស់អាមេរិកដើម្បីបញ្ជូនទៅឱ្យអ៊ុយក្រែនតាមសេចក្ដីប្រកាសរបស់លោកត្រាំ។ ប៉ុន្តែសម្រាប់ពេលនេះ ពួកគេត្រូវការឆ្លងកាត់នីតិវិធីផ្សេងៗជាមុនសិន។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីលោកត្រាំប្រកាសកាលពីថ្ងៃចន្ទថាលោកនឹងបញ្ជូនប្រព័ន្ធការពារដែនអាកាសផេទ្រាត (Patriot), មីស៊ីល និងអាវុធដទៃទៀតទៅអ៊ុយក្រែនដើម្បីតស៊ូនៅក្នុងសង្គ្រាម។ លោកថ្លែងថារដ្ឋជាសមាជិកអង្គការណាតូជាអ្នកចេញលុយ។
ប៉ុន្តែមានរឿងច្រើនដែលនៅស្រពេចស្រពិល។ ឧទាហរណ៍ គេមិនទាន់ដឹងច្បាស់ថាតើបរិមាណអាវុធ និងប្រភេទអាវុធណាខ្លះដែលត្រៀមបញ្ជូនទៅ។ ម៉្យាងទៀតគេក៏មិនទាន់ដឹងថាតើត្រូវបញ្ជូនទៅលឿនកម្រិតណា និងត្រូវបង់លុយតាមវិធីណា។ មន្ត្រីរដ្ឋាភិបាលអាមេរិកខ្លះស្នើជាយោបល់ថាបណ្ដាប្រទេសនៅអឺរ៉ុបគួរដកយកអាវុធពីឃ្លាំងរបស់ខ្លួនទៅឱ្យអ៊ុយក្រែនសិន។ រួចហើយ ពួកគេកុម្ម៉ង់ទិញអាវុធពីអាមេរិកដើម្បីដាក់បំពេញឃ្លាំងអាវុធរបស់ខ្លួនវិញ។
ប៉ុន្តែសំណើនេះមិនទាន់សម្រេចយ៉ាងណានៅឡើយទេ ដ្បិតអីប្រទេសខ្លះថ្លែងថាពួកគេមិនទាន់ដឹងសូម្បីតែថាតើអ៊ុយក្រែនត្រូវការអាវុធអ្វីខ្លះ។ បើធ្វើតាមយោបល់របស់អាមេរិក អ៊ុយក្រែនអាចទទួលបានអាវុធឆាប់រហ័ស។ ប៉ុន្តែប្រទេសដែលដកអាវុធពីឃ្លាំងរបស់ខ្លួនត្រូវប្រឈមនឹងភាពចន្លោះប្រហោងផ្នែកសន្តិសុខជាតិផ្ទាល់ខ្លួនបន្តិចហើយទម្រាំទិញអាវុធមកដាក់បំពេញឃ្លាំងរបស់ខ្លួនឡើងវិញ។
អគ្គលេខាធិការអង្គការណាតូដែលជួបលោកត្រាំនៅសេតវិមានកាលពីយប់ថ្ងៃចន្ទថ្លែងថាអាល្លឺម៉ង់, ហ្វាំងឡង់, ដាណឺម៉ាក, ស៊ុយអែត, ន័រវេ, អង់គ្លេស, ហូឡង់ និងកាណាដាចង់ចូលរួមនៅក្នុងគំនិតផ្ដួចផ្ដើមនេះ។ ប្រទេសទាំងនេះធ្លាប់ជួយអាវុធទៅអ៊ុយក្រែនច្រើនៗ។ ចំពោះសំណួរថាអាវុធកុម្ម៉ង់ទិញពីអាមេរិកតើដាណឺម៉ាកហ៊ានដកពីឃ្លាំងរបស់ខ្លួនប្រគល់ទៅឱ្យអ៊ុយក្រែនសិនបានទេ? រដ្ឋមន្ត្រីការបរទេសដាណឺម៉ាកថាយើងគ្មានប្រព័ន្ធនេះទេ (ប្រព័ន្ធការពារដែនអាកាសម៉ាកផេទ្រាត)។
អឺរ៉ុបថ្លែងថាខ្លួនត្រូវពិគ្រោះគ្នាសិនដើម្បីកំណត់ថាតើត្រូវបង់លុយថ្លៃទិញអាវុធពីអាមេរិកតាមវិធីណា។ ប្រហែលជាប្រទេសច្រើនត្រូវរួមគ្នាជាកញ្ចប់ដើម្បីទិញអាវុធពីអាមេរិក។ រដ្ឋមន្ត្រីការបរទេសស៊ុយអែតថ្លែងថាឥឡូវនេះយើងចង់ដឹងថាត្រូវច្រាកលុយគ្នាតាមវិធីណាដើម្បីទិញប្រព័ន្ធការពារដែនអាកាសម៉ាកផេទ្រាត។ រដ្ឋមន្ត្រីការបរទេសហូឡង់ថ្លែងថាប្រទេសរបស់លោកសម្លឹងមើលផែនការនេះនៅក្នុងសញ្ញាវិជ្ជមានរួចហើយ៕
ចែករំលែកព័តមាននេះ