ខេត្តសៀមរាប ៖ នៅល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានចូលរួមសហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ហុង ភា ភេទប្រុស អាយុ៣០ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិបន្ទាត់បោះ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ពាក់ព័ន្ធករណី ឆបោកតាមរយៈបណ្តាញសង្គម ដែលបានបង្កើតគណនីហ្វេសប៊ុកមួយមាន ឈ្មោះ ខ្មែរ ខ្មែរ (ប្រើប្រាស់បច្ចុប្បន្ន) និងគណនីហ្វេសប៊ុកចំនួន ០៤ទៀត ដែលមានឈ្មោះ ហុង ភា, ម៉េសៀមរាប, Ah Su, ម៉ែសៀមរាប ។
ក្នុងអំឡុងឆ្នាំ២០២៥នេះ ជនសង្ស័យខាងលើ បានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ ខ្មែរ ខ្មែរ បង្ហោះនូវរូបភាពកុមារកំព្រា ជនពិការ ដ៏គួរឱ្យសោកសង្រែង ដែលកំពុងត្រូវការថវិកាជំនួយពីសប្បុរសជន មកសង្គ្រោះបន្ទាន់ និងរូបភាពសុំជំនួយសម្រាប់កងទ័ពជាដើម ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ក្នុងគោលដៅឆបោកប្រាក់ពីប្រជាពលរដ្ឋស្លូតត្រង់ ដែលមានចិត្តអាណិតអាសូរពិតប្រាកដតាមរយៈការបរិច្ចាគថវិកា តាម QR Code ធនាគារ អេស៊ីលីដា ឈ្មោះ HONG PHEA (097..) និង ធនាគារ ABA ឈ្មោះ PHEA HONG (005..) ដែលជាគណនីធនាគាររបស់ ឈ្មោះ ហុង ភា សម្រាប់ទទួលប្រាក់ ដែលបានមកពីការឧបត្ថម្ភនានា ។
តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានបញ្ជាក់ប្រាប់ថា កន្លងមកខ្លួនបានទទួលប្រាក់ពីការបង្ហោះ ឆបោក លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សរុបជាប្រាក់ប្រហែលជា ២លានរៀល ហើយទឹកប្រាក់នោះ ខ្លួនបានយកទៅប្រើប្រាស់ ដើម្បីដោះស្រាយជីវភាព ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយសារបច្ចេកវិទ្យា AI កាន់តែមានភាពរីកចម្រើន ការបង្កើតរូបភាពសិប្បនិម្មិតនានា កាន់តែមានភាពស្រដៀងទៅនឹងរូបភាពពិតប្រាកដជាខ្លាំង ដែលធ្វើឱ្យសាធារណជនទូទៅកាន់តែមានផលពិបាកក្នុងការបែកចែករវាងរូបភាពពិតប្រាកដ និងរូបភាពសិប្បនិម្មិត។ ជនខិលខូចបានឆ្លៀតឱកាសនេះប្រើប្រាស់នូវរូបភាពសិប្បនិម្មិតទាំងនោះ ធ្វើការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម ដើម្បីស្នើសុំការបរិច្ចាគថវិកាជំនួយសប្បុរសទៅឱ្យពួកគេ ។
ស្នងការនគរបាលខេត្តសៀមរាប សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចឆបោកខាងលើ និងសូមកុំធ្វើការបរិច្ចាគប្រាក់ទៅលើមូលនិធិ ដែលគ្មានប្រភពច្បាស់លាស់តាមបណ្តាញសង្គមនានា ៕



ចែករំលែកព័តមាននេះ