ទីក្រុងបាងកក៖ រដ្ឋាភិបាលថៃបានចេញសេចក្ដីប្រកាសអាសន្នឱ្យខេត្តចំនួន៣២បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះលទ្ធភាពនៃការកើតមានជំនន់ទឹកភ្លៀង, ទឹកហូរចាក់ពីកំពូលភ្នំ និងការបាក់ដី។ អាជ្ញាធររំពឹងថានឹងមានអាកាសធាតុអាក្រក់ចាប់ពីថ្ងៃទី៦ដល់១២ ខែកក្កដា។ ដូច្នេះប្រព័ន្ធផ្ញើសារតាមទូរស័ព្ទដៃ (Cell Broadcast Service) នឹងជូនដំណឹងភ្លាមបើមានហេតុការណ៍នេះកើតឡើងនៅកន្លែងណាមួយ។ កាលពីថ្ងៃចន្ទ អាជ្ញាធរអះអាងថារបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយគឺជាការពិត។ អាជ្ញាធរបានចេញសេចក្ដីព្រមានទៅបណ្ដាខេត្តភាគខាងជើង ឦសាន ភាគកណ្ដាល និងភាគខាងត្បូង។
តំបន់ទាំងនេះត្រូវបានណែនាំឱ្យសង្កេតតាមដានក្រែងលោមានករណីទឹកដក់នៅក្នុងតំបន់ទំនាប, ទឹកឡើងខ្ពស់នៅតាមទំនប់នានាលើសពី៨០% និងការឡើងចុះនៃកម្ពស់ទឹកទន្លេមេគង្គ។ ស្ថាប័នពាក់ព័ន្ធទាំងអស់នៅតំបន់ប្រឈមបានទទួលការណែនាំរួចហើយដើម្បីត្រៀមខ្លួន២៤ម៉ោងលើ២៤ម៉ោង។ នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយបានជំរុញជាពិសេសឱ្យមន្ទីរខេត្ត-ក្រុងក្រោមឱវាទរបស់ខ្លួននៅតំបន់ប្រឈមខ្លាំងត្រូវតាមដានយ៉ាងដិតដល់បំផុតចំពោះស្ថានការណ៍ប្រែប្រួល។
ឥឡូវនេះ គេកំពុងយកចិត្តទុកដាក់ជាពិសេសតំបន់ដែលទទួលបានរបបទឹកភ្លៀងលើសពី៩០មិល្លីម៉ែត្រនៅក្នុងរយៈពេល២៤ម៉ោង និងតំបន់ដែលធ្លាប់មានប្រវត្តិកើតមានគ្រោះទឹកជំនន់ជាញឹកញាប់។ អាជ្ញាធរមូលដ្ឋានត្រូវទទួលភារកិច្ចត្រួតពិនិត្យ និងជួសជុលទំនប់ការពារទឹកជំនន់, ចំណុចដែលរាំងស្ទះទឹកហូរ និងគ្រប់គ្រងឱ្យមានប្រសិទ្ធភាពនូវប្រព័ន្ធទឹកហូរចូលសមុទ្រ។
តំបន់ទេសចរណ៍ធម្មជាតិដូចជាតំបន់ទឹកធ្លាក់ និងតំបន់រូងភ្នំក៏ត្រូវត្រួតពិនិត្យផងដែរ។ បើមានហានិភ័យកើតឡើងត្រូវបិទទីតាំងទាំងនោះជាបន្ទាន់។ បន្ថែមពីលើនេះ ទំនប់ទឹកខ្នាតតូច និងមធ្យមដែលស្តុកទឹកលើសពី៨០%នៅតាមបណ្ដាខេត្តមួយចំនួនដូចជាឡាមផាង (Lampang), ណាន (Nan), សាខន ណាខន (Kakon Nakhon), ខាឡាស៊ីន (Kalasin), ត្រាត (Trat), ស៊ូរ៉ាត ថានី (Surat Thani) និងក្រាប៊ី (Krabi) កំពុងត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់។
ក្រុមអ្នកបូមទឹកកំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីរំដោះទឹកនៅតាមអាងស្តុកទឹកលើសពីកម្រិតកំណត់ព្រោះគេរំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំងនៅពេលខាងមុខ។ បណ្ដាខេត្តដែលស្ថិតនៅតាមដងទន្លេមេគង្គក៏ត្រូវតែប្រុងប្រយ័ត្នផងដែរ។ តំបន់ទាំងនេះទំនងជារងផលប៉ះពាល់ដោយសារកម្ពស់ទឹកទន្លេដែលហក់ឡើងខ្ពស់ដោយសារភ្លៀងធ្លាក់ពីប្រទេសឡាវ។ ដូច្នេះប្រព័ន្ធផ្ញើសារតាមទូរស័ព្ទដៃនឹងជូនដំណឹងភ្លាមបើមានករណីនេះកើតឡើង៕
ចែករំលែកព័តមាននេះ